ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាកាសយានដ្ឋាន​ប្រណិត​បំផុត​លើ​លោក រង​ការ​វា.យប្រហារ​ដោយ​ជំនន់​ទឹកភ្លៀង​ដ៏​អាក្រ.ក់​បំផុត (វីដេអូ)

1 អាទិត្យ មុន

អេ​មី​រ៉ាត​អា​រ៉ាប់​រួម ៖ ភ្លៀង​ធ្លាក់​ដ៏​ខ្លាំង​បាន​និង​កំពុង​វាយប្រហារ​ប្រទេស​អា​រ៉ាប់​រួម ឬ អេ​មី​រ៉ាត​អា​រ៉ាប់​

អេ​មី​រ៉ាត​អា​រ៉ាប់​រួម ៖ ភ្លៀង​ធ្លាក់​ដ៏​ខ្លាំង​បាន​និង​កំពុង​វាយប្រហារ​ប្រទេស​អា​រ៉ាប់​រួម ឬ អេ​មី​រ៉ាត​អា​រ៉ាប់​រួម ដែល​បណ្តាល​ឱ្យ​មាន​ទឹកជំនន់​ភ្លាម​ៗ ក៏​ដូច​ជា​ការ​រំខាន​ដល់​ជើងហោះហើរ​នៅ​ឯអាកាស​យានដ្ឋាន​ដ៏​ប្រណិត​បំផុត​របស់​ពិភពលោក​។

ប្រភព​ពី​សារព័ត៌មាន BBC នៅ​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០២៤ បាន​រាយការណ៍​ថា ផ្លូវ​ហា​យ​វេ​ដ៏​ធំ​របស់​ទីក្រុង​ឌូ​បៃ​បាន​គ្រប់​ដណ្តប់​ដោយ​ទឹកជំនន់ ស្រប​ពេល​អាកាសយានដ្ឋាន​អន្តរជាតិ​ទីក្រុង​ឌូ​បៃ ឬ Dubai International Airport បាន​អះអាង​ថា ខ្លួន​កំពុង​ប្រឈម​មុខ​នឹង​លក្ខខណ្ឌ​ដ៏​លំបាក​បំផុត​មិន​ធ្លាប់​ជួប​ពី​មុន ដោយសារ​ជំនន់​ទឹកភ្លៀង ដែល​បង្ខំ​ឱ្យ​មានការ​លុប​ចោល និង​ពន្យារពេល​ជើង​ហោះ​ហើរ​ដ៏​ច្រើន​។

ផ្លូវ​ល្បឿន​លឿន​ដ៏​ធំ​ចំនួន​៦​ខ្សែ​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​រហូត​ដល់ ២៥៤​មី​លី​ម៉ែត្រ ដែល​ស្មើនឹង​ការ​ធ្លាក់​ភ្លៀង​រយៈពេល​ប្រហែល​២​ឆ្នាំ បាន​ធ្លាក់​ស្រោច​លើ​វាល​ខ្សាច់​ប្រទេស​អា​រ៉ាប់​រួម នៅ​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២៤​។ ប្រភព​ពី BBC នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែមេសា បាន​រាយ​កាណ៍​ថា ប៉ូលិស​អះអាង​ថា យ៉ាង​ហោច​ណាស់​មនុស្ស​ម្នាក់​បាន​ស្លាប់ បន្ទាប់​ពី​បុរស​អាយុ​៧០​ឆ្នាំ​ម្នាក់​នៅ​ក្នុង​រថយន្ត ហើយ​ត្រូវ​បាន​ទឹកជំនន់​ហូរ​កួច​យក​ទៅ ដែល​កើតឡើង​នៅ​ក្នុង​ទីក្រុង Ras Al-Khaimah​។ មិនតែប៉ុណ្ណោះ មន្ត្រី​ប៉ូលិស​ក៏​បាន​ធ្វើការ​ព្រមាន​មិន​ឱ្យ​អ្នកដំណើរ​ធ្វើ​ដំណើរ​ទៅ​កាន់​អាកាសយាន​អន្តរជាតិ​ទីក្រុង​ឌូ​បៃ លុះត្រាតែ​ចាំបាច់​បំផុត​។

ដោយឡែក ប្រទេស​អូ​ម៉​ង់​ដែល​នៅ​ជិតខាង​ឯណោះ​វិញ ក្រុម​ជួយ​សង្គ្រោះ​បាន​រក​ឃើញ​សាកសព​ក្មេង​ស្រី​ម្នាក់​នៅ​ទីក្រុង Saham ដែល​នាំ​ឱ្យ​ចំនួន​អ្នក​ស្លាប់​នៅ​ក្នុង​ប្រទេស​នេះ​កើន​ដល់ ១៩​នាក់​ហើយ ចាប់តាំងពី​ថ្ងៃអាទិត្យ​ស​ប្តា​ហ៍​មុន​មក​។

