ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​ថា​ទៅ​ថ្ងៃ​មុខ​អាស៊ី​បូព៌ា​អាច​នឹ​ង​មានវាសនា​អាក្រក់​ដូច​អ៊ុយ​ក្រែន

2 អាទិត្យ មុន

តើ​ជប៉ុន​​អាច​នឹង​ហក់​ឡើង​ខ្ពស់​ក្លាយ​ជា​ប្រទេស​មហា​អំណាច​ដូច​មុន​សង្គ្រាម​លោក​លើក​ទី​២​ដែរ​ឬ​ទេ​? នៅចំពោះ​មុខ​នៃ​ការ​​​​គំរាម​កំហែង​នុយក្លេអ៊ែរ​ពី​សំណាក់​​កូរ៉េ​ខាង​ជើង​ និង​​ការ​ពង្រីក​ឥទ្ធិ​​ពល​របស់​​ចិន, ជប៉ុន​អាច​នឹង​ប្រែ​ក្លាយ​កាលា​នុវត្ត​ភាព​នេះ​ទៅ​ជា​ឱកាស​ដើម្បី​ពង្រីក​ឥទ្ធិ​ពល​របស់​ខ្លួន​ជា​មហា​អំណាច​ឡើង​វិញ​។​ ត​ទៅ​នេះ​ជា​អ្វី​ដែល​ដែល​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​បានថ្លែង​សុន្ទរ​កថា​នៅ​ក្នុង​សភា​អាមេរិក​​ដោយ​រំលេច​ឱ្យ​ឃើញ​ពី​ការ​​ប្រមើល​មើល​​ទៅ​​អនាគត​​​នៃ​ស្ថាន​ភាព​នៅ​អាស៊ី​បូព៌ា​ និង​នៅ​លើ​ពិភព​លោក​។​ ទី​ក្រុង​វ៉ាស៊ីនតោន៖ ​កាល​ពី​​យប់​មិញ នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​ លោក​គីស៊ីដា​…

តើ​ជប៉ុន​​អាច​នឹង​ហក់​ឡើង​ខ្ពស់​ក្លាយ​ជា​ប្រទេស​មហា​អំណាច​ដូច​មុន​សង្គ្រាម​លោក​លើក​ទី​២​ដែរ​ឬ​ទេ​? នៅចំពោះ​មុខ​នៃ​ការ​​​​គំរាម​កំហែង​នុយក្លេអ៊ែរ​ពី​សំណាក់​​កូរ៉េ​ខាង​ជើង​ និង​​ការ​ពង្រីក​ឥទ្ធិ​​ពល​របស់​​ចិន, ជប៉ុន​អាច​នឹង​ប្រែ​ក្លាយ​កាលា​នុវត្ត​ភាព​នេះ​ទៅ​ជា​ឱកាស​ដើម្បី​ពង្រីក​ឥទ្ធិ​ពល​របស់​ខ្លួន​ជា​មហា​អំណាច​ឡើង​វិញ​។​ ត​ទៅ​នេះ​ជា​អ្វី​ដែល​ដែល​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​បានថ្លែង​សុន្ទរ​កថា​នៅ​ក្នុង​សភា​អាមេរិក​​ដោយ​រំលេច​ឱ្យ​ឃើញ​ពី​ការ​​ប្រមើល​មើល​​ទៅ​​អនាគត​​​នៃ​ស្ថាន​ភាព​នៅ​អាស៊ី​បូព៌ា​ និង​នៅ​លើ​ពិភព​លោក​។​


ទី​ក្រុង​វ៉ាស៊ីនតោន៖ ​កាល​ពី​​យប់​មិញ នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​ លោក​គីស៊ីដា​ បាន​ឡើង​ថ្លែង​សុន្ទរ​កថា​ដ៏​រំជួល​ចិត្ត​​នៅ​ក្នុង​សភា​អាមេរិក​ដោយ​បង្កប់​សារ​នយោបាយ​សំខាន់​ៗ​ពាក់​ព័ន្ធ​នឹង​ជោគ​​វាសនា​-​អនាគត​នៃ​ប្រទេស​ជាតិ​របស់​លោក​ និង​​​ពិភព​លោក​។ លោក​ថ្លែង​ថា​អ៊ុយ​ក្រែន​ត្រូវ​រុស្ស៊ី​វាយ​ប្រហារ​សឹង​តែ​រលំ​​រលាយ​។ រឿង​នេះ​ច្បាស់​ណាស់​ថា​បើ​អ៊ុយ​ក្រែន​គ្មាន​ជំនួយ​ពី​ប្រទេស​អាមេរិក​ទេ អ៊ុយ​ក្រែន​ត្រូវ​តែ​ដួល​រលំ​នៅ​ចំពោះ​មុខ​នៃ​អំពើ​ឈ្លាន​ពាន​របស់​រុស្ស៊ី។

