ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិនថា​គ្មាន​កម្លាំង​ណា​អាច​ទប់​ស្កាត់​ការ​បង្រួប​បង្រួម​ជាតិ​ចិន​បាន​ឡើយ

2 អាទិត្យ មុន

ទី​ក្រុង​ប៉េកាំង៖ ​ប្រធានា​ធិបតី​ចិន លោក​ស៊ី​ជីន​ពីង ​ថ្លែង​ប្រាប់​លោក​ម៉ាអ៊ីង​ជាវ​ដែល​បំពេញ​ទស្សន​កិច្ច​​ឯក​ជន​ក្រៅ​ផ្លូវ​ការ​នៅ​ប្រទេស​ចិន​ថា​ទោះ​បី​អ្នក​ខាង​ក្រៅ​គេ​និយាយ​អ្វី​ក៏​និយាយ​ចុះ​។ ប៉ុន្តែ​​ប្រទេស​ចិន​នៅ​តែ​ប្ដេជ្ញា​មុត​មាំ​ថា​នឹង​បង្រួប​បង្រួម​ទឹក​ដី​ឡើង​វិញ​ឱ្យ​ទាល់​តែ​បាន​​។ ដូច្នេះ ពួក​គេ​មិន​អាច​បញ្ឈប់​ប្រទេស​ចិន​នៅ​ក្នុង​បញ្ហា​នេះ​បាន​ឡើយ​។ លោក​ម៉ាអ៊ីងជាវ​ជា​អតីត​ប្រធានា​ធិបតី​តៃវ៉ាន់​ និង​ជា​អ្នក​ដែល​ចង់​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​ចិន​ គ្រាន់​តែ​ថា​លោក​មិន​គាំទ្រ​ការ​រណប​​​ប្រទេស​ចិន​ទេ​។​…

ទី​ក្រុង​ប៉េកាំង៖ ​ប្រធានា​ធិបតី​ចិន លោក​ស៊ី​ជីន​ពីង ​ថ្លែង​ប្រាប់​លោក​ម៉ាអ៊ីង​ជាវ​ដែល​បំពេញ​ទស្សន​កិច្ច​​ឯក​ជន​ក្រៅ​ផ្លូវ​ការ​នៅ​ប្រទេស​ចិន​ថា​ទោះ​បី​អ្នក​ខាង​ក្រៅ​គេ​និយាយ​អ្វី​ក៏​និយាយ​ចុះ​។ ប៉ុន្តែ​​ប្រទេស​ចិន​នៅ​តែ​ប្ដេជ្ញា​មុត​មាំ​ថា​នឹង​បង្រួប​បង្រួម​ទឹក​ដី​ឡើង​វិញ​ឱ្យ​ទាល់​តែ​បាន​​។ ដូច្នេះ ពួក​គេ​មិន​អាច​បញ្ឈប់​ប្រទេស​ចិន​នៅ​ក្នុង​បញ្ហា​នេះ​បាន​ឡើយ​។ លោក​ម៉ាអ៊ីងជាវ​ជា​អតីត​ប្រធានា​ធិបតី​តៃវ៉ាន់​ និង​ជា​អ្នក​ដែល​ចង់​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​ចិន​ គ្រាន់​តែ​ថា​លោក​មិន​គាំទ្រ​ការ​រណប​​​ប្រទេស​ចិន​ទេ​។​

លោក​ស៊ី​ជីន​ពីង​ថ្លែង​បន្ត​ទៀត​ថា​ដែន​ដីទាំង​ពីរ​នេះ​ទោះ​បី​អាក្រក់​ល្អ​ស​ខ្មៅ​នឹង​គ្នា​​យ៉ាង​ណា​ក៏​ដោយ​ក៏​​​​យើង​នៅ​​​តែ​អាច​និយាយ​គ្នា​បាន​​។ គ្មាន​អ្វី​ដែល​ថា​យើ​ងមិន​អាច​និយាយ​គ្នា​បាន​នោះ​ទេ​។ ចាប់​តាំង​ពី​ពួក​អ្នក​ជាតិ​និយម​រត់​ភៀស​ខ្លួនទៅ​កោះ​តៃវ៉ាន់​កាល​ពី​ឆ្នាំ​១៩៤៩​​​មិន​ដែល​មាន​មេ​ដឹក​នាំ​ដែល​កំពុង​កាន់​តំណែង​នៅ​កោះ​តៃវ៉ាន់រូប​ណា​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន​ទេ​។​​

