ទីក្រុងហាណូយ៖ សេដ្ឋីអចលនទ្រព្យឈ្មោះទ្រឿងមីឡានដែលបោកលុយគេរាប់សិបពាន់លានដុល្លារនៅក្នុងគម្រោងវិនិយោគខ្យល់ ឬផន់ហ្ស៊ីស្គីម (Ponzi Scheme) ត្រូវតុលាការវៀតណាមផ្ដន្ទាទោសប្រហារជីវិតបាត់ទៅហើយនៅល្ងាចថ្ងៃព្រហស្បតិ៍។ សំណុំរឿងនេះធំធេងណាស់រហូតដល់អ្នកខ្លះចាត់ទុកជាគម្រោងឆបោកធំជាងគេប្រចាំទ្វីបអាស៊ីជាមួយនឹងទំហំទឹកប្រាក់ជាង២០ពាន់លានដុល្លារ។
ស្ត្រីឈ្មោះទ្រឿងមីឡាន (Truong My Lan) ធ្លាប់ជាមនុស្សល្បីល្បាញមានមុខមានមាត់នៅក្នុងសង្គម និងជាសេដ្ឋីអចលនទ្រព្យ។ កាសែតថាញ់នៀន (Thanh Nien) របស់វៀតណាមផ្សាយថានេះជាអំពើឆបោកដ៏ធំជាងគេជាប្រវត្តិសាស្ត្ររបស់វៀតណាម។ ស្ត្រីវ័យ៦៧ឆ្នាំ និងជាអគ្គនាយិការក្រុមហ៊ុនអចលនទ្រព្យវ៉ាន់ធិញហ្វាត (Van Thinh Phat) រូបនេះជាប់ចោទពីបទឆបោកប្រាក់១២,៥ពាន់លានដុល្លារ ឬស្មើនឹង៣%នៃទំហំសេដ្ឋកិច្ចសរុបក្នុងស្រុក ជីឌីភី (GDP) របស់វៀតណាមកាលពីឆ្នាំ២០២២។
ស្ត្រីរូបនេះកាន់កាប់ដោយខុសច្បាប់នូវធនាគារពាណិជ្ជសៃហ្កនចាប់ពីឆ្នាំ២០១២ដល់ឆ្នាំ២០២២ដើម្បីបង្វែរលុយចេញពីធនាគារក្រោមរូបភាពផ្ដល់ប្រាក់កម្ចីទៅឱ្យក្រុមហ៊ុនខ្យល់ជាងមួយពាន់ និងសូកប៉ាន់មន្ត្រីរដ្ឋាភិបាល។ ខែតុលា ឆ្នាំ២០២២ សមត្ថកិច្ចចាប់ខ្លួនគាត់តែម្ដងចំពេលវៀតណាមបើកយុទ្ធនាការកម្ចាត់អំពើពុករលួយក្រោមការបញ្ជាផ្ទាល់ពីអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោកង្វៀនហ៊្វូជុង (Ngyuen Phu Trong)។
យុទ្ធនាការនេះមិនធម្មតាទេបោសសម្អាតតាំងពីថ្នាក់លើរហូតដល់ថ្នាក់ក្រោមប្រៀបដូចជាគេបោសកាំជណ្ដើរ។ រាល់អ្នកពាក់ព័ន្ធនឹងអំពើពុករលួយទាំងអស់ត្រូវអស់តំណែង ឬនាំខ្លួនទៅកាត់ទោស។ សូម្បីតែអតីតនាយករដ្ឋមន្ត្រីវៀតណាម លោកង្វៀនសួនហ្វុក និងអតីតប្រធានាធិបតីវៀតណាម លោកវ៉ូវ៉ាន់ធឿង ក៏ត្រូវអស់បុណ្យដោយសារអំពើពុករលួយដែរ។
ប៉ុន្តែសំណុំរឿងដែលល្បីកក្រើកនៅវៀតណាមគឺគម្រោងឆបោករបស់ស្ត្រីឈ្មោះទ្រឿងមីឡាន។ យោងតាមកាសែតវៀតណាមអ៊ិចប្រែស ទំហំនៃការឆបោកនេះគឺ២៧ពាន់លានដុល្លារ។ តុលាការរកឃើញថាស្ត្រីឈ្មោះទ្រឿងមីឡានមានទោសបីករណី៖ ទី១-ការសូកប៉ាន់, ទី២-ការធ្វើខុសនីតិវិធីរបស់ធនាគារ និងទី៣-ការឆបោក។ តុលាការបង្គាប់ឱ្យស្ត្រីរូបនេះមុននឹងត្រូវគេប្រហារជីវិតត្រូវសងប្រាក់ជាង៦៧៣ពាន់ទ្រីលានដុង ឬជិត២៧ពាន់លានដុល្លារទៅឱ្យធនាគារពាណិជ្ជសៃហ្កន។
តុលាការរទទួលស្គាល់ថាស្ត្រីរូបនេះមានស្ថានសម្រាលទោសខ្លះៗដែរ។ គាត់មិនធ្លាប់មានប្រវត្តិប្រព្រឹត្តបទល្មើសពីមុនមក ហើយគាត់ធ្លាប់ជួយសហគមន៍ច្រើនដែរតាមរយៈមូលនិធិសប្បុរសធម៌ និងការជួយថែទាំសុខភាពជូនប្រជាជន។ នេះក៏អាចជាយុទ្ធសាស្ត្ររបស់ជនឆបោកដើម្បីទាក់ទាញសមានចិត្ត។ អ្នកខ្លះគិតថា «គេជាមនុស្សល្អប៉ុណ្ណឹងដែរ, ចេះជួយអ្នកក្រីក្រប៉ុណ្ណឹងដេរ, គេមិនបោកយើងទេ»។ ការទុកចិត្ត និងជឿជាក់លើជនឆបោកខ្លាំងពេកហ្នឹងហើយដែលនាំឱ្យគេបោកស្រួលៗ។
សម្រេចសម្រួចនៅទីបញ្ចប់ តុលាការយល់ថាមិនអាចបន្ធូរបន្ថយទោសប្រហារជីវិតបានឡើយ។ ស្ត្រីរូបនេះជាមេគំនិតនៅក្នុងអំពើឆបោករយៈពេលវែង ហើយបន្សល់ទុកផលវិបាកដ៏ធ្ងន់ធ្ងរដែលមិនអាចស្ដារឡើងវិញបានឡើយ។ ចាប់ពីឆ្នាំ២០១២ដល់ឆ្នាំ២០២២ ស្ត្រីឈ្មោះឡាន និងបក្សពួកបានខ្ចីលុយពីធនាគារ២៥០០ដងក្រោមរូបភាពកម្ចីអាជីវកម្មធ្វើឱ្យធនាគារខាតបង់ប្រាក់៦៧៧ទ្រីលានដុង ឬស្មើនឹង២៧ពាន់លានដុល្លារ។
ដើម្បីបិទបាំងអំពើទុច្ចរិតនេះ ទ្រឿងមីឡានសូកប៉ាន់មន្ត្រីទទួលបន្ទុកខាងសវនកម្មដើម្បីធ្វើរបាយការណ៍ភូតកុហកទៅថ្នាក់លើ។ ប្រធានសវនកម្មជាតិវៀតណាមត្រូវតុលាការរកឃើញថាបានទទួលសំណូកជាង៥លានដុល្លារ។ ចំណែកមេរបស់មន្ត្រីរូបនេះត្រូវតុលាការរកឃើញថាទទួលសំណូកបីសែនដុល្លារ៕
ប្រភព៖ Vietnam Express និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