ខេត្តសៀមរាប៖ ជីវិតជនពិការតាំងពីសម័យសង្គ្រាមជាន់មីនបាក់ជើងម្ខាង (ឆ្វេង) សុខចិត្តដឹកប្រពន្ធកូនដើរលក់ដូរ (លក់ប៉េងប៉ោង ) តាមរោងបុណ្យ ឬកម្មវិធីធំៗចូលឆ្នាំជាដើម ដល់កន្លែងណា ដេកកន្លែងនឹង ដោយមិនសុខចិត្តដើរសុំទាននាំឱ្យអាប់អោនកិត្តិយសជនពិការ ។
បើតាមលោកពូឈ្មោះ ម៉ៃ រិទ្ធី អាយុ៥៧ឆ្នាំ ជនពិការជើង ម្ខាង(ឆ្វេង)បានរៀបរាប់ប្រាប់កាលពីរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ នេះថា គាត់មានប្រពន្ធឈ្មោះ ម៉ែន សុភាព អាយុ៤៧ឆ្នាំ មានស្រុកកំណើតនៅភូមិស្ទឹងកំបុត ឃុំ ត្រពាំងជង ស្រុកបាកាន ខេត្ត ពោធិ៍សាត់ បច្ចុប្បន្ន រស់នៅក្នុងដីឡូត៍បង់រំលស់ មិនទាន់មានផ្ទះសម្បែង ដែលមានទីតាំង ដីនៅភូមិគោកធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប មានកូនប្រុសចំនួន៣នាក់ បានរៀបការកូនប្រុសច្បងម្នាក់ នៅសល់២នាក់ ។
លោកពូបន្ថែមថា ប៉េងប៉ោងមានរូប១តម្លៃ ៤ពាន់ ទៅ៦ពាន់រៀល ដូច្នេះ លោកសូម អំពាវនាវ ដល់បងប្អូនសប្បុរសជនទាំងក្នុង និងក្រៅប្រទេស មេត្តាជួយទិញផង ។ បច្ចុប្បន្ន ប្រកបមុខរបរ លក់ ប៉េងប៉ោង ជិះម៉ូតូ២នាក់ប្តីប្រពន្ធ ដើរលក់តាមរោងបុណ្យ ឬតាមកម្មវិធីប្រដាល់ ក្បាច់គុនបុរាណខ្មែរ និងកម្មវិធីខនសឺតធំ ៗ ។ល។
លោកថា បានទិញប៉េងប៉ោងតាមទីផ្សារ យកមកបញ្ចូលខ្លួនឯង ដោយប្រើធុងហ្គាស៣០គីឡូ ចំនួន២ : ធុង ទី១ / យកកំពុងបៀរ វាយឱ្យកំពិត រួចកាត់ឱ្យតូច ៗ ហើយយកទៅដាក់ក្នុងធុង រួចមួលក្បាលធុងចេញ ហើយចាក់ទឹកចូលសាប៊ូ ចូល និងលាយឱ្យពេញ ។ បន្ទាប់មក យើងបើកធុង សម្រាប់បញ្ចេញហ្គាសចូលទៅធុងមួយទៀត សម្រាប់បញ្ចូលខ្យល់ ហើយ យកប៉េងប៉ោងដាក់ចូល ក្បាលស្នប់ ហើយសប់ឱ្យវាប៉ោង រួចយកខ្សែនីឡុង១ខ្សែ ចងប៉េងប៉ោងបានតែ១ ។
សូមបញ្ជាក់ថា ពូម៉ៃ រិទ្ធី ជាជនពិការជើងម្ខាង( ឆ្វេង)តាំងពីជំនាន់សង្គ្រាម ហើយលោកបានចូល បម្រើការងារកងទ័ពនៅ ថ្ងៃទី៧ ខែមីនា ឆ្នាំ ១៩៨០ ។
ចែករំលែកព័តមាននេះ