លោក​ម៉ា​ធ្លាប់​ជា​ប្រធានា​ធិបតី​តៃវ៉ាន់​ពី​ឆ្នាំ​២០០៨-​២០១៦​។ កាល​ពី​ឆ្នាំ​២០២៣ លោក​ជា​អតីត​ប្រធា​នា​ធិបតី​តៃវ៉ាន់​ទី១​​​​​ដែល​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន​។ ឥឡូវ​នេះ​ទៀត​ លោក​ធ្វើ​ដំណើរ​ជាន់​ទឹក​ដី​ចិន​ជា​លើក​ទី​២​ចំ​ពេល​មាន​ភាព​ល្អក់កករ​នឹង​គ្នា​រវាង​ចិន និង​តៃវ៉ាន់​កាន់​តែ​ខ្លាំង​។ ​តាំង​ពី​មុន​​​កិច្ច​ជំនួប​រវាង​លោក​ម៉ា និង​លោក​ស៊ីជីន​ពីង​​នេះ​ទៅ​ទៀត​ គេ​ទាយ​គ្រប់​មាត់​ថា​អ្នក​ទាំង​ពីរ​ប្រាកដ​ជា​ជួប​គ្នា​ជា​មិន​ខាន​ឡើយ​។ លោក​ទាំង​២​ធ្លាប់​ជួប​គ្នា​ក្រៅ​ផ្លូវ​ការ​ម្ដង​នៅ​ប្រទេស​សិង្ហបុរី​កាល​ពី​ចុង​ឆ្នាំ​២០១៥​។

នៅ​ក្នុង​កិច្ច​ជំនួប​នៅ​រសៀល​ថ្ងៃ​ពុធ​រវាង​លោក​ស៊ី​ជីន​ពីង និង​លោក​ម៉ា​នៅ​វិមាន​ប្រជា​ជន​ចិន​នៃ​ទី​ក្រុង​ប៉េកាំង លោក​ស៊ី​ជីន​ពីង​ថ្លែង​ថា​ប្រជា​ជន​ចិន និង​តៃវ៉ាន់​សុទ្ធ​តែ​មាន​ឈាម​ជ័រ​ជា​ជន​ជាតិ​ចិន​តែ​មួយ​។ លោក​ចង់​មាន​ន័យ​ថា​អ្នកខាង​ក្រៅ​ចង់​ជ្រៀត​ជ្រែក​យ៉ាង​ណា​ក៏​មិន​អាច​ធ្វើ​អ្វី​យើ​ងកើត​ដែរ​។ សំខាន់​ឱ្យ​តែ​យើង​ចេះ​រួប​រួម​សាមគ្គី​គ្នា​ជា​មហា​គ្រួសា​រតែ​​១​។ ប្រសាសន៍​របស់​លោក​ស៊ី​ជីន​ពីង​ត្រង់​ចំណុច​នេះ​ត្រូវ​សារ​ព័ត៌​មាន​​នៅ​កោះ​តៃវ៉ាន់​​យក​ទៅ​ចុះ​ផ្សាយ​យ៉ាង​ព្រោង​ព្រាត​។​

លោក​ថ្លែង​ដោយ​សង្ខេប​ៗ​តែ​ប៉ុណ្ណឹង​​​ដោយ​មិន​ធ្វើ​អត្ថា​ធិប្បាយ​លម្អិត​ពេក​ទេ​។ ប៉ុន្តែ​គេ​អាច​កាត់​យល់​ថា​ភាសា​របស់​រដ្ឋាភិបាល​ចិន​ត្រង់​ចំណុច​នៃ​ការ​ជ្រៀត​ជ្រែក​ពី​ខាង​ក្រៅ​នេះ​ចង់​សំដៅ​លើ​​ក្រុម​បស្ចិម​ប្រទេស​ដែល​តែង​តែ​គាំទ្រ​កោះ​តៃវ៉ាន់​។ ឧទាហរណ៍​ដូច​​ជា​ប្រទេស​អាមេរិក​​ជា​ដើម​។ អាមេរិក​​លក់​​អាវុធ​ទៅ​ឱ្យ​តៃវ៉ាន់​ ហើយ​​ធ្វើ​ឱ្យ​ចិន​ខឹង​សម្បារ​យ៉ាង​ខ្លាំង​។​ លោក​ស៊ី​ជីន​ពីង​ថ្លែង​ប្រាប់​លោក​ម៉ាអ៊ីង​ជាវ​ថា​យើង​ជា​ជន​ជាតិ​តែ​មួយ​។ ដូច្នេះ គ្មាន​អ្វី​ដែល​​យើង​មិន​អាច​ដោះ​ស្រាយ​បាន​​ឡើយ​, គ្មាន​បញ្ហា​អ្វី​ដែល​យើ​ងមិន​​អាច​​ពិភាក្សា​គ្នា​​បាន​ឡើយ​​ ហើយ​ក៏​គ្មាន​កម្លាំង​អ្វី​ដែល​អាច​បំបែក​បំបាក់​ពួក​យើង​បាន​ឡើយ​។

