រាជធានីភ្នំពេញ ៖ ប្រធានរដ្ឋរបស់ប្រទេសឡាវ បានប្រកាសគាំទ្រចំពោះគម្រោងព្រែកជីក ហ្វូណន របស់កម្ពុជា ព្រោះវាមិនបានប៉ះពាល់អ្វីដល់ឡាវនោះទេ ។
ការគាំទ្រនេះ ក្នុងជំនួបពិភាក្សាទ្វេរភាគីរវាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាជាមួយឯកឧត្តម ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា ។
ក្នុងជំនួបសម្ដចតេជោ ក៏បានស្នើសុំឲ្យឯកឧត្ដម ប្រធានរដ្ឋឡាវ គាំទ្រនូវគម្រោងព្រែកជីកហ្វូណន របស់កម្ពុជា ពីព្រោះ ព្រែកជីកនេះគឺមិនមានការប៉ះពាល់ដល់បរិស្ថាន ឬក៏លំហូរចរន្តទឹកអ្វីនោះទេ តែព្រែកជីកនេះ គឺជាការតភ្ជាប់រវាងទន្លេបាសាក់ ដើម្បីទៅកាន់សមុទ្រកម្ពុជា ហើយប្រធានរដ្ឋឡាវ បានគាំទ្រ ចំពោះគម្រោងនេះផងដែរ ។
ចំពោះដំណើរទស្សនកិច្ចជាផ្លូវការរបស់ឯកឧត្តម ថងលុន ស៊ីសុលីត (Thongloun Sisoutlith) ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅក្នុងប្រទេសកម្ពុជា រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់២៤ ខែមេសា ឆ្នាំ២០២៤
សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស ឯកឧត្តម ប្រធានរដ្ឋឡាវ និងបានចាត់ទុកថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តម ថងលុន នៅកម្ពុជានាពេលនេះ នឹងពង្រឹងថែមទៀត នូវទំនាក់ទំនង រវាងប្រទេស និងប្រជាជន នៃប្រទេសទាំង២ ដែលជាបងប្អូន ជាអ្នកជិតខាងល្អ ហើយនៅថ្ងៃស្អែកនេះ គណបក្សទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សបដិវត្តន៍ឡាវ នឹងកិច្ចប្រជុំរួមគ្នាផងដែរ ។
សម្ដេចតេជោ បានសម្តែងការរីករាយ ដោយឃើញថា ក្នុងរយៈពេលចុងក្រោយនេះ គឺមានការផ្លាស់ប្តូរទស្សនកិច្ច ទៅវិញទៅមកជាញឹកញាប់ ដោយសម្ដេចតេជោ ក៏បានទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវ ហើយក្រោយមក ប្រធានសភាកម្ពុជា ក៏បានទៅធ្វើទស្សនកិច្ចនៅប្រទេសឡាវ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏ទើបនឹងបានបំពេញទស្សនកិច្ចនៅប្រទេសឡាវ ហើយនៅពេលនេះ ប្រធានរដ្ឋឡាវ ក៏បានមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ហើយជាមួយគ្នានេះដែរ សម្តេចតេជោ ក៏បានឆ្លៀតសម្តែងការអរគុណចំពោះលិខិតអបអរសាទរ ពីថ្នាក់ដឹកនាំឡាវ ចំពោះជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតព្រឹទ្ធសភា កន្លងទៅនេះ និងអបអរសាទរចំពោះសម្ដេចតេជោ ដែលត្រូវបានជ្រើសតាំងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ។
