ខេត្តរតនគិរី ៖ ពលរដ្ឋស្នើសុំអាជ្ញាធរខេត្តរតនគិរី ជួយទប់ស្កាត់ជនជាតិវៀតណាមដែលចូលកាប់រំលំដើមសំរ៉ងរើសយកផ្លែនៅតំបន់អូរចាដង់យ៉ល (តំបន់កន្ទុយនាគ) ។
យោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា ថ្មីៗនេះមានជនជាតិវៀតណាមជាច្រើននាក់ បានសម្រុកចូលទឹកដីខ្មែរដោយខុសច្បាប់ តាមច្រករបៀងមួយចំនួន តាមក្រវ៉ាត់ព្រំដែន ក្នុងភូមិសាស្ត្រទឹកដីតាវែង និងស្រុកអណ្តូងមាស ដើម្បីចូលមករំលំដើមសំរ៉ងព្រៃធ្វើសកម្មភាពទាំងយប់ទាំងថ្ងៃ ដើម្បីយកផ្លែដឹកចូលទៅប្រទេសវៀតណាម ។
សេចក្តីរាយការណ៍ខាងលើបញ្ជាក់ឲ្យដឹងទៀតថា ការចូលកាប់ដើមសំរ៉ងរើសយកផ្លែនេះដែរ ត្រូវបានគេនិយាយថា មានការបើកដៃពីមន្ត្រីបរិស្ថាន, កម្លាំងយោធា, កម្លាំងនគរបាល ពិសេសពីលោកសីហា មេបញ្ជាការកងអនុសេនាធំលេខ៣ ចំណុះវរសេនាតូចលេខ២ (យោធា) និងលោកអុល មេប៉ុស្តិ៍កន្ទុយនាគចំណុះវរសេនាតូចការពារព្រំដែនលេខ២០៣ (នគរបាល) ។
ខណៈកន្លែងខ្លះ ជនជាតិខ្មែរជាអ្នកកាប់រំលំ និងកន្លែងខ្លះទៀត ជនជាតិវៀតណាមជាអ្នកកាប់រំលំដោយប្រើរណារយន្តទំនើប (មិនឭសំលេងមកក្រៅ) ។ មិនតែប៉ុណ្ណោះ ជនជាតិវៀតណាមជាអ្នកប្រមូលទិញក្នុងព្រៃ រួចដឹកឆ្លងដែនកាត់តាមប៉ុស្តិ៍កន្ទុយនាគដែលទីផ្សារនៅប្រទេសវៀតណាមកំពុងត្រូវប៉ាន់ខ្លាំង ។
ទាក់ទិនទៅនឹងករណីជនជាតិវៀតណាមសម្រុកចូលមកកាប់រំលំដើមសំរ៉ងបំផ្លាញធនធានធម្មជាតិនៅចំណុចអូរចាដងយ៉ល រហូតដល់តំបន់កន្ទុយនាគ ដោយមានការបើកដៃពីមន្ត្រីបរិស្ថាន,កម្លាំងនគរបាល,កម្លាំងយោធា ជាពិសេសមេប៉ុស្តិ៍ទាំង២កន្ទុយនាគបើកដៃឲ្យវៀតណាមចូលមកដោយសេរីខាងលើនេះដែរ ភ្នាក់ងាកោះសន្តិភាពប្រចាំខេត្តរតនគិរី កាលពីព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ កន្លងមក បានទំនាក់ទំនងតាមប្រព័ន្ធតេឡេក្រាមទៅលោកស៊ូ សិរី អភិបាលរងខេត្ត និងជាអ្នកនាំពាក្យសាលាខេត្តរតនគិរីបានបញ្ជាក់យ៉ាងខ្លីថា «ដល់រដូវប្រមូលផលផ្លែសំរ៉ង ប្រជាពលរដ្ឋខ្មែរទៅបេះ និងទៅអង្រួញរើសយកផ្លែ។ ដោយឡែក ប្រជាពលរដ្ឋវៀតណាមចូលមកពួកគាត់ជាឈ្មួញកណ្តាលទិញទៅលក់បន្ត ប៉ុន្តែលោកស៊ូ សិរីមិនបានបញ្ជាក់ថា តើពលរដ្ឋវៀតណាមចូលមកដីខ្មែរ (ខុសច្បាប់ ឬត្រូវច្បាប់នោះទេ)» ។
ប្រជាពលរដ្ឋខ្មែដែលរកស៊ីបេះផ្លែសំរ៉ងសុំសំណូមពអោយការសែកោះសន្តិភាពជួយចុះផ្សាយរឿង និងឱ្យថ្នាក់លើបានដឹងពីមូលហេតុដើមសំរ៉ង និងផ្លែសំរ៉ងជារបស់ខ្មែរ មិនមែនរបស់ជនជាតិវៀតណាមទេ គឺពួកគេមិនមែនមកទិញទេ គេចូលមកកាប់បេះយកម៉ាសេរីលើសម្បត្តិធម្មជាតិ
ខ្មែរ ។
ព័ត៌មានបន្ថែមមានផ្សាយជូនលើកាសែតកោះសន្តិភាព ។
ចែករំលែកព័តមាននេះ