ប្រទេស​ចិន​បាន​ចិញ្ចឹម​ចិត្ត​តាំង​ពី​យូរ​មក​ហើយ​ថា​ត្រូវ​តែយក​កោះ​តៃវ៉ាន់​មក​គ្រប់​គ្រង​ឱ្យ​ខាង​តែ​បាន​។ បើ​បង្រួប​បង្រួម​ទឹក​ដី​​ដោយ​​​ធម៌​ត្រជាក់​មិន​បាន​ទេ​​​ មាន​តែ​ប្រើ​ធម៌​ក្ដៅ​។ មាន​ន័យ​ថា​ប្រើ​កម្លាំង​ទ័ព​វាយ​ចូល​កោះ​តៃវ៉ាន់​។ រឿង​នេះ​ច្បាស់​ណាស់​មិន​អាច​លេង​សើច​បាន​ទេ​​។ សូម្បី​តែ​ប្រទេស​អាមេរិក​ក៏​ធ្លាប់​ទស្សន៍​ទាយ​ថា​​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ​​​ប្រទេស​ចិន​នឹង​វាយ​តៃវ៉ាន់​។​

លោក​​ម៉ាអ៊ីង​ជាវ​ជម្រាប​ប្រាប់​លោក​ស៊ី​ជីន​ពីង​ថា​នៅ​ពេល​មាន​ភាព​តាន​តឹង​រវាង​ចិន និង​តៃវ៉ាន់​ធ្វើ​ឱ្យ​ប្រជា​ជន​តៃវ៉ាន់​ភ័យ​បុក​ពោះ​មិន​ស្ទើរ​ទេ​។ លោក​ថ្លែង​បន្ត​ទៀត​ថា​បើ​ផ្ទុះ​សង្គ្រាម​រវាង​ចិន​ និង​តៃវ៉ាន់​ ប្រជា​ជន​ចិន​​​​ពិត​ជា​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង​​​។ ​​លោក​យល់​ថា​ប្រជា​ជន​ចិន​​ និង​​​​​​តៃវ៉ាន់​​ចង់​​ដោះ​ស្រាយ​​​ជម្លោះ​ដោយ​សន្តិ​វិធី​ ហើយ​ចង់​ជៀស​វាង​ការ​ប្រទាំង​ប្រទើស​គ្នា​​​។

ជា​ការ​បញ្ចេញ​ប្រតិ​កម្ម​តប​ទៅ​នឹង​ការ​ជួប​គ្នា​នេះ តៃវ៉ាន់​​សោក​ស្ដាយ​មិន​គួរ​លោក​ម៉ា​អ៊ីងជាវ​បាន​ជ្រុល​ទៅ​ដល់​ប្រទេស​ចិន និង​ជួប​ទល់​មុខ​គ្នា​ជា​មួយ​លោក​ស៊ី​ជីពីង​ទៅ​ហើយ​​លោក​បែរ​ជា​មិន​បាន​ពាំ​នាំ​នូវ​ការ​ប្ដេជ្ញា​ចិត្ត​របស់​ប្រជា​ជន​តៃវ៉ាន់​ដែល​ត្រៀម​ការ​ពារ​អធិបតេយ្យ​ភាព​ជាតិ​ និង​លទ្ធិ​ប្រជា​ធិបតេយ្យ​​របស់​ខ្លួន​។ ការិយាល័យ​ទំនាក់​ទំនង​ជាមួយ​​​ចិន​ដី​គោក​​​ដែល​មាន​ទី​ស្នាក់​ការ​នៅ​តៃវ៉ាន់​ថ្លែង​ថា​រដ្ឋាភិបាល​ចិន​គួរ​ឈប់​ប្រើ​ភាសា​​គំរាម​​​កំហែង​ ហើយ​គួរ​ដោះ​ស្រាយ​ការ​ខ្វែង​គំនិត​គ្នា​ដោយ​សន្តិ​វិធី​៕

ប្រភព៖ Reuters និង​ប្រភព​ដទៃ​ទៀត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