ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក​-​អឺរ៉ុប​ត្រៀម​ដាក់​ទណ្ឌកម្ម​អ៊ីរ៉ង់​ពី​បទ​វា.យ​ប្រ.ហារ​អ៊ីស្រាអែល

1 អាទិត្យ មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ អាមេរិក និង​សហ​ភាព​អឺរ៉ុប​​ត្រៀម​ដាក់​ទណ្ឌកម្ម​អ៊ីរ៉ង់​ពី​បទ​វាយ​ប្រហារ​​​​អ៊ី​ស្រាអែល​កាល​ពី​យប់​ថ្ងៃ​សៅរ៍​។ ទន្ទឹម​នឹង​នោះ ​អាមេរិក និង​អឺរ៉ុប​ក៏​ខិត​ខំ​បញ្ចុះ​បញ្ចូល​អ៊ីស្រាអែល​កុំឱ្យ​​វាយ​ប្រហារ​អ៊ីរ៉ង់​។ បើ​មិន​ដូច្នេះ​ទេអាច​នឹង​ផ្ទុះ​សង្គ្រាម​កាន់​តែ​ធំ​​។ វិធាន​ការ​នេះ​ធ្វើ​ឡើង​នៅ​​ពេល​អ៊ីស្រាអែល​ត្រៀម​កោះ​ប្រជុំ​​នៅ​ថ្ងៃ​ពុធ​​ដើម្បី​សម្រេច​ថា​ត្រូវ​ឆ្លើយ​តប​បែប​ណា​។​ មែន​ទែន​ទៅ​ ការ​វាយ​ប្រហារ​របស់​អ៊ីរ៉ង់​​​មិន​បាន​បង្ក​ការ​ខូច​ខាត​ធំ​ដុំ…

ទី​ក្រុង​វ៉ាស៊ីនតោន៖ អាមេរិក និង​សហ​ភាព​អឺរ៉ុប​​ត្រៀម​ដាក់​ទណ្ឌកម្ម​អ៊ីរ៉ង់​ពី​បទ​វាយ​ប្រហារ​​​​អ៊ី​ស្រាអែល​កាល​ពី​យប់​ថ្ងៃ​សៅរ៍​។ ទន្ទឹម​នឹង​នោះ ​អាមេរិក និង​អឺរ៉ុប​ក៏​ខិត​ខំ​បញ្ចុះ​បញ្ចូល​អ៊ីស្រាអែល​កុំឱ្យ​​វាយ​ប្រហារ​អ៊ីរ៉ង់​។ បើ​មិន​ដូច្នេះ​ទេអាច​នឹង​ផ្ទុះ​សង្គ្រាម​កាន់​តែ​ធំ​​។ វិធាន​ការ​នេះ​ធ្វើ​ឡើង​នៅ​​ពេល​អ៊ីស្រាអែល​ត្រៀម​កោះ​ប្រជុំ​​នៅ​ថ្ងៃ​ពុធ​​ដើម្បី​សម្រេច​ថា​ត្រូវ​ឆ្លើយ​តប​បែប​ណា​។​

មែន​ទែន​ទៅ​ ការ​វាយ​ប្រហារ​របស់​អ៊ីរ៉ង់​​​មិន​បាន​បង្ក​ការ​ខូច​ខាត​ធំ​ដុំ ហើយ​ក៏​​មិន​បាន​សម្លាប់​នរណា​ម្នាក់​​ឡើយ​​ដោយ​សារ​អ៊ីស្រាអែល​មាន​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​​ខ្លាំង​ពូកែ​ ​ហើយ​អ៊ីស្រាអែល​​​បាន​រៀប​ជើង​ចំ​​ព្រួល​បាន​រឹង​មាំ​គ្រាន់​បើ​​ព្រោះ​ដឹង​ថា​អ៊ីរ៉ង់​នឹង​វាយ​ប្រហារ​។ ការ​វាយ​ប្រហារ និង​ការ​ការ​ពារ​ខ្លួន​បាន​ល្អ​នេះ​ក៏​អាច​ផ្ដល់​ផល​ចំណេញ​សម្រាប់​អ៊ីស្រាអែល​មិនតិច​ទេ​​។

ទី​១-​​ អ៊ីស្រាអែល​មាន​មោទក​ភាព​យ៉ាង​ខ្លាំង​បើ​ប្រៀប​ធៀប​នឹង​ការ​វាយ​ប្រហារ​របស់​ក្រុម​ហាម៉ាស់​កាល​ពី​ខែ​តុលា​ ឆ្នាំ​២០២៣​ដែល​អ៊ីស្រាអែល​រង​ក្ដី​អាម៉ាស់​យ៉ាង​ខ្លាំង​​ស្លាប់​មនុស្ស​១២០០​នាក់​។ ​ទី២-​អ៊ីស្រាអែល​ធ្លាប់​ទទួល​រង​សម្ពាធ និង​ការ​ថ្កោល​ទោស​ពី​សហ​គមន៍​អន្តរ​ជាតិ​ជា​ច្រើន​ខែ​មក​ហើយ​ដោយ​សារ​សង្គ្រាម​នៅ​តំបន់​ហ្កាហ្សា​​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​ច្រើន​ពេក​។

