ទីក្រុងបាងកក៖ នៅពេលពិភពលោកកំពុងតាមដានសភាពការណ៍រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែលដោយឥតប៉ប្រិចភ្នែក បើគេងាកមកមើលសភាពការណ៍នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ក៏មានបញ្ហាជម្លោះរវាងរបបសឹកមីនអុងឡុង និងក្រុមប្រឆាំងកំពុងតែពុះកញ្ជ្រោលផងដែរ។ ស្ថានការណ៍កាន់តែជ្រួលច្របល់ និងវឹកវរនៅតាមព្រំដែនភូមា-ថៃនៅពេលមានការប្រយុទ្ធគ្នាស៊ីសាច់ហុតឈាមរវាងបងប្អូនគូសត្រូវទាំង២នៅទីក្រុងមីយ៉ាវ៉ាឌី (Myawaddy) ដែលស្ថិតនៅជាប់នឹងព្រំដែនប្រទេសថៃតែម្ដង។

គេមិនដឹងថាក្រុមប្រឆាំងបានអាវុធមកពីណាបានជាពួកគេអាចធ្វើព្យុះធ្វើភ្លៀងដល់កម្រិតនេះ។ បើងាកទៅមើលគោលជំហររបស់រដ្ឋាភិបាលថៃវិញ ថៃមិនចូលខ្លួនពាក់ព័ន្ធនឹងជម្លោះនេះទេ។ ប្រទេសថៃចង់ដើរតួនាទីជាអ្នកកណ្ដាល ឬអ្នកអព្យាក្រឹត្យផ្សះផ្សារជម្លោះ និងគិតគូរអំពីបញ្ហាមនុស្សធម៌។ ថៃត្រៀមខ្លួនទទួលយកជនស៊ីវិលដែលរត់ភៀសខ្លួនពីភូមា។
ជនស៊ីវិលភូមានៅលើទឹកដីថៃម៉្យាងទៀត ថៃក៏កំពុងចាត់វិធានការការពារប្រជាជនរបស់ខ្លួនផងដែរ។ នាយករដ្ឋមន្ត្រីថៃ លោកសេដ្ឋា ថាក់វិស៊ីន ថ្លែងថាលោកកំពុងខ្វាយខ្វល់យ៉ាងខ្លាំងចំពោះស្ថានការណ៍វឹកវរនៅតាមព្រំដែន។ លោកត្រៀមផ្ដល់ជំនួយមនុស្សធម៌តាមតម្រូវការជាក់ស្ដែង និងត្រៀមខ្លួនការពារជនជាតិថៃទាំងអស់។ ថ្ងៃនេះ ថៃជម្លៀសមនុស្សរាប់ពាន់នាក់ចេញពីតំបន់ព្រំដែន។

របបសឹក និងក្រុមប្រឆាំងពន្លះគ្នាមួយប្រាវចាប់តាំងពីថ្ងៃសុក្ររហូតដល់ថ្ងៃសៅរ៍នេះមិនទាន់ដាច់ស្នូរគ្រាប់កាំភ្លើងនៅឡើយទេនៅក្បែរស្ពានមិត្តភាពទី២ទល់មុខស្រុកមេសូត (Mae Sot) នៃខេត្តតាក (Tak) ប្រទេសថៃ។ ជនស៊ីវិលរត់ភៀសខ្លួនចូលទឹកដីថៃដូចទឹកបាក់ទំនប់។ ទោះបីចង់អ្នកណាឃាត់ក៏ឃាត់មិនជាប់ដែរ។ លោកសេដ្ឋាសង្ឃឹមថាជម្លោះនេះនឹងមិនប៉ះពាល់បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិរបស់ថៃទេ។ បើនិយាយពីក្នុងក្របខណ្ឌមនុស្សធម៌ រដ្ឋាភិបាលរបស់លោកត្រៀមខ្លួនជួយសម្រួលបញ្ហានេះទៅតាមតម្រូវការជាក់ស្ដែង។ ទន្ទឹមនឹងនោះ រដ្ឋាភិបាលថៃនឹងខិតខំការពារពលរដ្ឋរបស់ខ្លួន។
ជនស៊ីវិលភូមានៅលើទឹកដីថៃអ្នកនាំពាក្យក្រសួងការបរទេសថៃថ្លែងថាក្រសួងបន្តតាមដានសភាពការណ៍យ៉ាងយកចិត្តទុកដាក់។ កងសន្តិសុខជាតិរបស់ថៃក៏បន្តតាមដានសភាពការណ៍នៅតាមព្រំដែនក្រែងលោប៉ះពាល់អធិបតេយ្យភាពជាតិរបស់ថៃ។ ប្រទេសថៃត្រៀមចាត់វិធានការដែលចាំបាច់ដើម្បីធ្វើឱ្យទីនេះក្លាយជាព្រំដែនសន្តិភាពសម្រាប់ការរស់នៅដោយសុខក្សេមក្សាន្តរបស់ប្រជាជន។

