ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​ចារកម្ម​អ៊ីស្រាអែល​ចុះ​ពី​តំណែង​ព្រោះ​មិន​អាច​ទប់​ស្កាត់​ក្រុម​ហាម៉ា​ស់

1 ឆ្នាំ មុន

ទី​ក្រុង​យេរូសាឡឹម៖ ​ប្រធាន​ក្រុម​ស៊ើប​ការណ៍​សម្ងាត់​របស់​អ៊ីស្រាអែល​ប្រកាស​ចុះ​ចេញ​ពី​តំណែង​​​​​ព្រោះ​​មិន​អាច​ទប់​ស្កាត់​ផែន​ការ​វាយ​ប្រហារ​របស់​ក្រុម​​ហាម៉ាស់​កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០២៣ ដែល​នាំ​ឱ្យ​ស្លាប់​មនុស្ស​១២​០០​នាក់ និង​ចាប់​ពង្រត់​២៥០​នាក់​។ កាល​នោះ ក្រុម​ហាម៉ាស់​វាយ​ប្រហារ​​ជើង​គោក ជើង​ទឹក ​ជើង​អាកាស​…

ទី​ក្រុង​យេរូសាឡឹម៖ ​ប្រធាន​ក្រុម​ស៊ើប​ការណ៍​សម្ងាត់​របស់​អ៊ីស្រាអែល​ប្រកាស​ចុះ​ចេញ​ពី​តំណែង​​​​​ព្រោះ​​មិន​អាច​ទប់​ស្កាត់​ផែន​ការ​វាយ​ប្រហារ​របស់​ក្រុម​​ហាម៉ាស់​កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០២៣ ដែល​នាំ​ឱ្យ​ស្លាប់​មនុស្ស​១២​០០​នាក់ និង​ចាប់​ពង្រត់​២៥០​នាក់​។ កាល​នោះ ក្រុម​ហាម៉ាស់​វាយ​ប្រហារ​​ជើង​គោក ជើង​ទឹក ​ជើង​អាកាស​ និង​បាញ់​រ៉ុក​កែត​ជាង​៥​ពាន់​គ្រាប់​។​​

គេ​គិត​ថា​ក្រោយ​ការ​លា​លែង​របស់​ឧត្ដម​សេនីយ៍​អាហារ៉ូន ហាលីវ៉ា (Aharon Haliva)​ ប្រហែល​ជា​មាន​អ្នក​របូ​ត​​តំណែង​​រពុយ​ៗ​​ជា​បន្ត​ទៀត​ព្រោះ​នេះ​​ជា​រឿង​ធំ​ណាស់​ មិន​អាច​លេង​សើច​បាន​ឡើយ។​​ អ៊ីស្រាអែល​ពិត​ជា​មាន​អារម្មណ៍​អាម៉ាស់​មុខ​យ៉ាង​ខ្លាំង​ដែល​ក្រុម​ហាម៉ាស់​តូច​តែ​មួយ​​មិន​ដឹង​ពួកគេ​បាន​គ្រាប់​រ៉ុក​កែត​មក​ពី​ណា​​អី​ក៏​ច្រើន​ម៉្លេះ​​បាញ់​សម្រុក​ទៅ​លើ​អ៊ីស្រាអែល​​?

នៅ​ក្នុង​លិខិត​​​លាលែង​ពី​តំណែង​នោះ​ លោក​មេ​ចារកម្ម​រូប​នេះ​​ទទួល​ស្គាល់​អំពី​ចំណុច​ខ្វះ​ខាត​ដែល​​ក្រុម​ការ​ងារ​របស់​លោក​​មិន​អាច​ចាត់​វិធាន​ការ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ខ្ពស់​​​​។ អីចឹង​ហើយ​បាន​ជា​ក្រុម​ហាម៉ាស់​អាច​វាយ​ប្រហារ​ទៅ​លើ​មហា​អំណាច​​​នៅ​តំបន់​មជ្ឈិម​បូព៌ា​មួយ​នេះ​បាន​សម្រេច​​។ លោក​សោក​ស្ដាយ​។ មិន​គួរ​ណា​ថ្នាក់​លើ​ខំ​ផ្ញើ​​សេចក្ដី​ទុក​ចិត្ត​​ដូច​ឃ្មុំ​ផ្ញើ​សំបុក​ទុក​ចិត្ត​បង្គង​ បែរ​ជា​ក្រុម​របស់​លោក​ធ្វើ​ឱ្យ​គេ​ខក​បំណង​អស់​រលីង​​។ ខក​នេះ​មិន​មែន​ខក​តិច​តួច​ទេ​ ធ្វើ​ឱ្យ​មនុស្ស​ខក​ចិត្ត​មួយ​នគរ​​។