ចំណែក ឯកឧត្ដម ប្រធានរដ្ឋឡាវ បានសម្តែងការរីករាយ ដែលបានបំពេញទស្សនកិច្ចនៅកម្ពុជា នាពេលនេះ ហើយក៏បានជួប សម្តេចតេជោ ដែលជាមិត្តភក្តិចាស់ ជាគ្រូ ហើយសម្ដេចតេជោ គឺមានបទពិសោធច្រើន ក្នុងការដឹកនាំប្រទេសកម្ពុជា ឲ្យមានការអភិវឌ្ឍ មានការរីកចម្រើន ហើយដោយថា សម្ដេចតេជោ ជាប្រធានគណបក្សផងនោះ ទោះបីជាសម្តេចធ្វើជាប្រធានព្រឹទ្ធសភា ក៏សម្ដេចនៅតែអាចគ្រប់គ្រង និងដឹកនាំ ឲ្យមានដំណើរប្រព្រឹត្តទៅយ៉ាងល្អរបស់កម្ពុជា ក៏ដូចជាស្ថាប័នផ្សេងៗទៀត ។
ហើយជាថ្មីម្តងទៀត ឯកឧត្ដម ប្រធានរដ្ឋឡាវ ក៏ដូចជា រដ្ឋសភា និងប្រជាជនឡាវ បានអបអរសាទរចំពោះគណបក្សប្រជាជន និងអបអរសាទរយ៉ាងកក់ក្តៅចំពោះសម្តេចតេជោ ត្រូវបានជ្រើសតាំងជាប្រធានព្រឹទ្ធសភា ។
ឯកឧត្ដម ប្រធានរដ្ឋ ក៏បានរៀបរាប់ថា មុននេះ ឯកឧត្ដម បានចូលជួបសវនាការ ជាមួយ ព្រះករុណា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងបរិយាកាសរីករាយ កក់ក្ដៅ ជាទីបំផុត ។
ប្រធានរដ្ឋឡាវ ក៏បានថ្លែងអំណរគុណចំពោះ សម្តេចតេជោ ប្រធានរដ្ឋសភា ដែលជានិច្ចកាលបានជួយគាំទ្រឡាវ ហើយឯកឧត្ដមប្រធានរដ្ឋ ក៏បានកត់សម្គាល់ នៃការរីកចម្រើនរបស់កម្ពុជា ហើយរីករាយ ដែលបានមកកម្ពុជាជាបន្តបន្ទាប់ ដោយការបំពេញទស្សនកិច្ច ហើយក៏បានចូលរួមកីឡាស៊ីហ្គេមកន្លងទៅនេះ ដែលកម្ពុជាបានប្រារព្ធធ្វើឡើងប្រកបដោយជោគជ័យ ហើយនៅពេលនេះបានបំពេញទស្សនកិច្ចនៅកម្ពុជាថែមទៀត ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ។
ឯកឧត្ដម ប្រធានរដ្ឋឡាវ ក៏បានសម្តែងក្តីសង្ឃឹមថា ក្នុងឋានៈសម្តេចតេជោ ជាប្រធានព្រឹទ្ធសភា ទំនាក់ទំនងរវាងអង្គការនីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ នឹងកាន់តែល្អប្រសើរថែមទៀត ក្នុងការលើកកម្ពស់កម្រិតដៃគូ ដែលប្រទេសយើងជាដៃគូជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាមួយគ្នានេះ យើងបានរួមដំណើរក្នុងការកសាងសមត្ថភាព ហើយ សម្តេចតេជោ និង ឯកឧត្តម ថង លុន បានធ្វើកិច្ចការជាច្រើនដើម្បីត្រួសត្រាយសម្រាប់ក្មេងជំនាន់ក្រោយជាពិសេសលើ បញ្ហាព្រំដែន គឺខិតខំដោះស្រាយយ៉ាងណាដើម្បីឲ្យកូនចៅជំនាន់ក្រោយកុំឲ្យមានបញ្ហា ។
សម្ដេចតេជោ បានមានប្រសាសន៍បន្តថា ទំនាក់ទំនងរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សបដិវត្តន៍ឡាវ គឺមានរយៈពេលជាង៤០ឆ្នាំមកហើយ ចាប់តាំងពីប្រទេសយើងទាំង២ មានទំនាក់ទំនងគ្នា ដែលនៅពេលនោះ គណបក្សប្រជាជនកម្ពុជា បានគ្រប់គ្រងអសនៈ២ភាគ៣ ។ ហើយយើងបានធ្វើការជាមួយគ្នាជាច្រើនឆ្នាំ ដោយសម្រេចបានជោគជ័យត្រចះត្រចង់។