ប៉ុន្តែ​នៅ​ក្នុង​ទំហំ​ចិត្ត​របស់​អ៊ីស្រាអែល​ អ៊ីស្រាអែល​មិន​ទាន់​ស្កប់​ស្កល់​​​ត្រឹម​ប៉ុណ្ណឹង​ទេ​។ អ៊ីស្រាអែល​ចង់​កេង​ចំណេញ​ឱ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ពី​ព្រឹត្តិការណ៍​នេះ​។ ប៉ុន្តែ​សម្រាប់​សហ​គមន៍​អន្តរ​ជាតិ​ ក៏ដូច​ជា​​សម្ព័ន្ធ​មិត្ត​អ៊ីស្រាអែល និង​​មជ្ឈិម​បូព៌ា​ ពួកគេ​បារម្ភ​ថា​បើ​ប្រទេស​ទាំង​ពីរ​សង​សឹក​គ្នា​ទៅ​វិញ​ទៅ​មក​ បញ្ហា​ផ្ទុះ​ឡើង​កាន់​តែ​ខ្លាំង​មិន​ដឹង​បញ្ចប់​​ថ្ងៃ​ណា។​

ប្រទេស​ទាំង​ពីរ​ធ្លាប់​សង្គ្រឺត​ធ្មេញ​ដាក់​គ្នា​ និង​ចង​សត្រូវ​នឹង​គ្នា​​ជា​​យូរ​មក​ហើយ​​ ​គ្រាន់​តែ​ថា​ពួក​គេ​ច្រើន​​ធ្វើ​សង្គ្រាម​ប្រយោល​ ឬ​សង្គ្រាម​ខ្ចី​ដៃ​អ្នក​ដទៃ​ប្រើ​ (proxy war)។ ដូច្នេះ បើ​ប្រទេស​ទាំង​ពី​រ​ផ្ទុះ​សង្គ្រាម​នឹង​គ្នា​ដោយ​ផ្ទាល់​ គេ​ខ្លាច​ថា​សង្គ្រាម​មជ្ឈិម​បូព៌ា​នឹង​ផ្ទុះ​ឡើង​។ យោង​តាម​នាយ​អគ្គ​សេនាធិការ​កង​ទ័ព​អ៊ីស្រាអែល​​, ​អ៊ីស្រាអែល​នៅ​តែ​ចិញ្ចឹម​ចិត្ត​ថា​នឹង​ចាត់​វិធាន​ការ​ឆ្លើយ​តប​ឱ្យ​ខាង​តែ​បាន​ចំពោះ​ការ​វាយ​ប្រហារ​ដោយ​យន្ត​ហោះដ្រូន និង​មីស៊ីល​ជាង​៣០០​គ្រឿង​ចូល​ទឹក​ដី​អ៊ីស្រាអែល​។​

ប្រភព​ពី​​​រដ្ឋាភិបាល​អ៊ីស្រាអែល​បង្ហើប​ឱ្យ​ដឹង​ថា​ក្រុម​ប្រឹក្សា​សង្គ្រាម​​ដែល​គ្រោង​កោះ​ប្រជុំ​តាំង​ពី​ថ្ងៃ​អង្គារ​ត្រូវ​លើក​មក​ប្រជុំ​នៅ​ថ្ងៃ​ពុធ​​វិញ​​។ ​ឥឡូវ​នេះ ទំនង​ជា​អ៊ីស្រាអែល​ និង​សម្ព័ន្ធ​មិត្ត​កំពុង​រង់​ចាំ​មើល​​បំណាំ​គ្នា​ទៅវិញ​ទៅ​មក​។​ ជាគំនិត​សាកល​និយយម​ គ្រប់​ទង្វើ​ទាំង​អស់​​ត្រូវ​តែ​មាន​ផល​វិបាក​របស់​វាដូច​​​ទ្រឹស្ដី​កម្ម​-ផល​​អីចឹង​។ មាន​ន័យ​ថា​ផល​នៃ​អំពើ​។​ ដូច្នេះ​ អ៊ីស្រាអែល​កំពុង​រង់​ចាំ​មើល​សិន​​តើ​សហគមន៍​អន្តរ​ជាតិ​ជួយ​ឈឺ​ឆ្អាល​រឿង​របស់​ខ្លួន​ដែរ​ឬ​ទេ​​នៅ​ពេល​ខ្លួន​រង​ការ​វាយ​ប្រហារ​បែប​នេះ​។​

