ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រធាន​រដ្ឋ​ឡាវ បន្ត​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​រវាង​ឡាវ​-​កម្ពុជា ដើម្បី​ផលប្រយោជន៍​ប្រជាជន និង​ប្រទេស​ទាំង​ពីរ

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប ឯកឧត្តម ថង​លុន…

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប ឯកឧត្តម ថង​លុន ស៊ី​សុ​លី​ត (Thongloun Sisoulith) ប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ និង​គណៈប្រតិភូ ដើម្បី​ពិភាក្សា​ការងារ នា​រសៀល​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២៤ នៅ​វិមាន​សន្តិភាព ។

ក្នុង​ឱកាស​នៃ​ជំនួប ឯកឧត្តម ប្រធាន​រដ្ឋ ថង​លុន ស៊ី​សុ​លី​ត បាន​ថ្លែងអំណរគុណ​ចំពោះ សម្តេច​ធិ​បតី ដែល​បាន​ឆ្លៀត​ពេលវេលា​ដ៏​មមាញឹក​ទទួល​ជំនួប​ពិភាក្សា​ការងារ ព្រមទាំង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​ឡាវ​-​កម្ពុជា ជា​ពិសេស​ចំពោះ​ការ​រៀបចំ​ផ្លាស់​ប្ដូរ​ថ្នាក់ដឹកនាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ពី​ជំនាន់​មុន មក​ជំនាន់​ថ្មី ដែល​បាន​ដំណើរការ​យ៉ាង​រលូន និង​ប្រកបដោយ​លទ្ធផល​ល្អ​ប្រសើរ​។

ជាមួយ​គ្នា​នេះ ឯកឧត្តម​ប្រធាន​រដ្ឋ បាន​កត់សម្គាល់​ឃើញ​ថា ក្នុង​រយៈពេល នៃ​ការ​ដឹកនាំ​របស់​សម្ដេច​ធិ​បតី ប្រមាណ​៨​ខែ​មកនេះ កម្ពុជា​មាន​ស្ថិរភាព​នយោបាយ និង​កំពុង​បោះ​ជំហាន​ទៅ​មុខ ទាំង​ទិដ្ឋភាព​សន្តិសុខ សន្តិភាព កំណើនសេដ្ឋកិច្ច និង​ទាំង​ការ​កែ​លម្អ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ។

បន្ថែម​លើ​នេះ ឯកឧត្តម ប្រធាន​រដ្ឋ ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​ភាគី​កម្ពុជា ដែល​បាន​ជួយ​គាំទ្រ​ដល់​ភាគី​ឡាវ ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​ក្នុង​ឆ្នាំ​២០២៤ ដោយ​ឡាវ​នឹង​ខិតខំ​រៀនសូត្រ​ពី​ជោគជ័យ​របស់​កម្ពុជា ដែល​បាន​ដឹកនាំ​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០២២​។
ប្រទេស​ឡាវ ក៏​នឹង​រង់ចាំ​ទទួល​ស្វាគមន៍​ជា​និច្ច​ចំពោះ​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​ធិ​បតី នៅ​ប្រទេស​ឡាវ​នា​ពេល​ខាង​មុខ ជា​ពិសេស​ក្នុង​ខណ​:​នៃ​ការ​អញ្ជើញ​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន របស់​សម្តេច​ធិ​បតី នៅ​ក្នុង​ខែតុលា ឆ្នាំ​២០២៤ ខាង​មុខ​។

ជា​ការ​ឆ្លើយ​តប សម្ដេច​ធិ​បតី បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រទេស​ឡាវ ដែល​តែងតែ​ចាត់​ទុក​កម្ពុជា​ជា​មិត្ត​ដ៏​ល្អ ជា​អ្នក​ជិតខាង​ដ៏​ប្រពៃ ជាមួយនឹង​មិត្តភាព និង​សាមគ្គីភាព​ជា​ប្រពៃណី និង​ខិតខំ​បន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​នេះ​ឱ្យ​កាន់តែ​រីក​ចម្រើន និង​ទទួល​បាន​លទ្ធផល​ផ្លែផ្កា​ថែម​ទៀត​ក្នុង​ក្របខ័ណ្ឌ នៃ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី លើ​វិស័យ​សំខាន់​ៗ​មួយ​ចំនួន រួម​មាន ៖ វិស័យ​ថាមពល កា​រត​ភ្ជាប់ កិច្ចការ​ព្រំដែន ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន កិច្ចការ​ការពារ​ជាតិ និង​សន្តិសុខ ក៏​ដូច​ជា​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ។

