ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរ​សុខាភិបាល​ខេត្តក្រចេះ ៖ មនុស្ស​១៦​នាក់ ធ្លាក់ខ្លួន​ឈឺ និង​បញ្ជូន​ទៅ​ព្យាបាល​ ដោយសារ​ពុល​នំ​បញ្ចុក

1 ឆ្នាំ មុន

ខេត្តក្រចេះ ៖ មន្ទីរ​សុខាភិបាល​ខេត្តក្រចេះ នៅ​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២៤​នេះ បាន​សន្និដ្ឋាន​ជាបឋម​ថា ករណី​មនុស្ស​ចំនួន​១៦​នាក់ ធ្លាក់ខ្លួន​ឈឺ និង​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក…

ខេត្តក្រចេះ ៖ មន្ទីរ​សុខាភិបាល​ខេត្តក្រចេះ នៅ​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២៤​នេះ បាន​សន្និដ្ឋាន​ជាបឋម​ថា ករណី​មនុស្ស​ចំនួន​១៦​នាក់ ធ្លាក់ខ្លួន​ឈឺ និង​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក ដោយសារ​ពុល​នំ​បញ្ចុក​លក់​នៅ​ក្នុងភូមិ ដែល​គ្មាន​អនាម័យ​ល្អ ។

មន្ទីរ​សុខាភិបាល ខេត្តក្រចេះ បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០២៤ មាន​ព្រឹត្តិការណ៍​ពុល​ចំណីអាហារ​បាន​កើតឡើង​នៅ​ភូមិ​ទន្សោង​ធ្លាក់ ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្តក្រចេះ ដែល​បណ្តាល​ឱ្យ​មនុស្ស​ចំនួន ១៦​នាក់ (​ស្រី​១០​នាក់​) បាន​ធ្លាក់ខ្លួន​ឈឺ និង​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​សំបូរ ចំនួន​១១​នាក់ ស្រី​៧​នាក់ ដែល​មាន​រោគ សញ្ញា​ឈឺពោះ រាក ក្អួត ឈឺក្បាល នឹង​វិលមុខ​។ ក្រោយ​ទទួល​បានការ​យកចិត្តទុកដាក់​ថែទាំ​ព្យាបាល​ដោយ​ក្រុម​គ្រូពេទ្យ នៃ​មន្ទីរពេទ្យ​បង្អែក​សំបូរ ស្ថានភាព​អ្នកជំងឺ​បាន​ធូរស្រាល​ជា​បណ្តើ​ៗ ។

ដោយ​ផ្អែក​លើ​ព័ត៌មាន និង​ភស្តុ​តាង លក្ខណៈ​អេ​ពី​ដេ​មី​សាស្ត្រ បាន​សន្និដ្ឋាន​ជាបឋម​ថា ព្រឹត្តិការណ៍​ដែល​បណ្តាល​ឱ្យ​ប្រជាពលរដ្ឋ​ធ្លាក់ខ្លួន​ឈឺ​នេះ គឺ​បណ្តាល​មក​ពី​ការ​បរិភោគ​នំ​បញ្ចុក​លក់​នៅ​ក្នុងភូមិ ដែល​នំ​បញ្ចុក​ទាំងនោះ​មានការ​ផលិត ការ​រក្សា​ទុក និង​ការ​វេច​ខ្ចប់ មិន​មាន​អនាម័យ​ល្អ ។

ក្រុមការងារ​នៅ​កំពុង​បន្ត​អន្តរាគមន៍​អង្កេត​ស្រាវជ្រាវ​បន្ត​ទៀត ដើម្បី​ប្រមូល​ព័ត៌មាន​បន្ថែម និង​អន្តរាគមន៍ ពិនិត្យ​ព្យាបាល​ករណី​ចាស់ និង​ករណី​ឈឺ​ថ្មី​ៗ​ផ្សេង​ទៀត មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្ត បាន​ក្រើនរំលឹក ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​អនុវត្ត​នូវ​វិធានការ​អនាម័យ​ឱ្យ​បាន​ខ្ជាប់ខ្ជួន​ដូច​ខាងក្រោម ៖
-​ប្រកាន់ខ្ជាប់​អនាម័យ​ដោយ​លាង​សម្អាត​ដៃ​ឱ្យ​បាន​ស្អាត និង​ញឹកញាប់​ជាមួយ​សាប៊ូ និង​ទឹក​ស្អាត ឬ អាកុល​មុន​ពេល​ធ្វើ​ម្ហូបអាហារ និង​មុន​ពេល​បរិភោគ​។
-​កុំ​ប៉ះពាល់ ឬ​បរិភោគ​បក្សី​ដែល​ឈឺ ឬ​ងាប់ ។
-​ត្រូវ​រក្សា​ទុកដាក់​ម្ហូបអាហារ​ដែល​ចំអិន​ហើយ និង​ឆៅ​ឱ្យ​នៅ​ដាច់​ដោយឡែក​ពី​គ្នា​។
-​សម្អាត​សម្ភារ​ប្រើប្រាស់​សម្រាប់​ធ្វើ​ម្ហូបអាហារ​ឱ្យ​បាន​ត្រឹមត្រូវ និង​ត្រូវ​ចំអិនម្ហូប​ឱ្យ​បាន​ឆ្អិន​ល្អ ។
-​ត្រូវ​រៀបចំ​ទុកដាក់​វេច​ខ្ចប់​ម្ហូបអាហារ​ឱ្យ​មាន​អនាម័យ និង​សុវត្ថិភាព ស្ថិត​ក្នុង​សីតុណ្ហភាព​សម​ស្រប ។
-​មិន​ត្រូវ​បរិភោគ​ម្ហូបអាហារ​ដែល​រក្សា​ទុក​យូរ​ហួសពេល​វេលា​កំណត់​ប្រើប្រាស់ ។
-​ត្រូវ​ប្រើប្រាស់ និង​ទទួលទាន​ទឹក​ស្អាត​ទឹក​មាន​សុវត្ថិភាព ដូច​ជា​ទឹកបរិសុទ្ធ ទឹក​ឆ្អិន​ជាដើម​។

