ប្រធានរដ្ឋឡាវមកដល់កម្ពុជា ក្រោយប្រមុខរដ្ឋមន្ត្រីការបរទេសចិន ចាកចេញពីកម្ពុជា
រាជធានីភ្នំពេញ ៖ ប្រធានរដ្ឋឡាវ បានធ្វើទស្សនកិច្ចជាផ្លូវការ នៅក្នុងប្រទេសកម្ពុជា រយៈពេលពីថ្ងៃ។ ការមកទស្សនកិច្ចនេះ បន្ទាប់ពីលោក វ៉ាង យី…
រាជធានីភ្នំពេញ ៖ ប្រធានរដ្ឋឡាវ បានធ្វើទស្សនកិច្ចជាផ្លូវការ នៅក្នុងប្រទេសកម្ពុជា រយៈពេលពីថ្ងៃ។ ការមកទស្សនកិច្ចនេះ បន្ទាប់ពីលោក វ៉ាង យី…
រាជធានីភ្នំពេញ ៖ ប្រធានរដ្ឋឡាវ បានធ្វើទស្សនកិច្ចជាផ្លូវការ នៅក្នុងប្រទេសកម្ពុជា រយៈពេលពីថ្ងៃ។ ការមកទស្សនកិច្ចនេះ បន្ទាប់ពីលោក វ៉ាង យី (WANG Yi) រដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋប្រជាមានិតចិន បានចាកចេញពីកម្ពុជា ក្រោយទស្សនកិច្ចជាផ្លូវការ។
ឯកឧត្តម ថងលុន ស៊ីសុលីត (Thongloun SISOULITH) ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងលោកជំទាវ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកដល់កម្ពុជាហើយ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ តាមជើងយន្តហោះពិសេស ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣-២៤ ខែមេសា ឆ្នាំ២០២៤ ដែលជាការតបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។
បើតាមកម្មវិធី ដែលបានចេញផ្សាយដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ក្នុងអំឡុងពេលទស្សនកិច្ចនេះ ឯកឧត្តមប្រធានរដ្ឋឡាវ នឹងជួបគាល់សវនាការជាមួយ ព្រះករុណា ព្រះមហាក្សត្រ នៅព្រះបរមរាជវាំង ។
ឯកឧត្តមប្រធានរដ្ឋ ក៏នឹងមានជំនួបសម្តែងការគួរសមដាច់ដោយឡែកជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
ភាគីទាំងពីរ នឹងពិភាក្សាអំពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី រួមទាំងបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផល ប្រយោជន៍រួម ។
ឯកឧត្តមប្រធានរដ្ឋឡាវ នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌបតម្កល់ព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ«ព្រះបរមរតនកោដ្ឋ»អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។
គួរបញ្ជាក់ដែរថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋឡាវនៅពេលនេះ នឹងក្លាយជាព្រឹត្តិការណ៍ដ៏មានសារសំខាន់ក្នុងការពង្រឹង និងលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនងដ៏ល្អប្រសើរ អ្នកជិតខាងល្អ ទំនាក់ទំនងជាបងប្អូន និងសាមគ្គីភាព ព្រមទាំងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ដើម្បីវិបុលភាពរួមនៃ ប្រទេសទាំងពីរ ៕
ចែករំលែកព័តមាននេះ