ពាក់ព័ន្ធ​នឹង​វិស័យ​ថាមពល សម្តេច​ធិ​បតី បាន​គូសបញ្ជាក់​ថា វិស័យ​ថាមពល មាន​សារៈសំខាន់​សម្រាប់​ប្រទេស​កម្ពុជា ជា​ពិសេស​ដើម្បី​ធានា​ឱ្យ​បាន​នូវ​សន្តិសុខ​ថាមពល និង​ធានា​បាន​នូវ​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​នៅ​ក្នុង​តំបន់ និង​ពិភពលោក ហើយ​សម្តេច​ធិ​បតី ក៏​បាន​ស្នើ​ឱ្យ​ភាគី​ឡាវ​ពិចារណា និង​រិះរក​ដំណោះស្រាយ​សម​ស្រប​នានា ដើម្បី​ធ្វើ​យ៉ាងណា​អាច​ធានា​បាន​នូវ​ការ​ផ្គត់ផ្គង់​អគ្គិសនី​មក​កម្ពុជា ប្រកបដោយ​និរន្តរភាព និង​ទាន់​ពេល​។

ចំពោះ​កិច្ចការ​ព្រំដែន ឯកឧត្តម​ប្រធាន​រដ្ឋ​ឡាវ ក៏​បាន​បញ្ជាក់​ជូន​សម្តេច​ធិ​បតី​ថា ប្រទេស​ឡាវ​ត្រៀមខ្លួន​ជា​ស្រេច​ក្នុង​ការ​ដោះស្រាយ​ជាមួយ​កម្ពុជា ដោយ​ឈរ​លើស​ទ្ធិ​សញ្ញា​កំណត់ព្រំដែន​រដ្ឋ​កម្ពុជា​-​ឡាវ ឆ្នាំ​២០២៣ ដែល​បាន​ចូល​ជា​ធរមាន ។

ចំពោះ​មុខ​សម្តេច​ធិ​បតី ឯកឧត្តម​ប្រធាន​រដ្ឋ​បាន​គូសបញ្ជាក់​ថា ទោះបីជា​មាន​បញ្ហា​ប្រឈម​នានា ដែល​កើត​មាន​ឡើង​ក្នុង​តំបន់ និង​ពិភពលោក​យ៉ាងណា​ក៏​ដោយ ក៏​ប្រទេស​ឡាវ​ នឹង​បន្ត​ប្តេជ្ញា​រក្សា​ទំនាក់ទំនង​ដ៏​ល្អ​រវាង​ឡាវ​-​កម្ពុជា និង​ខិតខំ​រក​ដំណោះស្រាយ ក្នុង​គោលដៅ​បន្ត​ចំណងមិត្តភាព សាមគ្គីភាព​ដ៏​ស្អិតរ​មួ​ត និង​យូរអង្វែង ព្រមទាំង​ជំរុញ​បន្ថែម​ទៀត​ដល់​ការ​លើកកម្ពស់​កម្រិត​ទំនាក់ទំនង​ទ្វេភាគី ដែល​នឹង​នាំ​មក​នូវ​ផលប្រយោជន៍​រួម​ជូន​ប្រជាជន និង​ប្រទេស​ទាំង​ពីរ ។

ជាទី​បញ្ចប់ សម្ដេច​ធិ​បតី ក៏​បាន​ថ្លែងអំណរគុណ និង​ជូនពរ​មហាប្រសើរ​ដល់​ឯកឧត្ដម​ប្រធាន​រដ្ឋ និង​គណៈប្រតិភូ ជាមួយនឹង​ការ​ស្វាគមន៍ និង​បដិសណ្ឋារកិច្ច​ដ៏​កក់ក្តៅ ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