ខណៈពេលនេះ គ្រាប់ត្នោតចាប់ផ្តើមមានតម្លៃគួរឱ្យកត់សម្គាល់ ក្រោយមានយុទ្ធនាការមួយប្រមូលទិញគ្រាប់ត្នោត២ម៉ឺនគ្រាប់ ដើម្បីធ្វើរឿងមួយ ។ ប្រាកដណាស់ ដើមត្នោតមានកេរតំណែលតាំងពីបុរាណកាលមក ដែលបានដើរតួយ៉ាងសំខាន់ក្នុងជីវភាពរបស់ប្រជាពលរដ្ឋ នាសម័យមុន និងសម័យបច្ចុប្បន្នផងដែរ ។ ដើមត្នោតត្រូវបានពលរដ្ឋខ្មែរគ្រប់រូបស្គាល់ថា ដើមត្នោតជាដួងព្រលឹងរបស់អ្នកស្រែចម្ការគ្រប់រូប និងក៏ជានិមិត្តរូបជាតិខ្មែររបស់ប្រទេសកម្ពុជាផងដែរ ។

ដើមត្នោត ជារុក្ខជាតិមួយប្រភេទដែលមានដុះយ៉ាងច្រើនសន្ធឹកសន្ធាប់ នៅក្នុងប្រទេសកម្ពុជា ។ ដើមត្នោតមានដើមធំ ត្រង់ ខ្ពស់ ដែលមានកម្ពស់អាចរហូតដល់១០ម៉ែត្រ ហើយស្លឹករបស់វាស្ថិតនៅកំពូលដើម មានរាងដូចជា ផ្លិតធំៗ រឹង និងមានផ្លែជាច្រើនក្នុងធ្លាយរបស់វា ។ រុក្ខជាតិប្រភេទនេះ បានផ្ដល់សារៈប្រយោជន៍ជាច្រើនសម្រាប់ឲ្យមនុស្ស យកទៅកែច្នៃធ្វើជាសម្ភារៈប្រើប្រាស់ផ្សេងៗ និងថែមទាំងអាចយកទៅធ្វើជាអាហារបានទៀតផង ។
ខេត្តដែលសម្បូរដើមត្នោតជាងគេ គឺខេត្តកំពង់ស្ពឺ ហើយមនុស្សបាន ទទួលយកសារៈប្រយោជន៍ជាច្រើនពីដើមត្នោតដូចជា ៖ ផ្លែត្នោតខ្ចី គេអាចបរិភោគសាច់របស់វាបាន ដោយមានរសជាតិផ្អែមពិសា និងថែមទាំងអាចយកទៅធ្វើជាបង្អែមផ្សេងៗបានទៀតផងដែរ ។ មិនតែប៉ុណ្ណោះផ្លែត្នោតខ្ចី គេអាចយកទៅធ្វើជាមុខម្ហូបជាច្រើនមុខទៀត ។

ចំណែកឯផ្លែទុំវិញគេអាចយកវាទៅធ្វើជានំយ៉ាងឈ្ងុយឆ្ងាញ់បានផងដែរ ។ ហើយចំពោះស្លឹកត្នោតវិញគេអាចយកទៅត្បាញធ្វើជាសម្ភារៈមួយចំនួនមាន ៖ មួក កន្ដ្រក កន្ទេល និងថែមទាំងអាចយកទៅធ្វើជា វត្ថុអនុស្សាវរីយ៍ស្រស់ស្អាតជាច្រើន និងយកទៅវេចខ្ចប់ធ្វើនំផងដែរ ។ យ៉ាងណាមិញ នៅប្រទេសកម្ពុជាយើងខេត្តដែលសម្បូរដើមត្នោតជាងគេ គឺខេត្តកំពង់ស្ពឺ និងកំពង់ចាមជាដើម ។ តែដើមត្នោតទាំងអស់នោះ មិនទាន់ត្រូវបានដាំដុះក្នុងទ្រង់ទ្រាយជាចម្ការធំៗ ដើម្បីបម្រើដល់វិស័យទេសចរណ៍នៅឡើយទេ ។

