នៅ២ឆ្នាំចុងក្រោយចំណាត់ថ្នាក់មហាអំណាចសេដ្ឋកិច្ចពិភពលោកបានប្រែប្រួល២ដងក្រោមដៃអាល្លឺម៉ង់នៅអឺរ៉ុប និងឥណ្ឌានៅអាស៊ីដែលនាំអោយនៅលើតារាងកំពូលមហាអំណាច សេដ្ឋកិច្ចពិភពលោកទាំង៥សព្វថ្ងៃនេះមានប្រទេសអាស៊ីបីប្រទេស។
តាមទស្សនាវដ្តី Forbs បានឲ្យដឹងថា សហរដ្ឋអាមេរិក និងចិននៅតែបន្តរក្សា តួនាទីជាមហាអំណាចលេខ១ និងលេខ២ តែអាល្លឺម៉ង់ដណ្តើមយកលេខ៣ ពីជប៉ុន ។ ជប៉ុនធ្លាក់មកនៅចំណាត់ថ្នាក់ជាមហាអំណាចសេដ្ឋកិច្ចទី៤ នៅឆ្នាំ២០២៤ ស្របពេលដែលឥណ្ឌាបានផ្តួលអង់គ្លេសមកកាន់កាប់តួនាទីជាមហាអំណាចសេដ្ឋកិច្ចពិភពលោកលេខ៥ នៅឆ្នាំ២០២៣ ។

១.សហរដ្ឋអាមេរិក
មកដល់ពេលនេះសហរដ្ឋអាមេរិកបានបន្តកាន់កាប់តួនាទីជាមហាអំណាចសេដ្ឋកិច្ចលេខ១ ជាមួយនឹងអត្រាផលិតផលនៅក្នុងស្រុកសរុប (GDP) ប្រមាណជា ២៧.៩៧៤ ពាន់លានដុល្លារ ស្របពេលដែលអត្រាផលិតផលនៅក្នុងស្រុកសរុប សម្រាប់ពលរដ្ឋគឺប្រមាណជា ៨៣ពាន់ដុល្លារនៅក្នុងម្នាក់ ។ សហរដ្ឋអាមេរិកបានរក្សាឋានៈរបស់ខ្លួនជាមហាសេដ្ឋកិច្ចពិភពលោកដ៏សំខាន់ និងជាប្រទេសអ្នកមានបំផុតដោយរក្សាយ៉ាងខ្ជាប់ខ្ជួននូវតំណែងកំពូលរបស់ខ្លួនចាប់តាំងពីឆ្នាំ ១៩៦០មក ដល់សព្វថ្ងៃ ។
២.ចិន
ប្រទេសចិនបានមើលឃើញនូវការកើនឡើងគួរឱ្យកត់សម្គាល់នូវវឌ្ឍនភាពសេដ្ឋកិច្ចរបស់ខ្លួន ដោយបានផ្លាស់ប្តូរពីចំណាត់ថ្នាក់ពីទី៤ ក្នុងឆ្នាំ១៩៦០ មកចំណាត់ថ្នាក់ទី២ នៅក្នុងទស្សវត្សរ៍ នៃឆ្នាំ២០០០ មកដល់ពេលនេះ ។ សេដ្ឋកិច្ចចិនភាគច្រើនពឹងផ្អែកលើការផលិតការនាំចេញ និងការវិនិយោគ ។ ចិនត្រូវបានគេដឹងថា បានក្លាយជាប្រទេសមានមោទនភាពដែលមានកម្លាំងពលកម្មយ៉ាងទូលំទូលាយ ហើយរាល់គោលនយោបាយសេដ្ឋកិច្ចតែងទទួលបានការការគាំទ្រពីរដ្ឋាភិបាលដ៏រឹងមាំ ។ ក្រៅពីនេះចិនក៏ជាប្រទេសដែលគេទទួលស្គាល់ថាមានវឌ្ឍនភាពផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងទីផ្សារអ្នកប្រើប្រាស់ដែលកំពុងពង្រីកយ៉ាងឆាប់រហ័សជាមួយនឹងGDP សរុបទំហំ ១៨.៥៦៦ ពាន់លានដុល្លារ ទោះជា GDP សម្រាប់ពលរដ្ឋម្នាក់ៗមានត្រឹមជាង១៣ពាន់ដុល្លារនៅក្នុងម្នាក់ក៏ដោយចុះ ។
៣.អាល្លឺម៉ង់
