កម្ពុជានឹងពង្រឹងបន្ថែម នូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ាន-សហរដ្ឋអាមេរិក
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស…
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស…
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាប្រកបដោយភាពស្និទ្ធស្នាល ជាមួយ ឯកឧត្តម Yohannes Abraham ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំអាស៊ាន ។
ក្នុងឱកាសចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួង ភាគីទាំងពីរ បានកោតសរសើរចំពោះសន្ទុះដ៏ល្អ នៃទំនាក់ទំនងរបស់អាស៊ាន-សហរដ្ឋអាមេរិក និងរំលឹកឡើងវិញ នូវជោគជ័យ នៃការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ាន-សហរដ្ឋអាមេរិក កាលពីឆ្នាំ២០២២ ប្រកបដោយអត្ថន័យ ខ្លឹមសារ និងផ្តល់ប្រយោជន៍ ទៅវិញទៅមក។ ខណៈដែលកម្ពុជា នឹងទទួលតួនាទីក្នុងពេលដ៏ខ្លីខាងមុខជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន-សហរដ្ឋអាមេរិក សម្រាប់រយៈពេល ៣ឆ្នាំ(២០២៤-២០២៧) ។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត មានទស្សនៈដូចគ្នាថា ប្រទេសទាំងពីរ ត្រូវធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា និងជាមួយបណ្តាប្រទេសសមាជិកអាស៊ានដទៃទៀត ដើម្បីសម្រេចបាននូវសមិទ្ធផលសំខាន់ៗបន្ថែមទៀតនៅក្នុងភាពជាដៃគូ និងសម្រេចឱ្យបានផលប្រយោជន៍ ទៅវិញទៅមកសម្រាប់កំណើនរួមគ្នា។ ភាគីទាំងពីរ ក៏បានផ្ដល់សារសំខាន់យ៉ាងខ្លាំងលើវិស័យបច្ចេកវិទ្យាទំនើប និងសេដ្ឋកិច្ចឌីជីថល ដើម្បីជំរុញការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចសង្គមក្នុងតំបន់ ហើយបានប្តេជ្ញាចិត្តក្នុងការប្រែក្លាយចក្ខុវិស័យទៅជាសកម្មភាពជាក់ស្ដែង ។
ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី បានលើកឡើងពីសារសំខាន់ នៃមជ្ឈភាពអាស៊ាន និងយន្តការនានា ដែលដឹកនាំដោយអាស៊ាន ក្នុងការអភិវឌ្ឍនិម្មាបនកម្មតំបន់ ដែលបើកចំហ ប្រកបដោយតម្លាភាព បរិយាប័ន្ន និងផ្អែកលើច្បាប់ ដើម្បីធានាបាននូវសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពក្នុងតំបន់ ។
ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានអះអាងជាថ្មីអំពីការគាំទ្រ និងការគោរពយ៉ាងម៉ឺងម៉ាត់របស់សហរដ្ឋអាមេរិក ចំពោះមជ្ឈភាព និងឯកភាពអាស៊ាន ។ ភាគីទាំងពីរ ក៏បានផ្លាស់ប្ដូរទស្សនៈមួយចំនួនលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាក្តីបារម្ភ និងផលប្រយោជន៍រួម ផងដែរ ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅជូនគណៈប្រតិភូសហរដ្ឋអាមេរិក ក្នុងអំឡុងពេលកម្ពុជាជាប្រធានអាស៊ាន កាលពីឆ្នាំ២០២២ និងបានទទួលស្គាល់ នូវតួនាទីដ៏សំខាន់របស់អាស៊ាន ក្នុងការរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងលើកកម្ពស់កំណើននៅក្នុងតំបន់ ៕
ចែករំលែកព័តមាននេះ