ជាក់ស្តែងថ្មីៗនេះ ព្រះគ្រូ ភិក្ខុវជិរប្បញ្ញោ គូ សុភាព គង់នៅវត្តនិគ្រោធវ័ន ហៅវត្តគល់ទទឹង បានមានសង្ឃដីកាគួរឱ្យចាប់អារម្មណ៍មួយ ដោយព្រះអង្គបានបង្ហោះសារលើហ្វេសប៊ុកផេកផ្លូវការរបស់ព្រះអង្គថា «ជប៉ុនដាំដើមឫស្សីសម្រាប់ភ្ញៀវទេសចរ សង្ឃឹមថា ខ្មែរយើងអាចរៀបចំចម្ការត្នោតណាមួយឱ្យក្លាយជាតំបន់ទេសចរណ៍ ម្យ៉ាងទៀតក៏ជួយអភិរក្សដើមត្នោតផងដែរ» ។ ត្រង់ចំណុចនេះ តើបងប្អូនខ្មែរយើងគាំទ្រដែរ ឬទេបើសិនជាមានការរៀបចំដាំដើមត្នោតជាចម្ការធំៗ ដើម្បីបម្រើដល់វិស័យទេសចរណ៍នៅប្រទេសកម្ពុជាយើងនោះ?
ជាមួយគ្នានោះផងដែរ មហាជនអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកក៏បានចាប់អារម្មណ៍ជាខ្លាំង និងធ្វើការចែកចាយយ៉ាងផុសផុលនូវយុទ្ធនាការមួយនៃការប្រមូលទិញគ្រាប់ត្នោតដោយអង្គការក្នុងស្រុក ។ យុទ្ធនាការប្រមូលគ្រាប់ត្នោតដល់ទៅ២០០០០គ្រាប់កំពុងទាក់ទាញចំណាប់អារម្មណ៍មហាជន ពោលអាចនិយាយថា ដើមត្នោតត្រូវបានគេចាត់ចូលជារុក្ខជាតិមួយប្រភេទដែលមានសារៈបំផុតសម្រាប់ប្រជាកសិករ ព្រោះចាប់តាំងពីគល់ដល់ស្លឹកគេអាចទៅប្រើការបានរាប់សិបជំពូកនោះ ។

អង្គការសកម្មភាព ដើម្បីអភិវឌ្ឍន៍ដែលមានកាត់ថា AFD បានបង្ហោះទាក់ទងជាមួយការប្រមូលទិញគ្រាប់ត្នោតថា « តោះយើង! នាំគ្នាប្រមូលគ្រាប់ត្នោតមកដាំតាមព្រំប្រទល់ព្រៃសហគមន៍យើង ដើម្បីបង្កើនពហុប្រយោជន៍ក្នុងសហគមន៍ទាំងជីវៈចម្រុះ សេដ្ឋកិច្ច សង្គម និងការប្រែប្រួលអាកាសធាតុ»។
ទន្ទឹមគ្នានេះដែរ យុទ្ធនាការប្រមូលគ្រាប់ត្នោត ជាការចូលរួមចំណែកដល់អ្នកទាំងអស់គ្នា គឺជាកម្មភាពដ៏ល្អប្រពៃក្នុងការចូលរួមចំណែកជួយដល់ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងបង្កើនសុវត្ថិភាពដល់ព្រៃសហគមន៍ ។ ដូច្នេះសហគមន៍ព្រៃឈើ អូសោម ភ្នំដែកចំបក់ហោះ និងសហគមន៍សាមគ្គីត្រពាំងទឹម សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សមាជិកសហគមន៍ ព្រៃឈើទាំងអស់ មេត្តាចូលរួមយុទ្ធនាការប្រមូលគ្រាប់ត្នោតចំនួន ២០០០០គ្រាប់ ដើម្បីយកមកដាំតាមព្រំប្រទល់ព្រៃសហគមន៍ ។