សេដ្ឋកិច្ចអាល្លឺម៉ង់ផ្តោតយ៉ាងខ្លាំងលើការនាំចេញ ហើយល្បីល្បាញដោយ សារភាពជាក់លាក់របស់ខ្លួននៅក្នុងផ្នែកវិស្វកម្ម រថយន្ត គីមី និងឱសថ ។ ប្រទេសនេះបានទទួលបានអត្ថប្រយោជន៍ពីកម្លាំងពលកម្មដ៏ជំនាញរបស់ខ្លួន ការស្រាវជ្រាវ និងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ដ៏រឹងមាំ និងការប្តេជ្ញាចិត្តយ៉ាងច្បាស់លាស់ក្នុងការជំរុញការបង្កើតថ្មី ។ អត្រាGDPសរុបរបស់ប្រទេសនេះមានទំហំ ៤.៧៣០ពាន់លានដុល្លារ ស្របពេលដែលអត្រា GDP សម្រាប់ពលរដ្ឋម្នាក់ៗ គឺជាង៥៦ ពាន់ដុល្លារ ។
៤.ជប៉ុន
សេដ្ឋកិច្ចគួរឱ្យកត់សម្គាល់របស់ប្រទេសជប៉ុនត្រូវបានសម្គាល់ដោយបច្ចេកវិទ្យាជឿនលឿន សមត្ថភាពផលិត និងវិស័យសេវាកម្ម ។ វិស័យឧស្សាហកម្មដែលលេចធ្លោរួមមានវិស័យយានយន្ត អេឡិចត្រូនិក គ្រឿងម៉ាស៊ីន និងផ្នែកហិរញ្ញវត្ថុ ។
ជាងនេះទៅទៀត ប្រទេសជប៉ុនទទួលបាននូវការទទួលស្គាល់ចំពោះក្រមសីលធម៌ការងារដែលមិនផ្លាស់ប្តូររបស់ខ្លួនបូកផ្សំនឹងការត្រួសត្រាយផ្លូវជឿនលឿនផ្នែកបច្ចេកវិទ្យា និងការនាំចេញដ៏ពិសេសប្រកបដោយគុណភាពខ្ពស់ ។ ទោះជាត្រូវចាញ់ដៃអាល្លឺម៉ង់ ប៉ុន្តែអត្រា GDP សរុប គឺនៅរឹងមាំ ដែលមានទំហំ ៤.២៩១ ពាន់លានដុល្លារ ហើយGDP សម្រាប់ពលរដ្ឋម្នាក់ៗ គឺច្រើនជាងចិន ពោល គឺជាង ៣៤ពាន់ដុល្លារនៅក្នុងម្នាក់ ។
៥.ប្រទេសឥណ្ឌា
ទោះជាអត្រា GDP របស់ពលរដ្ឋឥណ្ឌាម្នាក់ៗត្រឹមតែជិត៣ពាន់ដុល្លារពោលទាបជាង មហាអំណាចផ្សេងៗទៀតក៏ដោយចុះក៏អត្រា GDPសរុបរបស់ប្រជាជាតិ នេះមានរហូត ដល់ទៅ៤.១១២ ពាន់លានដុល្លារ ដែលល្មមនឹងផ្តួលចក្រភពអង់គ្លេសឲ្យធ្លាក់ទៅលេខ៦ ។ ប្រទេសឥណ្ឌាជាប់ចំណាត់ថ្នាក់ទី៥ដោយសារមានប្រជាពលរដ្ឋច្រើន ហើយសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌាមានភាពសម្បូរបែប និងកំណើនយ៉ាងឆាប់រហ័ស ដែលជំរុញដោយ វិស័យសំខាន់ៗដូចជា បច្ចេកវិទ្យាព័ត៌មាន សេវាកម្ម កសិកម្ម និងផលិតកម្ម ។ ប្រទេសនេះទទួលបានទុនលើទីផ្សារក្នុងស្រុកដ៏ធំទូលាយរបស់ខ្លួន កម្លាំងពលកម្មវ័យក្មេង និងជំនាញខាងបច្ចេកវិទ្យា ៕
ចែករំលែកព័តមាននេះ