រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានអះអាងជាថ្មីថា ទឹកទន្លេមេគង្គ នៅព្រះរាជាណាចក្រកម្ពុជា ក្នុងខេត្តស្ទឹងត្រែង ព្រំដែនកម្ពុជា-ឡាវ មិនទាន់ទទួលរងផលប៉ះពាល់ពីឧបទ្ទវហេតុ នៃការលេចធ្លាយអាស៊ីតស៊ុលផួរិច នៅទន្លេណាមខាន់ដែលជាដៃទន្លេមេគង្គ ក្នុងប្រទេសឡាវ នៅឡើយទេ ។
យោងតាមសេចក្តីជូនដំណឹងបន្ថែម ស្តីពីគុណភាពទឹកទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែង ជាប់ព្រំដែនប្រទេសឡាវ របស់ក្រសួងធនធានទឹក នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ បានឲ្យដឹងថា ក្រោយពីបានទទួល នូវព័ត៌មានបឋមពីលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ ជម្រាបមក ប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ អំពីឧបទ្ទវហេតុ នៃការលេចធ្លាយសារធាតុគីមីចូលក្នុងស្ទឹងណាមខាន់ ស្ថិតនៅក្នុងក្រុងហ្លួងប្រាបាង នៃខេត្តហ្លួងប្រាបាង ប្រទេសឡាវ ដែលបណ្តាលមកពីឧបទ្ទវហេតុ នៃការក្រឡាប់រថយន្តដឹកសារធាតុគីមី (អាស៊ីតស៊ុលផួរិច) ប្រមាណ៣០តោន នៅភូមិ ភូសាងខាំ ក្នុងខេត្តហ្លួងប្រាបាង ប្រទេសឡាវ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ។
ក្រសួងធនធានទឹក បានលើកឡើងថា ក្រុមការងារបច្ចេកទេសនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ នៃក្រសួងធនធានទឹក និងឧតុនិយម បានសហការជាមួយមន្ត្រីបច្ចេកទេសមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្ទឹងត្រែង នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ នេះ បានចុះទៅពិនិត្យគុណភាពទឹកនៅខេត្តស្ទឹងត្រែង ដោយបានយកសំណាកទឹកទន្លេមេគង្គ ពីទីតាំងចំនួន ២ ៖ ទី១) នៅខាង លើក្រុងស្ទឹងត្រែងប្រមាណ ៣គីឡូម៉ែត្រ និងទី២) នៅក្បែរព្រំដែនប្រទេសឡាវ ខាងក្រោមទំនប់វារី អគ្គិសនីដនសាហុង របស់ប្រទេសឡាវប្រមាណ ២គីឡូម៉ែត្រ ។
ក្រសួងបញ្ជាក់ថា ៖ ” ជាលទ្ធផល ស្ថានភាពគុណភាពទឹកទន្លេមេគង្គ នៅព្រះរាជាណាចក្រកម្ពុជា ក្នុងខេត្តស្ទឹងត្រែង ព្រំដែនកម្ពុជា-ឡាវ មិនទាន់ទទួលរងផលប៉ះពាល់ពីឧបទ្ទវហេតុ នៃការលេចធ្លាយអាស៊ីតស៊ុលផួរិច នៅទន្លេណាមខាន់ ដែលជាដៃទន្លេមេគង្គក្នុងប្រទេសឡាវ នៅឡើយទេ ។
ជាមួយគ្នានោះដែរ ក្រសួងធនធានទឹក និងឧតុនិយម និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ តាមដានអំពីផលប៉ះពាល់ ដែលអាចកើតមានពីករណីឧបទ្ទវហេតុខាងលើមកលើ គុណភាពទឹកទន្លេមេគង្គ ក្នុងប្រទេសកម្ពុជា និងបន្តធ្វើការជូនដំណឹងបន្ថែម ក្នុងករណីចំបាច់ ៕





ចែករំលែកព័តមាននេះ