ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​គយ និង​សមត្ថកិច្ច​ពាក់ព័ន្ធ បង្ក្រាប​សាច់​នាំ​ចូល​ខុសច្បាប់ ជាង​៤​តោន

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២៤ អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បាន​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ បង្ក្រាប​បំណែក​សាច់​នាំ​ចូល​ខុសច្បាប់​ចំនួន ២​ករណី ស្មើនឹង…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២៤ អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បាន​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ បង្ក្រាប​បំណែក​សាច់​នាំ​ចូល​ខុសច្បាប់​ចំនួន ២​ករណី ស្មើនឹង ៤,៥៥០​គីឡូក្រាម ដែល​នាំ​ចូល​គ្មាន​ឯកសារ វេច​ខ្ចប់​គ្មាន​អនាម័យ និង​ដឹក​ជញ្ជូន​មិន​ត្រឹមត្រូវ​តាម​ស្តង់ដារ នាំ​ឱ្យ​ខូចគុណភាព​មិន​អាច​ប្រើប្រាស់​បាន ។

ករណី​ទី​១ ៖ បំណែក​សាច់​ក្របី​បង្កក ចំនួន ៣,៥០០​គីឡូក្រាម ត្រូវ​បាន​មន្ត្រី​ការិយាល័យ​ស្រាវជ្រាវ​និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​២ នៃ​នាយកដ្ឋាន​បង្ការ និង​បង្ក្រាប​បទល្មើស សហការ​ជាមួយ​មន្ត្រី​រាជ​អាវុធហត្ថ បង្ក្រាប​បាន និង​ដកហូត​ពី​ឈ្មួញ ដែល​ដឹក​ជញ្ជូន​តាម​រថយន្ត​ដឹក​អ្នកដំណើរ ៣​គ្រឿង បង្កប់​ជាមួយ​ទំនិញ​ផ្សេង នាំ​ចូល​មក​ផ្ទៃក្នុង​ប្រទេស​ដោយ​ខុសច្បាប់ តាម​ច្រករបៀង​ក្នុងភូមិ​សាស្ត្រ​ស្រុក​ស្វាយ​ជ្រុំ ខេត្តស្វាយរៀង កាលពី​យប់​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២៤ ។

ករណី​ទី​២ ៖ ជើង​ទា ពោះគោ ជើង​ជ្រូក និង​គ្រឿងក្នុង​ជ្រូក ចំនួន ១,០៥០​គីឡូក្រាម ត្រូវ​បាន​មន្ត្រី​ការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​៥ នៃ​នាយកដ្ឋាន​បង្ការ និង​បង្ក្រាប​បទល្មើស សហការ​ជាមួយ​មន្ត្រី​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​ខេត្តបន្ទាយមានជ័យ មន្ត្រី​នគរបាល និង​មន្ត្រី​រាជ​អាវុធហត្ថ ធ្វើការ​ដុត​កម្ទេច បន្ទាប់​ពី​បាន​បង្ក្រាប និង​ដកហូត​ពី​ឈ្មួញ​ដែល​ដឹក​ជញ្ជូន​ដោយ​រ៉ឺ​ម៉ក​ម៉ូតូ នាំ​ចូល​មក​ផ្ទៃក្នុង​ប្រទេស​ដោយ​ខុសច្បាប់ តាម​ច្រករបៀង​ក្នុងភូមិ​សាស្ត្រ​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ កាលពី​យប់​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២៤​។ សាច់​បង្កក​ខុសច្បាប់​នេះ នឹង​ត្រូវ​ដុត​កម្ទេច​នៅ​ថ្ងៃស្អែក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