​​ដូច្នេះ​ដើម្បី​ឱ្យ​អ៊ីរ៉ង់​ទទួល​រង​ផល​វិបាក​នៃ​ទង្វើ​របស់​ខ្លួន​ផង និង​ដើម្បី​ទប់​ចិត្ត​របស់​អ៊ីស្រាអែល​កុំ​ឱ្យ​ប្រព្រឹត្ត​ទង្វើ​ជ្រុល​ជ្រួស​ផង​ ​ប្រទេស​អាមេរិក និង​សហ​ភាព​អឺរ៉ុប​ប្រកាស​ពី​គម្រោង​ដាក់​ទណ្ឌ​កម្ម​​​​អ៊ីរ៉ង់ពី​បទ​​​​វាយ​ប្រហារ​​​នេះ​។​ ​​អាមេរិក​នឹង​​ហាម​ឃាត់​អ៊ីរ៉ង់​មិន​ឱ្យ​​លក់​គ្រាប់​មីស៊ីល និង​យន្ត​ហោះ​ដ្រូន​ទៅ​ឱ្យ​ប្រទេស​រុស្ស៊ី​ទេ​។ តាម​ដឹង​មក​ថា​អាមេរិក​ត្រៀម​ទប់​ស្កាត់​​អ៊ីរ៉ង់​មិន​ឱ្យ​ផ្ដល់​ហិរញ្ញ​ប្បទាន​ភេរវកម្ម​។ មាន​ន័យ​ថា​មិន​ឱ្យ​អ៊ីរ៉ង់​ផ្ដល់​អាវុធ ឬ​លុយ​កាក់​ទៅ​ឱ្យ​កូន​ចៅ​របស់​ខ្លួន​។​

ចំណែក​សហ​ភាព​អឺរ៉ុប​​​ថ្លែង​ថា​រដ្ឋ​ជា​សមាជិក​ខ្លះ​ស្នើ​សុំ​ឱ្យ​ដាក់​ទណ្ឌ​កម្ម​អ៊ីរ៉ង់​បន្ថែម​ទៀត​។ លោក​ថ្លែង​ថា​គម្រោង​ដាក់​ទណ្ឌ​កម្ម​ថ្មី​នេះ​នឹង​ហាម​ឃាត់​មិន​ឱ្យ​អ៊ីរ៉ង់​លក់​យន្ត​ហោះដ្រូន​​ ឬ​​​គ្រាប់​មីស៊ីល​​ទៅ​ឱ្យ​រុស្ស៊ី និង​ហាម​ឃាត់​ការ​ផ្ដល់​​អាវុធ​ទាំង​នេះ​ទៅ​ឱ្យ​កូន​ចៅ​របស់​អ៊ីរ៉ង់។ ​អ៊ីស្រាអែល​ថ្លែង​ថា​ខ្លួន​​បាន​​ផ្ញើ​​កំណត់​ទូត​ទៅ​ប្រទេស​ចំនួន​៣២​​ដើម្បី​​​ដាក់​ទណ្ឌកម្ម​អ៊ីរ៉ង់​ និង​ដាក់​បញ្ចូល​ឆ្នាំ​បដិវត្ត​អ៊ីរ៉ង់​ជា​ចលនា​ភេរវកម្ម​​។ អ៊ីរ៉ង់​ប្រកាស​​សង​សឹក​វិញ​បើ​ខ្លួន​ទទួល​រង​ការ​វាយ​ប្រ​ហារ​​សង​សឹក​ពី​អ៊ីស្រាអែល​​​។​

ឥឡូវ​នេះ សហ​គមន៍​អន្តរ​ជាតិ​គ្មាន​អ្វី​ក្រៅ​ពី​ការ​សំណូម​ពរ​ទេ​។ ទាំង​អគ្គ​លេខា​ធិការ​អង្គ​ការ​សហ​ប្រជា​ជាតិ​, ទាំង​សម្ព័ន្ធ​មិត្ត​អ៊ីស្រាអែល​ ទាំងប្រទេស​ជា​មិត្ត​របស់​អ៊ីរ៉ង់​បន្ត​អំពាវ​នាវ​ឱ្យ​ប្រទេស​ទាំង​ពីរ​ខិត​ខំ​អត់​ធ្មត់​ជា​អតិ​បរមា​។ លោក​ពូទីន​បាន​និយាយ​ទូរ​ស័ព្ទ​ទៅ​ប្រធានា​ធិបតី​អ៊ីរ៉ង់​ដើម្បី​​ជជែក​​​គ្នា​អំពី​បញ្ហា​នេះ​។

ចំណែក​លោក​បៃដិន​ក៏​និយាយ​ទូរ​ស័ព្ទ​ទៅ​លោក​ណឺតាន់​យ៉ាហ៊ូ​ផង​ដែរ​។ លោ​កបៃដិន​ប្រាប់​​លោក​ណឺតាន់​យ៉ាហ៊ូ​ថា​​ «បើ​អ៊ីស្រាអែល​នៅ​តែ​ជម្នះ​ចិត្ត​វាយ​ប្រហារ​អ៊ីរ៉ង់ អាមេរិក​មិន​លេង​ចូល​ទេ​»​។ ដូច្នេះ​លោក​បាន​ស្នើ​សុំ​យ៉ាង​ទទូច​ឱ្យ​លោក​ណឺតាន់​យ៉ាហ៊ូ​​​ពិចារណា​ឲ្យ​បាន​ហ្មត់​ចត់​បំផុត​អំពី​ហានិភ័យ​​នៃ​សង្គ្រាម​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