ដូច្នេះ លោក​យល់​ថា​នេះ​ជា​មេរៀន​មិ​នល្អ​ទាល់​តែ​សោះ​ ហើយ​អាច​ធ្វើ​ឱ្យ​ប្រទេស​ចិន​កាន់​តែ​បាន​ចិត្ត​ និង​ដុត​បញ្ឆេះ​សង្គ្រាម​នៅ​អាស៊ី​បូព៌ា​​នា​ពេល​អនា​គត​​​។ លោក​គីស៊ីដា​បាន​ជំរុញ​ឱ្យ​ពល​រដ្ឋ​អាមេរិកាំង​កុំ​នៅ​មាន​មន្ទិល​សង្ស័យ​ពី​តួ​នាទី​របស់​ខ្លួន​នៅ​ក្នុង​ឆាក​នយោបាយ​អន្តរ​ជាតិ​។ លោក​យល់ថា​រដ្ឋាភិបាល​​ទី​ក្រុង​តូក្យូ​កំពុង​ខិត​ខំ​អភិវឌ្ឍ​សមត្ថ​ភាព​ការ​ពារ​ជាតិ​របស់​ខ្លួន​ដើម្បី​គាំទ្រ​សម្ព័ន្ធ​មិត្ត​​មួយ​នេះ​​​។

​កញ្ចប់​ថវិកា​៦០​ពាន់​លាន​ដុល្លារ​សម្រាប់​ជួយ​អ៊ុយ​ក្រែន​​ដែល​រដ្ឋា​ភិបាល​របស់​លោក​បៃដិន​បាន​​បញ្ជូន​ទៅ​សភា​ដើម្បី​ពិនិត្យ និង​អនុម័ត​នោះ​ឥឡូវ​នេះ​ត្រូវ​កំពុង​នៅ​​ជាប់​គាំង​ត្រឹម​សភា​។ ប្រធាន​រដ្ឋ​សភា​មក​ពី​គណ​បក្ស​សា​ធារណ​រដ្ឋ​ លោក​ម៉ាយ​ ចន​សុន (Mike Johnson) ព្យាយាម​បិទ​ខ្ទប់​មិន​ឱ្យ​មាន​ការ​ពិភាក្សា​ ឬ​បោះ​ឆ្នោ​តអនុម័ត​ទេ​។

លោក​គីស៊ីដា​សូម​ជម្រាប​ប្រាប់​​ពល​រដ្ឋ​អាមេរិកាំង​ដែល​កំពុង​មាន​អារម្មណ៍​ឯ​កា​ និង​ហត់​នឿយ​ក្នុង​ការ​បំពេញ​តួ​នាទី​ជា​ប្រទេស​ដែល​ជួយ​ទ្រ​ទ្រង់​សណ្ដាប់​ធ្នាប់​ពិភព​លោក​។ ​លោក​​​យល់​ថា​អាមេរិក​មាន​តួ​នាទី​សំខាន់​មិន​អាច​ខ្វះ​បាន​។ «បើ​គ្មាន​អាមេរិក​ទេ​ សួរ​ថា​តើ​អ៊ុយ​ក្រែន​អាច​រស់​បាន​ប៉ុន្មាន​ខ្យល់​នៅ​ក្រោម​ទម្ងន់​ដៃ​​នៃ​ការ​វាយ​ប្រហារ​យ៉ាង​សង្គ្រប់​របស់​រុស្ស៊ី​? បើ​គ្មាន​អាមេរិក​ខំ​ឈរ​ជើង​ទប់​ទេ​ សួរ​ថា​តើ​តំបន់​ឥណ្ឌូ-​ប៉ាស៊ី​ហ្វិច​នឹង​ជួប​វិបត្តិ​កម្រិតណា​?»