ឯកឧត្តម ថងលូន បានរំលឹកនៅពេល ដែលឯកឧត្ដម បានជួបសម្តេចតេជោ ដំបូងគឺនៅទីក្រុងមូស្គូ ក្នុងពេលដែលសម្ដេចតេជោ ជារដ្ឋមន្ត្រីការបរទេស ដែលពេលនោះ ឯកឧត្ដមប្រធានរដ្ឋឡាវ បានជួយសម្របសម្រួលអោយមានជំនួបជាមួយភាគីថៃ និងបានជួយគ្នាជាបន្តបន្ទាប់ផងដែរ ។
សម្ដេចតេជោ ក៏បានធ្វើការកត់សម្គាល់ថា ក្នុងរយៈពេល៨ខែចុងក្រោយនេះ ការសម្រេចឲ្យមានផ្លាស់ប្ដូរផ្ទេរអ្នកជំនាន់ចាស់ឲ្យទៅះកនជំនាន់ថ្មី គឺជាទស្សនៈដ៏ត្រឹមត្រូវ ដោយកម្ពុជា នៅតែមានស្ថិរភាពនយោបាយ មានកំណើនសេដ្ឋកិច្ចរឹងមាំ ចំណូលថវិកាជាតិមានកំណើន និងមិនមានវិបត្តិកើតឡើង។ ហើយតាមការស្ទង់មតិជំនឿ លើការដឹកនាំរបស់ សម្ដេចធិបតី នាយករដ្ឋមន្ត្រី ក៏មានការកើនឡើងជាបន្តបន្ទាប់ តែទោះយ៉ាងណាក៏ដោយគណបក្សប្រជាជនកម្ពុជា ក៏មិនព្រងើយកន្តើយក្នុងការត្រៀមខ្លួន ដើម្បីជោគជ័យក្នុងការបោះឆ្នោតឆ្នាំ២០២៧-ឆ្នាំ២០២៨ ខាងមុខនេះដែរ ។
ទាក់ទងនឹង វិស័យសេដ្ឋកិច្ច ទេសចរ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានសម្តែងការរីករាយចំពោះកិច្ចសហប្រតិបត្តិការ ដែលយើងមានសព្វថ្ងៃ ដោយទំហំពាណិជ្ជកម្មមានការកើនឡើង កម្ពុជាបានទិញអគ្គិសនីពីប្រទេសឡាវច្រើន ហើយឡាវក៏បានប្ដេជ្ញាខិតខំប្រមូលអគ្គិសនី ផ្ដល់ឲ្យកម្ពុជា ឲ្យបានគ្រប់គ្រាន់ និងពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការវិស័យថាមពលនេះ ហើយក្រៅពីនោះ ពាក់ព័ន្ធវិស័យទេសចរណ៍ក៏ល្អប្រសើរ ដោយយើងបានធ្វើការហោះហើរត្រង់ឡើងវិញ ចំនួនទេសចរក្រៅប្រទេសមកកម្ពុជា ហើយក៏មានពីកម្ពុជា បន្តទៅឡាវមានការកើនឡើងជាបន្តបន្ទាប់ ។
សូមរំលឹកថា គម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រវែង ១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៉ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ ផ្លូវទឹកនេះនឹងមានទទឹងមុខកាត់ផ្នែកខាងលើប្រវែង១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) មានគន្លងនាវាចរណ៍ចំនួន ២គន្លង អាចចេញ-ចូល និងជៀសគ្នាបានដោយសុវត្ថិភាព ។
គម្រោងនេះនឹងសាងសង់សន្ទះផ្លូវនាវាចរណ៍ចំនួន៣កន្លែង, សាងសង់ស្ពានចំនួន ១១កន្លែង, សាងសង់ផ្លូវអមសាងខាងប្រវែង ២០៨គីឡូម៉ែត្រ និងមានបំពាក់សញ្ញាជំនួយនាវាចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ទន្លេផ្សេងៗទៀតផងដែរ។ ការសាងសង់គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹងចំណាយទុនវិនិយោគ ១,៧០០លានដុល្លារ និងរយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ៕



ចែករំលែកព័តមាននេះ