រីករាយឆ្នាំថ្មី គឺជាក្តីរំពឹងរបស់ប្រជាជនកម្ពុជាគ្រប់រូប ខណៈដែលកម្ពុជានឹងធ្វើពិធីបុណ្យចូលឆ្នាំខ្មែរ នៅប៉ុន្មានថ្ងៃខាងមុខនេះ ។ ប៉ុន្តែ តើអ្នកបានធ្វើអំពើបុណ្យអ្វីខ្លះ ហើយតើអ្នកបានធ្វើអំពើបាបអ្វីខ្លះកាលពីមួយឆ្នាំកន្លង? វាជាសំនួរដែលនឹងអាចធ្វើអោយយើងឆ្លុះបញ្ចាំងខ្លួនឯង ដើម្បីអោយឃើញរូបភាពដ៏ពិតប្រាកដបំផុតរបស់យើងម្នាក់ៗ…
រីករាយឆ្នាំថ្មី គឺជាក្តីរំពឹងរបស់ប្រជាជនកម្ពុជាគ្រប់រូប ខណៈដែលកម្ពុជានឹងធ្វើពិធីបុណ្យចូលឆ្នាំខ្មែរ នៅប៉ុន្មានថ្ងៃខាងមុខនេះ ។ ប៉ុន្តែ តើអ្នកបានធ្វើអំពើបុណ្យអ្វីខ្លះ ហើយតើអ្នកបានធ្វើអំពើបាបអ្វីខ្លះកាលពីមួយឆ្នាំកន្លង? វាជាសំនួរដែលនឹងអាចធ្វើអោយយើងឆ្លុះបញ្ចាំងខ្លួនឯង ដើម្បីអោយឃើញរូបភាពដ៏ពិតប្រាកដបំផុតរបស់យើងម្នាក់ៗ និងដើម្បីដឹងថា តើយើងមានចំណុចខ្វះខាតអ្វីខ្លះដែលត្រូវកែលម្អនៅក្នុងឆ្នាំថ្មី។
នៅសល់តែប៉ុន្មានថ្ងៃទៀត យើងបាននាំគ្នាឈានចូលឆ្នាំថ្មីជាមួយការរំពឹងទុកអ្វីៗថ្មី និងល្អប្រសើរសម្រាប់យើង ប៉ុន្តែភាពល្អប្រសើរទាំងឡាយ គឺជាលទ្ធផលនៃទង្វើរបស់យើងម្នាក់ៗដែលគប្បីត្រូវតែធ្វើអ្វីៗដែលល្អ សម្រាប់ខ្លួនឯងសម្រាប់មិត្តភក្តិ សម្រាប់គ្រួសារ និងសម្រាប់ប្រទេសជាតិ។
ការចាកចេញពីឆ្នាំចាស់ជាឱកាសម្រាប់យើងឆ្លុះបញ្ជាំងអ្វីដែលបានកើតឡើងនៅក្នុងឆ្នាំចាស់ ហើយឆ្លុះបញ្ជាំងខ្លួនឯងថា បានធ្វើអ្វីខ្លះនៅក្នុងឆ្នាំចាស់ជា អំពើល្អសម្រាប់ខ្លួនឯង សម្រាប់មិត្តភក្តិ សម្រាប់ ក្រុមគ្រួសារ និងប្រទេសជាតិទាំងមូល ។
ទន្ទឹមនោះ វាក៏ជាពេលវាលាដ៌ល្អមួយ ដើម្បីឆ្លុះបញ្ជាំងអ្វីដែលជាការខ្វះខាត ឬជាកំហុសឆ្គងដែលយើងបានធ្វើដោយចេតនា ឬអចេតនានាពេលមួយឆ្នាំកន្លងមកហើយ យើងចៀសវាងចេញឆ្ងាយពីវាទាំងអស់នោះ ។ ការយល់ដឹងច្បាស់អំពីខ្លួនឯងនឹងអាចអោយយើងកែលម្អខ្លួនឯងអោយកាន់តែប្រសើនៅឆ្នាំថ្មី ។ យើងត្រូវលាងជម្រះខ្លួនយើងចេញពីភាពខ្ជិលច្រអូស ចេញពីភាពលោភលន់ចេញពីភាពប្រមឹក ចេញពីការឈ្នានីស ចេញពីការប្រព្រឹត្តអំពើពុករលួយចេញពីការប្រព្រឹត្តភាពអយុត្តិធម៌ ចេញពីការប្រព្រឹត្តិអំពើហិ.ង្សាចេញពីការប្រើគ្រឿងញៀ.នចេញ និងចេញពីអំពើអាក្រក់ ឬបាបទាំងឡាយ ។