តាមរយៈបទសម្ភាសន៍ជាមួយនឹងសារព័ត៌កមានកោះសន្តិភាព ប្រធានសហគមន៍ព្រៃឈើអូសោម អ្នកស្រី សន សុភាព និយាយថា កាលប្រមូលគ្រាប់ត្នោតអ្នកស្រីគិតថា វាមានសារៈសំខាន់សម្រាប់សហគមន៍របស់អ្នកស្រីផ្ទាល់ ។ រាល់ការប្រមូលបាននូវគ្រាប់ត្នោតនេះហើយ អ្នកស្រី សន សុភាពថា នឹងយកទៅដាំនៅក្មុងសហហគមន៍ចំនួន៥ក្នុងនោះរួមមាន ៖ ទី១សហគមន៍សាមគ្គីត្រពាំងទឹម ។ ២សហគមន៍ភ្នំដែកចំបក់ហោះ ស្ថិតនៅក្នុងខេត្តព្រះវិហារ ។ ទី៣ សហគមន៍មួយទៀតស្ថិតនៅក្នុងខេត្តកំពង់ធំមានដូចជា សហគមន៍ព្រៃឈើអូសោម សហគមន៍កន្សែងវាល និងសហគមន៍នៃអូអង្គប់ធំ ។
ចំពោះអត្ថប្រយោជន៍របស់ដើមត្នោតទៀតសោត លោកស្រីបន្តថា ដើមវាយើងអាចយកធ្វើទូក ធ្វើផ្ទះ និងរបស់ប្រើប្រាស់មួយចំនួន ស្លឹកវាយើងអាចប្រក់ដំបូល ផ្លែវាខ្ចីឬទុំយើងធ្វើបង្អែម និងអត្ថប្រយោជន៍ជាច្រើនទៀត ។ បន្ថែមពីនេះ ការដាំដុះគ្រាប់ត្នោត អាចជួយដល់អាកាសធាតុ ដីមានជីវជាតិជាដើម ។
តាមរយៈបទសម្ភាសន៍សារព័ត៌មមានកោះសន្តិភាព ប្រធានមន្ទីរទេសចរខេត្តកំពង់ឆ្នាំង លោក សេង សាលី និយាយថា ដើមត្នោតនៅក្នុងខេត្តកំពង់ឆ្នាំងផ្ទាល់ គឺមានច្រើន ដោយវាក៏ភាពទាក់ទាញមួយ ដែលបរទេសបានមកទស្សនានៅក្នុងកំពង់ឆ្នាំងអាចនឹងបានឃើញដើមត្នោត នៅពេលដែលទេសចរជិះរទះគោតាមដងផ្លូវ ជាពិសេសនៅដើមផ្លូវចូលទៅ វត្តពោធិ៍រុក្ខារាម ដែលមានអាយុកាលដ៏ចំណាស់ ជាង១០០ឆ្នាំនោះ ។ ចំពោះគ្រាប់ត្នោត លោកថា នៅក្នុងរដូវប្រាំងអាចនឹងពិបាកក្នុងការដាំដុះ ឬដាំដុះមិនសូវបានល្អ តែបើចំពោះក្នុងរដូវវស្សាអាចនឹងងាយស្រួលដាំ នេះបើតាមបទពិសោធន៍កន្លងមកដែលលោកធ្លាប់បានបណ្តុះគ្រាប់ត្នោតនោះ ។
ជាចុងក្រោយ លោក សេង សាលី សូមអំពាវនាវ អោយប្រជាពលរដ្ឋ ជួយដាំដុះថែរក្សាចំពោះដើមត្នោម ព្រោះវាជាអត្តសញ្ញាណរបស់ជាតិ ដូចនេះត្រូវចូលរួមថែមរក្សាទាំងអស់គ្នា ម្យ៉ាងទៀត ដើមត្នោមក៏ជួយការពារការឡើងកម្តៅ និងការប្រែប្រួលអាកាសធាតុផងដែរ៕ អត្ថបទ ៖ លីហួ គឹមឆាយ






ចែករំលែកព័តមាននេះ