មហាជន ជាពិសេស បណ្តាអ្នកលេងហ្វេសប៊ុក បានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីឃើញមានការផ្សព្វផ្សាយពេញបណ្តាញសង្គមពីករណីមរណភាពរបស់ស្វាមីម្ចាស់ប្រ៊េន Lakamo កាលពីយប់មិញ ដោយសារមានករណីចោរប្លន់ ។
យ៉ាងណា ពាក់ព័ន្ធបញ្ហាខាងលើនេះ គេនៅមិនទាន់ឃើញមានប្រភពណាមួយចេញមកបញ្ជាក់លម្អិតជុំវិញហេតុការណ៍ដែលបានកើតឡើងនេះឡើយ ប៉ុន្តែនៅលើគណនេយ្យហ្វេសប៊ុកអ្នកស្រី មាស ច័ន្ទដាលីន ដែលជាភរិយា និងជាម្ចាស់ប្រ៊េនផលិតផលខាងលើ ក៏បានប្តូរប្រូហ្វាល់ជាពាក្យកាន់ទុក (RIP) ខណៈពេលដែលមិត្តភក្តិ ជាពិសេស បណ្តាអ្នកសិល្បៈជាច្រើនក៏បានបង្ហោះសារសម្តែងការតក់ស្លុតចំពោះដំណឹងខាងលើនេះផងដែរ ។
ប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះសារនៅលើបណ្តាញសង្គមថា ស្វាមីម្ចាស់ផលិតផល Lakamo បានទទួលមរណៈភាពហើយ ដោយមានករណីចោរប្លន់ ស្លុតចិត្តណាស់លោកអើយ បងសូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំនេះ។
ដោយឡែក ពាក់ព័ន្ធករណីខាងលើនេះ ប្រភពពីអ្នកជិតស្និទ្ធិម្ចាស់ប្រ៊េន Lakamo មួយរូបបានអះអាងប្រាប់កោះសន្តិភាពដោយខ្លីថា ស្វាមីម្ចាស់ប្រ៊េនខាងលើនេះ ពិតជាទទួលមរណភាពប្រាកដមែន ប៉ុន្តែចំពោះរឿងហេតុយ៉ាងណានោះ លោកក៏មិនបានដឹងដែរ ។
យ៉ាងណា ផ្ទុយពីការអះអាងពីបណ្តាអ្នកសិល្បៈថា ករណីស្លាប់ស្វាមីម្ចាស់ផលិតផល Lakamo បណ្តាលមកពីករណីប្លន់នោះ តារាសម្តែងលោក អ៊ឹម ជីវ៉ា បានបង្ហោះសារជុំវិញរឿងរ៉ាវនេះថា ករណីឃាដកម្មដូចមិនសមនិងអង្គហេតុ ! ចាំតាមដានបន្តរលើកាកោសល្យវិច័យដ៏ជំនាញរបស់សមត្ថកិច្ចបន្តរ និងសូមចូលរួមសោកស្តាយចំពោះក្រុមគ្រួសារនៃសព ។
លោកបញ្ជាក់ថា នៅក្នុងផ្ទះជិត20នាក់ មានក្រុមថតរួមជាមួយតារាតិចតុកនិងតារាFacebook រួមជាមួយអង្គរក្សនិងម្ចាស់ផ្ទះ លឺថាចោមានតែម្នាក់ រឿងកើតឡើងតាំងពីយប់ ចោរមកប្លន់ ហេតុអីចោរត្រូវបាញ់ខ្លួនឯងស្លាប់ ? វាជាករណីអ្វី?
យ៉ាងណា ឆ្លើយតបតាមរយៈការខមមិនពីការសាកសួរពីមហាជននៅក្រោមអ្វីដែលលោកបានបង្ហោះខាងលើន លោក អ៊ឹម ជីវ៉ា បានអះអាងថា មិនហ៊ាននិយាយអីលើសពីនេះ ព្រោះចោរមានតែម្នាក់ឯងនៅផ្ទះមានគ្នាជិត២០នាក់ទាំងក្រុមតារានិងអង្គរក្សដែរ ណាហើយទុកអោយមន្ត្រីជំនាញគេធ្វើការចុះប្អូន រឿងអីដែលមិនដឹងកុំនិយាយ ។
ដោយឡែក លោកឧត្តមសេនីយ៍ត្រី ម៉េង វិមានតារា ស្នងការរងនគរបាលខេត្តកណ្តាល បានបង្ហោះសារនៅលើគណនេយ្យហ្វេសប៊ុករបស់លោកជុំវិញហេតុនេះថា មានសេចក្តីរាយការណ៍ថា មានករណីចាប់ជំរិតបាញ់សម្លាប់ជនរងគ្រោះដែលគេដឹងថា ជាប្តីរបស់ម្ចាស់ក្រុមហ៊ុន Lakamo មានឈ្មោះល្បីតាមបណ្តាញសង្គម នៅក្នុងបុរីមួយ ក្នុងខណ្ឌជ្រោយចង្វារ នាម៉ោងជាង១០យប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤! នៅពេលនេះកម្លាំងសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់។
ទាក់ទិនទៅនឹងករណីនេះ បើតាមការឱ្យដឹងពីគណនីឈ្មោះស៊ន សុភ័ក្រ បានបញ្ជាក់ឱ្យដឹងថា ករណីប្លន់នេះ កើតឡើងកាលពីវេលាម៉ោងជាង១១យប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ មានករណីចោរម្នាក់បានចូលទៅផ្ទះម្ចាស់ប្រេន Lakamo នៅខណ្ឌជ្រោយចង្វារ រួចហើយបានភ្ជង់អ្នកបើកឡានឲ្យនាំចូលទៅក្នុងបន្ទប់របស់ជនរងគ្រោះ។
ពេលនោះ ដោយមានការប្រតាយប្រតប់គ្នា ជនល្មើសដែលមានម្នាក់ឯង បានបាញ់ជនរងគ្រោះជាប្តីចំក្បាលបណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង ។ បន្ទាប់មក ខ្មាន់កាំភ្លើងបានគំរាមទារលុយចំនួន២០ម៉ឺនដុល្លារ ពីក្រុមគ្រួសារជនរងគ្រោះ ហើយបើមិនឲ្យទេ ជនរងគ្រោះប្រមាណ១២នាក់នៅក្នុងផ្ទះ នឹងត្រូវបាញ់សម្លាប់ទាំងអស់!។
ព័ត៌មាននេះត្រូវបានកម្លាំងអាវុធហត្ថដឹង ហើយក៏ចាប់ផ្តើមឡោមព័ទ្ធ ក៏ជនល្មើសបាញ់សម្លាប់ខ្លួនឯងតែម្តង។ ដោយឡែកកញ្ញា សុខ លីន តារា TikTok និងជា BA ឲ្យក្រុមហ៊ុននេះ ភ័យពេក ក៏លោតពីលើផ្ទះបណ្តាលឲ្យជង់ចំក រងរបួសធ្ងន់ យកទៅសង្គ្រោះនៅមន្ទីពេទ្យ! នៅពេលនេះកម្លាំងអាវុធហត្ថកំពុងបន្តនីតិវិធីយ៉ាងយកចិត្តទុកដាក់! ។
ចែករំលែកព័តមាននេះ