សូម​ជម្រាប​ដែរ​ថា នៅ​យប់​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០២៤ ស្ថិត​នៅ​ក្នុងភូមិ​ទន្សោង​ធ្លាក់ ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្តក្រចេះ ប្រជាពលរដ្ឋ​ប្រុស​-​ស្រី ស្រាប់តែ​កើត​អាការ​ក្អួតចង្អោរ​រាករូស​អស់កម្លាំង​ល្ហិតល្ហៃ​ដៃជើង ខណៈ​សង្ស័យ​ពួក​គេ​បាន​ពុល​នំ​បញ្ចុក ហើយ​ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ស្រុក​សំបូរ ខេត្តក្រចេះ ។

ប្រភព​ពី​អ្នក​ភូមិ​បានឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ទាំងនោះ ពួក​គាត់​បាន​ទិញ​នំ​បញ្ចុក ដែល​លក់​នៅ​តាម​ភូមិ​យក​ទៅ​ទទួលទាន​កាល​ថ្ងៃ​ទី​១៥ មេ​សា ហើយ​ក្រោយ​ទទួលទាន​នំ​បញ្ចុក​នោះ​រួច ប៉ុន្មាន​ម៉ោង ក៏​ស្រាប់តែ​មាន​អាកា​រៈ​ក្អួតចង្អោរ រាក អស់កម្លាំង​បែប​នេះ​តែ​ម្តង ។

អ្នកមាន​អាកា​រៈ​បែប​នេះ​ទាំងអស់ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មណ្ឌល​សុខភាព​នៅ​មូលដ្ឋាន ប៉ុន្តែ​ដោយសារ​តែ​ប្រជាពលរដ្ឋ​មាន​អាការ​ក្អួតចង្អោរ រាក អស់កម្លាំង​កើតឡើង​បន្តបន្ទាប់​ស្រ​ដៀង​គ្នា ធ្ងន់ធ្ងរ​ឡើង​ៗ ទើបត្រូវ​បាន​គេ​បញ្ជូន​បន្ត​ទៅ​កាន់​មណ្ឌល​សុខភាព​ស្រុក​សំបូរ ខេត្តក្រចេះ ។

លោក​វេជ្ជបណ្ឌិត ផាត់ តុលា ប្រធាន​មណ្ឌល​សុខភាព​ស្រុក​សំបូរ បានឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៩ មេ​សា នេះ អាការ​របស់​ពួក​គាត់​ប្រសើរ​ឡើង​វិញ​ហើយ ។ លោក​បន្ត​ថា មូលហេតុ​នៅ​ពេល​ដែល​បញ្ជូន​មក​ពួក​គាត់​មាន​អាការ​ក្អួតចង្អោរ និង​រាក ក៏​អាច​រួម​សម​នឹង​អាកាសធាតុ​ក្តៅ​ខ្លាំង​ផង ដូច្នេះ​យើង​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​ថា មក​ពី​ករណី​អ្វី​ពិតប្រាកដ​នៅឡើយ​ទេ ។ ក្នុង​ពេល​ឥឡូវនេះ ពួក​គាត់​ហាក់​មាន​សភាព​ធូរស្រាល​ធម្មតា​វិញ​ហើយ ។

លោក គង់ មេត្តា អភិបាលស្រុក​សំបូរ​បានឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ ដែល​ត្រូវ​បាន​គេ​បញ្ជូន​មក​សម្រាក​នៅ​មន្ទីរពេទ្យ​បង្អែក​ខាងលើ រួម​មាន ៖ ទី​១-​ឈ្មោះ​រី ស្រី​តុ​ប ភេទ​ស្រី អាយុ​២៣​ឆ្នាំ ។ ទី​២-​ឈ្មោះ​កុយ រ៉ា ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ។ ទី​៣-​ឈ្មោះ អ៊ុ សុខ​ខែង ភេទ​ស្រី អាយុ​៤៤​ឆ្នាំ ។ ទី​៤-​ឈ្មោះ រី សុ​ខី ភេទ​ស្រី អាយុ​៧​ឆ្នាំ ។ ទី​៥-​ឈ្មោះ​ថា​ច ជីតា ភេទ​ស្រី អាយុ​៤​ឆ្នាំ ។ ទី​៦-​ឈ្មោះ ឈឿ​ន ស្រី​យុទ្ធ ភេទ​ស្រី អាយុ​១១​ឆ្នាំ ។ ទី​៧-​ឈ្មោះ ឈឿ​ន ឆា​លី ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ។ ទី​៨-​ឈ្មោះ ស្រី មឿ​ន ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ។ ទី​៩-​ឈ្មោះ សែ​ម ឈុ​ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ។ ទី​១០-​ឈ្មោះ ថា​ច ឆៃ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ និង​ទី​១១-​ឈ្មោះ រី សុ​ខៃ ភេទ​ស្រី អាយុ​១០​ឆ្នាំ ។

បច្ចុប្បន្ន អ្នក​រង​គ្រោះ​ស្ថិត​ក្នុង​ការ​សម្រាក​ព្យាបាល និង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ផង​ដែរ​ពី​សណាក់​ក្រុម​គ្រូពេទ្យ​នៅឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