លោក​យល់​ថា​ពិភព​លោក​កំពុង​ដើរ​ដល់​ចំណុច​របត់​ប្រវត្តិ​សាស្ត្រ​ថ្មី​មួយ​នៅ​ពេលដែល​៖ ទី១-​​សេរី​ភាព និង​លទ្ធិ​ប្រជា​ធិបតេយ្យ​ទទួល​រង​ការ​គំរាម​កំហែង​, ទី២-​​ប្រទេស​រីក​ចម្រើន​​​ថ្មី​ៗ​ចាប់​ផ្ដើម​​​មាន​ឥទ្ធិ​ពល​សេដ្ឋ​កិច្ច​កាន់​តែខ្លាំង, ទី៣-​បញ្ហា​ប្រែ​ប្រួល​អាកាស​ធាតុ​ក៏​បង្ក​បញ្ហា​ខ្លាំង​សម្រាប់​ពិភព​លោក​ និង​ទី​៤-​បញ្ញា​សិប្ប​និម្មិត​ ឬ​អេ​អាយ (AI) រីក​ចម្រើន​កាន់​តែ​ខ្លាំង​អាច​នឹង​ប៉ះ​ពាល់​ជីវិត​រស់​នៅ​របស់​មនុស្ស​។​


លោក​គីស៊ីដា​ចាត់​ទុក​​ប្រទេស​ចិន​ជា​បញ្ហា​ប្រឈម​ខ្លាំង​បំផុត​
នៅ​ក្នុង​ការ​ថ្លែង​សុន្ទរ​កថា​​នៅ​ក្នុង​សភា​អាមេរិក​នោះ លោក​គីស៊ីដា​ឆ្លៀត​រំលេច​ឱ្យ​ឃើញ​ពី​ការ​គំរាម​កំហែង​ពី​សំណាក់​កម្ម​វិធី​នុយ​ក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​ និង​ការ​ផ្ដល់​គ្រាប់​មីស៊ីល និង​គ្រាប់​កាំ​ភ្លើង​ធំ​ទៅ​ឱ្យ​ប្រទេស​រុស្ស៊ី​ដើម្បី​វាយ​ប្រហារ​អ៊ុយ​ក្រែន​។ ប៉ុន្តែ​នេះ​គ្រាន់​តែ​ជា​ការ​គំ​រាម​កំហែង​រយៈ​ពេល​ខ្លី​។ អ្វី​ដែល​​​ធំ​ជាង​នេះ​​​ដែល​ពិភព​លោក​​ត្រូវ​ព្រួយ​បារម្ភ​គឺ​ការ​ពង្រីក​ឥទ្ធិ​ពល​របស់​ប្រទេស​ចិន​​។​​​

លោក​ថ្លែង​ថានយោ​​បាយ​ការ​បរទេស​របស់​ចិន និង​ការ​ពង្រីក​កម្លាំង​យោធា​របស់​ចិន​បាន​ក្លាយ​ជា​បញ្ហា​ប្រឈម​ធំ​បំផុត​មិន​ត្រឹម​តែ​សម្រាប់​​សន្តិ​ភាព និង​ស្ថិ​រ​ភាព​របស់​ប្រទេស​ជប៉ុន​ប៉ុណ្ណោះ​ទេ ​​ប៉ុន្តែ​សម្រាប់​សហ​គមន៍​អន្តរ​ជាតិ​ទាំង​មូល​។ ​«អ្វី​ដែល​កើត​ឡើង​នៅ​អ៊ុយ​ក្រែន​ថ្ងៃ​នេះ​អាច​នឹង​កើត​ឡើង​នៅ​​អាស៊ី​បូព៌ា​នៅ​ថ្ងៃ​ស្អែក​»។ ប្រទេស​ជប៉ុន​ធ្លាប់​បាន​បង្ហាញ​ការ​ខ្វាយ​ខ្វល់​ពី​សកម្ម​ភាព​យោធា​របស់​ចិន​នៅ​ក្បែរ​កោះ​របស់​ជប៉ុន និង​កោះ​តៃវ៉ាន់​ដែល​ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ព្រំ​ដែន​ទឹក​ជប៉ុន​៕

ប្រភព៖ Channel News Asia

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