យោង​តាម​ទិន្នន័យ​ពី Flight Aware បាន​រាយការណ៍​ថា កាលពី​ថ្ងៃ​ទី​១៧ ខែមេសា កន្លង​ទៅ ជើង​ហោះ​ហើរ​ប្រហែល​២៩០​ជើង​ទាំង​ទៅ និង​មក​អាកាសយានដ្ឋាន​អន្តរជាតិ​ទីក្រុង​ឌូ​បៃ ដែល​ជា​មជ្ឈមណ្ឌល​ដ៏​សំខាន់​បំផុត សម្រាប់​ត​ភ្ជាប់​ជើងហោះហើរ​ទៅ​កាន់​គ្រប់​ទ្វីប​ទាំងអស់​ត្រូវ​បាន​លុប​ចោល​តែ​ម្តង ខណៈ​ជើងហោះហើរ​ចំនួន ៤៤០​ផ្សេង​ទៀត ត្រូវ​បាន​ពន្យារពេល​។ ស្រប​ពេល​ដែល​ក្រុមហ៊ុន​អាកាស​ចរណ៍ Emirates បាន​ផ្អាក​ការ​ឆែក​អ៊ី​ន (Check-in) អ្នកដំណើរ​ដែល​ចង់​ចាក​ចេញពី​អាកាសយានដ្ឋាន​ទីក្រុង​ឌូ​បៃ​។

Dubai International Airport អាកាសយានដ្ឋាន​ដ៏​ប្រណិត​បំផុត​របស់​ពិភពលោក ដែល​កាលពី​ឆ្នាំ​មុន បាន​បម្រើ​អ្នកដំណើរ​ជាង​៨០​លាន​នាក់ និង​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​២​ក្នុង​នាម​អាកាសយានដ្ឋាន​មមាញឹក​បំផុត​លើ​ពិភពលោក បន្ទាប់​ពី​អាកាសយានដ្ឋាន​អន្តរជាតិ Atlanta Hartsfield-Jackson របស់​សហរដ្ឋអាមេរិក បាន​ធ្វើការ​ព្រមាន​អំពី​ការ​ខូចខាត និង​ការ​ខាតបង់ ក៏​ដូច​ជា​ការ​ចំណាយ​ពេលវេលា​ច្រើន​លើ​ការ​ស្តារ​ឡើង​វិញ​គ្រប់​ផ្នែក​ទាំងអស់​។ ស្រប​ពេល​ដែល​អាជ្ញាធរ​បាន​ព្រមាន​ថា នឹង​មាន​ភ្លៀង​ធ្លាក់​ច្រើន ផ្គរ រន្ទះ លាយឡំ​នឹង​ខ្យល់​បក់​ខ្លាំង ដោយ​តំបន់​ទំនាប​ជា​ច្រើន​នៅ​តែ​គ្រប់​ដណ្តប់​ដោយ​ជំនន់​ទឹកភ្លៀង​។

គួរ​រំលឹក​ថា អេ​មី​រ៉ាត​អា​រ៉ាប់​រួម កាលពី​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២៤ បាន​ជួប​ប្រទះ​ភ្លៀង​ធ្លាក់​ដ៏​អាក្រក់​បំផុត​មិន​ធ្លាប់​ក្នុង​រយៈពេល​៧៥​ឆ្នាំ​។ មជ្ឈមណ្ឌល​ជាតិ​ឧតុនិយម​បាន​ប្រកាស​ថា ទឹកភ្លៀង​ចំនួន ២៥៤.៨​មី​លី​ម៉ែត្រ​បាន​ធ្លាក់​លើ​ទីតាំង​ព្រំដែន Khatm al-Shakla នៅ​តំបន់ Al-Ain ក្នុង​រយៈពេល​តិច​ជាង​២៤​ម៉ោង​។ អេ​មី​រ៉ាត​អា​រ៉ាប់​រួម​ជា​ទូទៅ​មាន​ទឹកភ្លៀង​ធ្លាក់​ជា​មធ្យម​ត្រឹម ១៤០-២០០​មី​លី​ម៉ែត្រ​ក្នុង​មួយ​ឆ្នាំ ខណៈ​ដែល​ទីក្រុង​ឌូ​បៃ​ជា​ធម្មតា​មាន​ត្រឹម ៩៧​មី​លី​ម៉ែត្រ​ប៉ុណ្ណោះ ហើយ​ជា​មធ្យម​ប្រចាំខែ​សម្រាប់​ខែមេសា​គឺ​មាន​ប្រហែល ៨​មី​លី​ម៉ែត្រ​តែ​ប៉ុណ្ណោះ​។ វី​ដេ​អូ​ពី​កណ្តាល​ទីក្រុង​ឌូ​បៃ បាន​បង្ហាញ​អំពី​រថយន្ត​រាប​សិន​គ្រឿង​បាន​លិចលុង​នៅ​លើ​ផ្លូវ Sheikh Zayed ក៏​ដូច​ជា​ការ​កកស្ទះ​ចរាចរណ៍​ដ៏​វែង​នៅ​កន្លែង​ជា​ច្រើន​ផ្សេង​ទៀត​ផង​ដែរ​៕ (​ប្រភព ៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