រាជធានីភ្នំពេញ ៖ សំណុំរឿងស្ត្រីវ័យចំណាស់ម្នាក់វាយសម្លាប់ប្ដីនៅខេត្តតាកែវ ដែលតំណាងអយ្យការអមសាលាដំបូងខេត្តបានប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចផ្តន្ទាទោសជនជាប់ចោទដាក់ពន្ធគារត្រឹមតែ១ឆ្នាំ ត្រូវបានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ភ្នំពេញលើកយកមកបើកសវនាការ កាលពីព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នេះ ដើម្បីឲ្យតុលាការថ្នាក់កណ្តាលផ្តន្ទាទោសលើជនជាប់ចោទមានស្ថានទម្ងន់ជាងនេះទៀត ។
ជនជាប់ចោទឈ្មោះ នុត ម៉ៅ ភេទស្រី អាយុ៥៣ឆ្នាំ រស់នៅភូមិលាក់រទេះ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ជាកសិករ មានកូនប្រុសស្រី៦នាក់ក្នុងបន្ទុក ហើយប្ដីដែលស្លាប់ឈ្មោះ ឌឿន តារា អាយុ៥៨ឆ្នាំ ត្រូវជនសង្ស័យជាប្រពន្ធវាយនិងរនូតគ្រែបណ្តាលឲ្យស្លាប់ ដែលហេតុការនោះបានកើតឡើង កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១៧ល្ងាច ។ មូលហេតុប្តីប្រពន្ធមានជម្លោះដោយសារភ្លើងប្រចណ្ឌ ។
តាមរបាយការណ៍ដែលអានដោយលោក លី សុខលេង ចៅក្រមជំនុំជម្រះសាលាឧទ្ធរណ៍បានបញ្ជាក់ថា មូលហេតុដែលសាលាឧទ្ធរណ៍ភ្នំពេញ លើកយករឿងក្ដីនេះមកជំនុំជំម្រះនោះ ដោយសារតំណាងអយ្យការអមសាលាដំបូងខេត្តតាកែវបានប្ដឹងចំពោះសេចក្ដីសម្រេចទាំងស្រុងរបស់ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តតាកែវ បានប្ដូរបទចោទលើជនដៃដល់.បទឃាតកម្ម មកជាបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយមរណៈភាពនៃជនរងគ្រោះទៅវិញ ហើយសាលក្រមបានផ្ដន្ទាទោសជនជាប់ចោទ ដាក់ពន្ធនាគារត្រឹមតែ១ឆ្នាំប៉ុណ្ណោះ ដោយមិនទាន់ពេញលេញតាមបទល្មើសដែលជនសង្ស័យបានប្រព្រឹត្ត ។
សវនាការបានធ្វើឡើងជាសាធារណៈ នៅចំពោះមុខជនជាប់ចោទ និងមេធាវីការពារក្តីដោយអាណត្តិ ។ ស្ថិតក្នុងរង្វង់ក្រចកសេះ ការសាកសួរដេញដោលជនជាប់ចោទបានសារភាពថា គាត់និងប្ដីបានរៀបការជាមួយគ្នាអស់រយៈពេល២៩ឆ្នាំមកហើយ និងបង្កើតបានកូន៦នាក់ក្នុងបន្ទុក ។ ហើយចាប់ពីឆ្នាំ២០១២ មក ប្ដីគាត់ស្រាប់តែចេះប្រចណ្ឌរករឿងវាយដំគាត់ជាប្រពន្ធព្រឹកល្ងាចមិនស្វាង ។
រហូតនៅថ្ងៃកើតហេតុគាត់ (ជនជាប់ចោទ)បានវាយកូនពៅប៉ុន្មានរំពាត់ ដើម្បីណែនាំព្រោះដើរលេងមិនចូលផ្ទះ ពេលនោះស្រាប់តែប្ដីគាត់បានយកដំបងរនូតគ្រែមានដំដែកគោល មកវាយគាត់ត្រូវចំក្បាលមុតហូរឈាមស្រោចពេញខ្លួន ។ ឃើញដូច្នោះ ទើបគាត់ស្ទុះទៅប្រតាយប្រតប់គ្នា ហើយគាត់ក៏ដណ្ដើមយកបានដំបងឈើនោះ វាយទៅលើប្ដីប្រហែល៥.៦ដំបងវិញ ត្រូវចំក្បាលផង ដៃផង ជើងផង និងខ្លួន ផង បណ្តាលឲ្យប្តីគាត់ស្លាប់នៅពេលដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
ជនជាប់ចោទបន្តទៀតថា គាត់មិនមានចេតនាសម្លាប់ប្ដីទេ តែវាយទៅជ្រុលដៃ ដូច្នោះ ពេលនេះក្នុងនាមគាត់ជនជាប់ចោទសូមលើកម្រាមដប់ទទូចស្នើសុំតុលាការថ្នាក់កណ្តាលមេត្តាផ្តន្ទាទោសរូបគាត់ដាក់ពន្ធនាគារតែ១ឆ្នាំ ដូចតុលាការថ្នាក់ក្រោមដែរចុះ ព្រោះអាណិតកូនៗគាត់មិនមានអ្នកមើលថែរក្សាទេ ។
អង្គសវនាការ បានបញ្ចប់ការសាកសួរដេញដោល ក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ភ្នំពេញ បានកំណត់យកថ្ងៃទី៣០ ខែមេសា ឆ្នាំ២ ០២៤ វេលាម៉ោង៨ ព្រឹក ប្រកាសសាលដីកាសម្រេចរឿងក្ដីបណ្តឹងឧទ្ធរណ៍នេះ ៕
ចែករំលែកព័តមាននេះ