យើងត្រូវនាំគ្នាចាប់យកអំពើល្អដែលជួយដល់ខ្លួនឯង ជួយដល់មិត្តភក្តិ ជួយដលកូនចៅ និងឪពុកម្តាយជួយដល់ក្រុមគ្រួសារទាំងអស់ និងជួយដល់សង្គមជាតិទាំងមូល ។ យើងនាំគ្នាបណ្តុះបេះដូងប្រកបដោយមេត្តា បេះដូងពោរពេញដោយក្តីស្រឡាញ់ បេះដូងយុត្តិធម៌ បេះដូងសប្បុរស បេះដូងដែលពោរពេញដោយតែអំពើល្អហើយជម្រះចោលអំពើអាក្រក់ និងបាបទាំងឡាយ ។
ការនាំគ្នាប្រព្រឹត្តតែអំពើល្អជាអ្វីដែលយើងម្នាក់ៗអាចធ្វើបាន ។ នៅពេលយើងគ្រប់គ្នាក្លាយជាមនុស្សល្អ សង្គមកម្ពុជាទាំងមូលនឹងល្អផូរផង់ជាស្វ័យប្រវត្តិ ។ ដូច្នេះយើងមិនគួរចំណាយពេលអត់ប្រយោជន៍បន្ទោសសង្គមជាតិ ដោយខ្លួនយើងផ្ទាល់មិនបានធ្វើខ្លួនក្លាយជាមនុស្សកាន់តែប្រសើរពីមួយឆ្នាំទៅមួយឆ្នាំនោះឡើយ ។
សម្រាប់កោះសន្តិភាព យើងនឹងធ្វើសេចក្តីរាយការណ៍ក្នុងទិសដៅដ៏ប្រាកដប្រជាដោយធ្វើសេចក្តីរាយការណ៍ព័ត៌មានដែលនឹងលើកទឹកចិត្តដល់អំពើល្អទាំងឡាយក្នុងសង្គម ហើយផ្ទុយមកវិញជីកកកាយអំពើអាក្រក់ខុសច្បាប់ទាំងឡាយក្នុងសង្គម ដើម្បីអោយមានការផ្លាស់ប្តូរជាវិជ្ជមានសម្រាប់សង្គមជាតិ ។
កោះសន្តិភាពនឹងរួមចំណែកតាមការទទួលខុសត្រូវរបស់ខ្លួននៅក្នុងការសាបព្រួសអំពើល្អ ហើយកម្ចាត់ចោលរាល់អំពើអសកម្មក្នុងសង្គម ដើម្បីបំពេញបេសកកម្មរបស់ខ្លួនជាអ្នកបម្រើសាធារណជនជាធំ ។ ឆ្នាំថ្មីនឹងក្លាយជាឆ្នាំដែលកាន់តែប្រសើរសម្រាប់ពលរដ្ឋកម្ពុជាគ្រប់រូប ដែលនឹងជម្រុះចោលរាល់អំពើបាប ហើយធ្វើអោយចម្រើនដល់អំពើបុណ្យ ។
កោះសន្តិភាពប្រសិទ្ធិពរជ័យដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបអោយមានសុខភាពល្អ សម្រស់ផូរផង់ សុខកាយ សប្បាយចិត្ត សមិទ្ធផលថ្មីៗ សុភមង្គល ស័ម្ពន្ឋភាពស្នេហារឹងមាំ កិត្តិយសឡើងធំ និងសម្បត្តិសម្បូររុងរឿង។
អ្នកអានទាំងអស់ អាចរួមជាមួយកោះសន្តិភាពនៅក្នុងការចម្រើនបុណ្យនិងជម្រុះបាបតាមរយៈការចែករំលែកអត្ថបទនេះ ទៅកាន់មិត្តភក្តិ និងក្រុមគ្រួសារ និងមនុស្សទាំងអស់ ៕
ចែករំលែកព័តមាននេះ