ទីក្រុងប៉េកាំង៖ ប្រទេសចិនប្រកាសដាក់ទណ្ឌកម្មជនជាតិអាមេរិក២នាក់ដែលជាមន្ត្រីជាន់ខ្ពស់របស់ក្រុមហ៊ុនលក់អាវុធ។ យោងតាមការសម្រេចដាក់ទណ្ឌកម្មនេះ រដ្ឋាភិបាលចិនបិទខ្ទប់មិនឱ្យអ្នកទាំង២ធ្វើដំណើរចូលប្រទេសចិនអស់មួយជីវិត ហើយផ្អិបទុកទ្រព្យសម្បត្តិរបស់ពួកគេដែលមាននៅប្រទេសចិន។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេសចិន។
វិធានការនេះអនុវត្តទៅលើទី១-ក្រុមហ៊ុនផលិតយន្តហោះដ្រូន និងទី២-ក្រុមហ៊ុនផលិតឡានទាហាន។ ចិនចាត់ទុកថាការដែលក្រុមហ៊ុនទាំង២លក់អាវុធទៅឱ្យតៃវ៉ាន់គឺជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន ហើយប៉ះពាល់អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិន។ នេះជាការរំលោភគោលការណ៍ចិនតែ១ផង និងរំលោភសេចក្ដីថ្លែងការណ៍រួមរវាងចិន និងអាមេរិកផង។ ដូច្នេះ ចិនសម្រេចចិត្តផ្អិបទុកកម្មសិទ្ធិរបស់ក្រុមហ៊ុនទាំង២ដែលមាននៅលើទឹកដីចិន និងបិទលិខិតឆ្លងដែន។
ឥឡូវនេះ លទ្ធភាពនៃការផ្ទុះសង្គ្រាមរវាងចិន និងតៃវ៉ាន់កាន់តែមានភាគរយខ្ពស់មែនទែនរហូតដល់ភាគីទាំង២កំពុងហាត់សមរៀងៗខ្លួន។ ចិនហាត់សមវាយប្រហារតៃវ៉ាន់ ខណៈដែលតៃវ៉ាន់ហាត់សមទប់ទល់នឹងការវាយលុក។ ឆ្នាំនេះតៃវ៉ាន់នឹងរៀបចំលំហាត់សមយុទ្ធយោធាប្រចាំឆ្នាំដោយផ្ដោតសំខាន់ទៅលើវិញ្ញាសាការពារ និងវាយរុញច្រានទាហានចិន។ ៤ឆ្នាំចុងក្រោយនេះ ចិនធ្វើសមយុទ្ធយោធាកាន់តែញឹកញាប់ និងមានទ្រង់ទ្រាយធំជាងពេលណាៗទាំងអស់នៅក្បែរកោះតៃវ៉ាន់។
លោកស៊ីជីនពីងប្ដេជ្ញាចិត្តរួចហើយថានៅក្នុងសករាជដឹកនាំរបស់លោក លោកត្រូវតែយកកោះតៃវ៉ាន់មកគ្រប់គ្រងឱ្យខាងតែបានទោះបីដោយកម្លាំងយោធាក៏ដោយ។ រឿងវាយប្រហារតៃវ៉ាន់មិនលេងសើចទេ ទោះបីអ្នកវិភាគខ្លះប្រមើលឃើញថាចិននឹងមិនវាយតៃវ៉ាន់ក៏ដោយ។ អ្នកសម្រេចចិត្តវាយតៃវ៉ាន់ ឬមិនវាយ គឺមេដឹកនាំកំពូលរបស់ចិន មិនមែនអ្នកវិភាគទេ។
ប្រភពចារកម្មរបស់ប្រទេសមហាអំណាចធំៗដូចជាអាមេរិក និងអឺរ៉ុបក្ដាប់ព័ត៌មានបានច្បាស់ណាស់ថាប្រទេសចិននឹងវាយប្រហារតៃវ៉ាន់នៅក្នុងរង្វង់បួនប្រាំឆ្នាំទៀត។ ប្រភពសម្ងាត់រាយការណ៍ថាលោកស៊ីជីនពីងបានចេញបញ្ជាឱ្យកងទ័ពចិនត្រៀមលក្ខណៈសម្បត្តិឱ្យបានរួចរាល់ត្រឹមឆ្នាំ២០២៧។ នៅពេលនោះ ពួកគេត្រូវរង់ចាំបញ្ជាពីលោកដើម្បីវាយចូលតៃវ៉ាន់។
ដោយសារមិនអាចមើលស្រាលស្ថានការណ៍នេះហើយទើបបានជាអាមេរិកកំពុងជជែកគ្នាយ៉ាងដុតដៃដុតជើងជាមួយប្រទេសមួយចំនួននៅសប្ដាហ៍នេះ។ បក្សសម្ព័ន្ធត្រីភាគីអូខឺស (AUKUS) ដែលមានអូស្ត្រាលី អង់គ្លេស និងអាមេរិកបានពិភាក្សាអំពីការបង្កើតកិច្ចសហប្រតិបត្តិយោធាជាមួយជប៉ុន។ អាមេរិកថ្លែងថាខ្លួននឹងកែសម្រួលរបៀបធ្វើការរបស់កងទ័ពដើម្បីដាក់បញ្ជាការដ្ឋានកម្រិតខ្ពស់នៅលើទឹកដីជប៉ុន ងាយស្រួលធ្វើអន្តរាគមន៍នៅពេលមានបញ្ហាអ្វីមួយកើតឡើង។
តៃវ៉ាន់ និងជប៉ុននៅឃ្លាតគ្នាត្រឹមតែ១០០គីឡូម៉ែត្រប៉ុណ្ណោះ។ ដូច្នេះ បើសង្គ្រាមចិន និងតៃវ៉ាន់ផ្ទុះឡើង ប្រទេសជប៉ុនក៏ត្រូវតែរងផលប៉ះពាល់ដោយជៀសមិនរួច។ នៅថ្ងៃព្រហស្បតិ៍នេះ អាមេរិកធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលត្រីភាគីជាមួយហ្វ៊ីលីពីន និងជប៉ុនដោយផ្ដោតសំខាន់ទៅលើការពង្រីកឥទ្ធិពលរបស់ប្រទេសចិននៅសមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើត៕
ចែករំលែកព័តមាននេះ