ថ្វីដ្បិតក្រុមប្រឆាំងដណ្ដើមបានទីក្រុងមីយ៉ាវ៉ាឌី ប៉ុន្តែលោកមីនអុងឡាំងមិនអាចបណ្ដោយឱ្យពួកគេកាន់កាប់ដោយងាយស្រួលឡើយនូវទីក្រុងពាណិជ្ជកម្មដ៏សំខាន់ជាយុទ្ធសាស្ត្រ១នេះ។ ទាហានរបបសឹកបានរត់បាក់ទ័ពជាច្រើននាក់។ សូម្បីតែរហូតមកដល់សព្វថ្ងៃនេះក៏ដោយក៏នៅតែមានទាហានរបបសឹកជាងពីររយនាក់កំពុងនៅទីទើរៗត្រឹមមាត់ទន្លេក្បែរព្រំដែនថៃ។

ភាគីថៃធ្លាប់បានបញ្ជូនមនុស្សទៅសម្រុះសម្រួលគ្នាឱ្យពួកគេទម្លាក់អាវុធចុះ ហើយស្លៀកពាក់ស៊ីវិលដើម្បីស្នាក់នៅលើទឹកដីថៃជាបណ្ដោះអាសន្ន។ ថៃចង់ប្រើស្ទីលដូចវគ្គមុនដែលទាហានភូមារត់ចូលដីថៃជាង៦រយនាក់ ហើយត្រូវរបបសឹកយកយន្តហោះទៅដឹកពួកគេត្រឡប់ទៅភូមាវិញ។ ប៉ុន្តែលើកនេះខុសពីមុន។ ទាហានជាង២រយនាក់នេះមិនព្រមទម្លាក់អាវុធចុះទេ។

កាលពីយប់ថ្ងៃសុក្រ ក្រុមប្រឆាំងបង្ហោះយន្តហោះដ្រូនដោយភ្ជាប់នូវរំសេវផ្ទុះដើម្បីវាយប្រហារទីតាំងយោធារបស់របបសឹក។ ការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាបន្តកើតមានរហូតដល់ម៉ោង៤ទៀបភ្លឺទើបថយចុះបន្តិចវិញ។ ប៉ុន្តែមិនទាន់ដាច់ស្នូរគ្រាប់កាំភ្លើងទាំងស្រុងទេ។ សូម្បីតែម៉ោង៧ព្រឹកថ្ងៃសៅរ៍ទៅហើយក៏ពួកគេនៅបាញ់តដៃគ្នារប៉េះរប៉ោះនៅក្បែរស្ពានមិត្តភាពទីពីរ។

រហូតដល់ល្ងាចថ្ងៃសៅរ៍ឈានដល់ពេលសន្ធិយាទៅហើយ គេឃើញថាជនស៊ីវិលបន្តរត់ភៀសខ្លួនចូលទឹកដីថៃជាបន្តបន្ទាប់។ ចាប់ពីព្រឹកដល់ល្ងាចថ្ងៃសៅរ៍ ជនស៊ីវិលជាង១២០០នាក់បានឆ្លងព្រំដែនចូលទឹកដីថៃ។ ដោយសារទីក្រុងមីយ៉ាវ៉ាឌីស្ថិតនៅឆ្ងាយដាច់ស្រយាលពីបញ្ជាការដ្ឋានកណ្ដាលនៃរបបសឹកដែលធ្វើឱ្យពួកគេពិបាកចល័តទ័ពជើងគោកឬរថក្រោះ។ ដូច្នេះ ពួកគេច្រើនវាយប្រហារពីលើអាកាសដោយប្រើឧទ្ធម្ភាគចក្របំពាក់កាំភ្លើងយន្ត ឬមីស៊ីល និងប្រើយន្តហោះមីក២៩ (MiG-29)៕



ចែករំលែកព័តមាននេះ