ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

IEA ព្យាករណ៍ថា ការលក់រថយន្ត២ប្រភេទនេះ នឹងកើនឡើងដល់កំណត់ត្រាថ្មីនៅឆ្នាំនេះ

1 អាទិត្យ មុន

ប្រទេសបារាំង ៖ យោងតាមការព្យាករណ៍ពីទីភ្នាក់ងារថាមពលអន្តរជាតិ IEA កាលពីពេលថ្មីៗនេះ

ប្រទេសបារាំង ៖ យោងតាមការព្យាករណ៍ពីទីភ្នាក់ងារថាមពលអន្តរជាតិ IEA កាលពីពេលថ្មីៗនេះ បានបង្ហាញថា ការលក់រថយន្តអគ្គិសនី និងរថយន្តកូនកាត់ Plug-in Hybrid ដែលដំណើរការដោយម៉ាស៊ីនសាំងផង អាគុយផង និងអាចសាកអាគុយបានផងនោះ នឹងកើនឡើងដល់កំណត់ត្រាពិភពលោកថ្មីមួយនៅឆ្នាំនេះ។

យោងប្រភពពីកាសែត The Guardian របស់ចក្រភពអង់គ្លេស កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ កន្លងទៅ បានឱ្យដឹងថា ទីភ្នាក់ងារ IEA ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ប្រទេសបារាំង បានលើកឡើងថា រថយន្តអគ្គិសនីដើរដោយថាមពលអគ្គិសនីសុទ្ធ និងរថយន្តកូនកាត់ Plug-in Hybrid ចំនួន១៧លានគ្រឿង នឹងត្រូវបានលក់ចេញនៅក្នុងឆ្នាំ ២០២៤ ពោលកើនឡើងជាង ២០% បើធៀបនឹងឆ្នាំ ២០២៣។ IEA ក៏បានបន្តទៀតថា រថយន្តអគ្គិសនីភាគច្រើននឹងមានតម្លៃដូចគ្នានឹងតម្លៃរថយន្តប្រើសាំងត្រឹមឆ្នាំ ២០៣០ នៅពេលដែលតម្លៃធ្លាក់ចុះ។

កាលពីសប្តាហ៍មុន ក្រុមហ៊ុន Tesla បានបញ្ចុះតម្លៃរថយន្តនៅបណ្ដាទីផ្សារធំៗរបស់ខ្លួន ស្របពេលដែលក្រុមហ៊ុនខ្នាតយក្សរបស់សហរដ្ឋអាម៉េរិកមួយនេះ កំពុងប្រកួតប្រជែងដើម្បីរក្សាចំណែកទីផ្សាររបស់ខ្លួន ចំពេលមានការប្រកួតប្រជែងដ៏ខ្លាំងជាមួយក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំរបស់ប្រទេសចិន BYD ដែលជាគូប្រជែងដ៏ខ្លាំងក្លាបំផុតរបស់ខ្លួន។ ទោះយ៉ាងណា បណ្ដាក្រុមហ៊ុនផលិតរថយន្តកំពុងតែត្អូញត្អែរថា កំណើនតម្រូវការរថយន្តអគ្គិសនីកំពុងធ្លាក់ចុះ ដោយបង្ខំឱ្យពួកគេផ្តល់ការបញ្ចុះតម្លៃ ដើម្បីប្រកួតប្រជែងដណ្ដើមចំណែកទីផ្សារ។

លោក Fatih Birol សេដ្ឋវិទូថាមពលដែលដឹកនាំទីភ្នាក់ងារ IEA បានទទួលស្គាល់អំពីការលក់ឈរជើងរឹងមាំនៅក្នុងប្រទេសមួយចំនួន ជាងប្រទេសមួយចំនួនផ្សេងទៀត ប៉ុន្តែនៅតែមានសន្ទុះច្បាស់លាស់សម្រាប់ការផ្លាស់ប្ដូរ។ លោកបន្តថា «ជាជាងការកាត់បន្ថយ បដិវត្តន៍រថយន្តអគ្គិសនីសកលហាក់ដូចជាកំពុងត្រៀមខ្លួន សម្រាប់ដំណាក់កាលថ្មីនៃកំណើនរបស់ខ្លួន។ រលកនៃការវិនិយោគក្នុងការផលិតអាគុយបង្ហាញថា ខ្សែសង្វាក់ផ្គត់ផ្គង់រថយន្តអគ្គិសនីកំពុងឈានទៅមុខ ដើម្បីបំពេញតាមមហិច្ឆតារបស់អ្នកផលិតរថយន្តសម្រាប់ការពង្រីកទីផ្សាររបស់ខ្លួន ហើយជាលទ្ធផល រថយន្តអគ្គិសនីនៅតាមដងផ្លូវត្រូវបានរំពឹងថានឹងបន្តកើនឡើងយ៉ាងឆាប់រហ័ស។

ទីភ្នាក់ងារ IEA បានលើកឡើងទៀតថា នៅក្នុងត្រីមាសទី១ នៃឆ្នាំ ២០២៤ ការលក់រថយន្តអគ្គិសនី និងរថយន្តកូនកាត់ Plug-in Hybrid មានចំនួនច្រើនជាងការលក់នៅក្នុងឆ្នាំ ២០២០ ទាំងមូល។

យ៉ាងណាមិញ មតិមួយចំនួននៅតែលើកឡើងថា រថយន្តកូនកាត់ ឬ Hybrid នៅតែបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីតក្នុងបរិមាណច្រើននៅពេលប្រើប្រាស់ បើទោះបីជាក្រុមហ៊ុនមួយចំនួននៅក្នុងឧស្សាហកម្មរថយន្តបានអះអាងថា ប្រសិនបើប្រើប្រាស់ត្រឹមត្រូវនោះរថយន្ត Hybrid គឺជាជំហានចាំបាច់ ដើម្បីកាត់បន្ថយការបំភាយឧស្ម័នយ៉ាងណាក៏ដោយ៕ (ប្រភព ៖ The Guardian)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