​រឿង​នេះ​ជា​រឿង​របស់​ជាតិ​​ថែម​ទៅ​ទៀត​។ ដូច្នេះ​ធំ​ធេង​ណាស់​។ លោក​នឹង​ដេក​​ឱប​ទុក្ខ​សោក​ជា​រៀង​រហូត​។ វិប្បដិ​សារី​ជេរ​ស្ដី​លោក​អស់​​មួយ​ជីវិត​។ នឹក​ឃើញ​រឿង​នេះ​កាល​ណា​​ឱរា​ពើត​ផ្សា​បៀម​ទុក​រីង​រៃ​នៅ​ក្នុង​ចិត្ត​​ឥត​ល្ហែ​ល្ហើយ​។ ខាង​លើ​នេះ​ជា​អ្វី​ដែល​លោក​​​សរ​សេរ​រៀប​រាប់​នៅ​ក្នុង​សារ​លិខិត​លាលែង​ពី​តំណែង​។ ស្ដាប់​ទៅ​លន្លង់​លន្លោច​សឹង​​តែ​ស្រក់​ទឹក​ភ្នែក​​ម្ដង​ៗ។

លោក​ហាលីវ៉ា​នឹង​បន្ត​កាន់​តំណែង​​ជា​មេ​ចារកម្ម​ស្ដី​ទី​​ជា​បណ្ដោះ​អាសន្ន​រហូត​ដល់​មាន​អ្នក​មក​ជំនួស​ថ្មី​។ ប៉ុន្តែ​គេ​គិត​​ថា​ភារកិច្ច​សំខាន់​ៗ​ប្រហែល​ជា​គេ​ដក​ហូត​អស់​ហើយ។​ គ្រាន់​តែគេ​​ឱ្យ​គាត់​​​អង្គុយ​នៅ​​កន្លែង​ធ្វើ​ការ​កុំ​ឱ្យ​ទំនេរ​កៅ​អី​តែ​ប៉ុណ្ណោះ​។ មាន​ន័យ​ថា​ជា​មុខ​​មុខ​តំណែង​ខ្យល់​។ គាត់​ថា​​គាត់​ចង់​ចុះ​ពី​តំណែង​យូរ​មក​ហើយ​តាំង​ពី​ក្រោយ​ព្រឹត្តិ​ការណ៍​ថ្ងៃ​ទី​៧​ ខែ​តុលា​​មក​ម៉្លេះ​។

​ប៉ុន្តែ​​​គ្រាន់​តែ​​ក្រុម​ហាម៉ាស់​ទើប​តែ​វាយ​ប្រហារ​ពី​ថ្ងៃ​មិន​ទាន់​ប៉ុន្មាន​ម៉ោង​ផង​ស្រាប់​តែ​យប់​ឡើង​អ៊ីស្រាអែល​ពន្លះ​មួយ​ក្ឌាំង​ទៅ​លើ​តំបន់​ហ្កាហ្សាបណ្ដាល​ឱ្យ​​​ស្លាប់​​មនុស្ស​ជាង​៥​០០​នាក់​​ត្រឹម​តែ​មួយ​យប់​។ ​ស្ថាន​ការណ៍​បន្ទាន់​បែប​នេះ​ធ្វើ​​ឱ្យ​មេចារកម្ម​អ៊ី​ស្រាអែល​រក​ដក​ឃ្លា​មិន​រួច​។ ម៉្លោះ​ហើយ​ត្រូវ​តែ​ជម្រុល​ដំណើរ​ការ​ងារ​របស់​គាត់​ទៅ​មុខ​ទៀត​​ព្រោះ​ជាតិ​កំពុង​​​ត្រូវ​ការ​គាត់​​។​

​​ក្រោយ​មក​ គាត់​គិត​ថា​ប្រហែល​នៅ​​ត​ទៅ​ទៀត​មិន​កើត​ទេ​នៅ​​ពេល​រដ្ឋា​ភិបាល​ចាប់​ផ្ដើម​ស៊ើប​អង្កេត​ផ្ទៃ​ក្នុង​។ ​​ការ​ប្រកាស​លាលែង​ពី​តំណែង​នេះ​កើត​ឡើងចំ​ពេល​ជន​ជាតិ​ជ្វីប​ចាប់​ផ្ដើម​ឈប់​សម្រាក​វិស្ស​ម​កាល​​ និង​ក៏​ស្រប​ពេល​ដែល​អ៊ីស្រាអែល​ចាប់​ផ្ដើ​មវាយ​ប្រហារ​​​ចូល​តំបន់​រ៉ាហ្វា​ជា​បណ្ដើរ​ៗ​ហើយ​​។ ទោះ​បី​នរណា​ឱ្យ​យោបល់​យ៉ាង​ណា​ក៏​អ៊ីស្រាអែល​មិន​ព្រម​ស្ដាប់​ដែរ។​​

ការ​លាលែង​ពី​តំណែង​របស់​មេ​ចារកម្ម​ថ្នាក់​ជាតិ​នៅ​ក្នុង​កាលៈ​ទេសៈ​នេះ​ពិត​ជា​សញ្ញា​មិន​ល្អ​ទាល់​តែ​សោះ​​​។ ពោល​គឺ​លា​លែង​ចំ​​ពេល​សង្គ្រាម​​ដើរ​ដល់​ចំណុច​​របត់​ថ្មី និង​មាន​លក្ខណៈ​​ស្មុគ​ស្មាញ​ជាង​មុន​។ នៅ​ទល់​ដែន​រវាង​អ៊ីស្រាអែល និង​លីបង់​ ក្រុម​ហេស្បូឡា​ក៏​កំពុង​​វាយ​យ៉ាង​រន្ថើន​ផង​ដែរ។ ម៉្យាង​ទៀត ​​អ៊ីស្រាអែល និង​អ៊ីរ៉ង់​នៅបន្ត​​​សង្គ្រឺត​ធ្មេញ​​ដាក់​គ្នា​​​នៅ​ឡើយ​ទេ​​។​

អ្នក​ជំនាញ​ខាង​វិស័យ​ការ​ពារ​ជាតិ​យល់​ថា​ការ​ដែល​មន្ត្រី​ចារ​កម្ម​លាលែង​ពី​តំណែង​នៅ​ក្នុង​ស្ថាន​ភាព​បែប​នេះ​មិន​ល្អ​ទាល់​តែ​សោះ​ព្រោះ​ប្រទេស​ជាតិ​កំពុង​តែ​ហ៊ុមព័ទ្ធ​ដោយ​សត្រូវ​ជុំ​ទិស។ នៅ​ពេល​កំពុង​​ត្រូវ​ការ​កម្លាំង​ដើម្បី​ជ្រួយ​​ស្រោច​ស្រង់​ជោគ​វាសនា​-​អនាគត​របស់​ជាតិ​ យើង​បែរ​ជា​លាលែង​ដើម្បី​យក​រួច​ខ្លួន​។ វា​ជា​ការ​បង្ហាញ​នូវ​ភាព​កម្សោយ​ឱ្យ​សត្រូវ​ ឬ​ក្រុម​អ្នក​ដែល​ចាំ​តែ​ជាន់​ពន្លិច​សើច​ចម្អក​។​ ​​ប៉ុន្តែ​ពាក្យ​ទំនឹម​ទំនៀម​មួយ​ឃ្លា​ពោល​ថា​ «បើ​គ្មាន​ភ្លើង​​ក៏​គ្មាន​ផ្សែង​ដែរ»។ បើ​មេ​ចារកម្ម​រូប​នេះ​មិន​ទទួល​រង​ការ​​​ជេរ​ប្រទេច​ផ្ដាសា​ឡើង​បោរ​មុខ​ទេ ​​គាត់​​ក៏​មិន​​​លាលែង​ពី​តំណែង​ដែរ​។

ធម្មតា​មនុស្ស​​យើង​ស្រឡាញ់​អំណាច​សឹង​ស្លាប់​។ រឿង​អី​នៅ​សុខ​ៗ​ចុះ​ពី​តំណែង។​ កុំ​ថា​ឡើយ​ដល់​អំណាច​នៅ​ក្នុង​ស្ថាប័ន​របស់​រដ្ឋ​ សូម្បី​តែ​តួ​នាទី និង​មុខ​តំណែង​កំប៉ិក​កំប៉ុក​នៅ​ក្នុង​វិស័យ​ឯក​ជន​ក៏​អ្នក​ខ្លះ​មិន​ចង់​ចុះចេញ​​ផង​។ រឿង​នេះ​ច្បាស់​ណាស់​។ ឧត្ដម​សេនីយ៍​ហាលីវ៉ា​ និង​មន្ត្រី​ក្រោម​ឱវាទ​របស់​គាត់​ពេល​ខ្លះ​​​ក្រពុល​មុខ​ខ្លាំង​​ពេក​​​និយាយ​ត្រង់​ៗ​ជា​សាធារណៈ​​​ដើម្បី​ឱ្យ​ធូរ​ទ្រូង​ខ្លះ​។ ​ពួក​គេ​ប្រាប់​ថា​ខ្លួន​​ទទួល​រង​ការ​​ស្ដី​បន្ទោស​ធ្ងន់​ៗ​ណាស់​ពី​បទ​បណ្ដោយ​ឱ្យ​ក្រុម​ហាម៉ាស់​វាយ​ប្រហារ​អ៊ីស្រាអែល​កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០២៣​៕​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