ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កម្ពុជា​ឈរ​នៅ​ចំណាត់​ទី​៣ ក្រោម​នារី​ថៃ និង​ឡាវ ដែលសម្បូរនារីផឹកស្រា

3 អាទិត្យ មុន

យោង​តាម​តារាង​ចំណាត់ថ្នាក់​នៃ​ការ​ផឹក​គ្រឿង​ស្រវឹង​របស់​នារី នៅ​អាស៊ី​អាគ្នេយ៍ ដែល​ចេញផ្សាយ​ដោយ SEA Rising បាន​បង្ហាញ​ថា នារី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឈរ​នៅ​ចំណាត់​ទី​៣ ក្រោម​នារី​ថៃ និង​នារី​ឡាវ ។…

យោង​តាម​តារាង​ចំណាត់ថ្នាក់​នៃ​ការ​ផឹក​គ្រឿង​ស្រវឹង​របស់​នារី នៅ​អាស៊ី​អាគ្នេយ៍ ដែល​ចេញផ្សាយ​ដោយ SEA Rising បាន​បង្ហាញ​ថា នារី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឈរ​នៅ​ចំណាត់​ទី​៣ ក្រោម​នារី​ថៃ និង​នារី​ឡាវ ។

SEA Rising បាន​បង្ហោះ​តារាង​ចំណាត់​ខាងលើ កាលពី​ថ្ងៃ​ទី​០៨ ខែមេសា ឆ្នាំ​២០២៤ ដោយ​សរសេរ​ជា​ភាសា​អង់គ្លេស​ថា Female alcohol consumption in Southeast Asia ហើយ តារាង​ចំណាត់ថ្នាក់​នេះ ត្រូវ​បាន​ទំព័រ​ហ្វេ​ស​បុក SEA Rising យោង​តាម​ប្រភព​ពី​របាយការណ៍ worldpopulationreview គិត​ត្រឹម​ថ្ងៃ​ទី​០៩ ខែកុម្ភៈ ឆ្នាំ​២០២៤ ។

តាម​រយៈ​តារាង​ចំណាត់​នោះ បង្ហាញ​ថា ៖ – លេខ​១ នារី​ឡាវ ម្នាក់​ផឹកស្រា​អស់​៥.០៩​លី​ត្រ​ក្នុង​មួយ​ឆ្នាំ លេខ​២​នារី​ថៃ ម្នាក់​ផឹកស្រា​អស់​៣.៦១​លី​ត្រ​ក្នុង​មួយ​ឆ្នាំ ចំណែក​លេខ ៣​នារី​កម្ពុជា ម្នាក់​ផឹកស្រា​អស់ ៣.២១​លី​ត្រ​ក្នុង​មួយ​ឆ្នាំ លេខ​៤​នារី​វៀតណាម ម្នាក់​ផឹកស្រា​អស់​៣.១៩​លី​ត្រ ក្នុង​មួយ​ឆ្នាំ លេខ​៥​នារី​ហ្វី​លី​ពី​ន ម្នាក់​ផឹកស្រា​អស់​២.៨៧ លី​ត្រ​ក្នុង​មួយ​ឆ្នាំ លេខ​៦ នារី​សិង្ហ​បុរី ម្នាក់​ផឹកស្រា​អស់​០.៩៩ លី​ត្រ​ក្នុង​មួយ​ឆ្នាំ លេខ​៧ នារី​មី​យ៉ា​ន់​ម៉ា ម្នាក់​ផឹកស្រា​អស់​០.៨៥ លី​ត្រ​ក្នុង​មួយ​ឆ្នាំ លេខ​៨​នារី​ម៉ា​ឡេ​ស៊ី ម្នាក់​ផឹកស្រា​អស់ ០.៣៥ លី​ត្រ​ក្នុង​មួយ​ឆ្នាំ លេខ​៩ នារី​ទី​ម័​រ និង​នារី​ប្រុយ​ណេ ម្នាក់​ផឹកស្រា​អស់​០.២១​លី​ត្រ​ក្នុង​មួយ​ឆ្នាំ លេខ​១០ នារី​ឥណ្ឌូ​នេ​ស៊ី ម្នាក់​ផឹកស្រា​អស់ ០.០៦​លី​ត្រ​ក្នុង​មួយ​ឆ្នាំ ។

គួរ​រំលឹក​ថា មូលហេតុ​ដែល​ប្រទេស​ឡាវ ដែល​ជា​ប្រទេស​ក្រីក្រ​ជាងគេ​មួយ​នៅ​តំបន់​អាស៊ាន ប៉ុន្តែ​បែរជា​នាំមុខ​គេ​រឿង​នារី​ផឹកស្រា​ច្រើន​នោះ ត្រូវ​បាន​សារព័ត៌មាន​រដ្ឋ​ឡាវ laotiantimes អះអាង​ថា ភេសជ្ជៈ​មាន​ជាតិ​អាល់កុល ដើរតួ​យ៉ាង​សំខាន់​ក្នុង​វប្បធម៌​នៃ​ការ​ទំនាក់ទំនង​នៅ​ក្នុង​សង្គម​ឡាវ ហើយ​គ្រឿង​ស្រវឹង​មិន​ត្រឹមតែ​ត្រូវ​បាន​ចាត់ទុកជា​មធ្យោបាយ​នៃ​បដិសណ្ឋារកិច្ច​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ស្រា ថែម​ទាំង​ជួយ​ឱ្យ​មនុស្ស​ងាយ​ចូល​ចុះ​គេ​ចុះ​ឯង ។ ភាព​ពេញ​និយម​របស់​ស្រា នៅ​ប្រទេស​ឡាវ បាន​ឈាន​ដល់​កម្រិត​ថ្មី​មួយ​ដែល​ត្រូវ​បាន​ទទួលស្គាល់​ជាស​កល​ថា ជា​ប្រទេស​ដែល​ផឹក​ស្រវឹង​ខ្ពស់ ។

ជាក់ស្តែង​ចំណាត់ថ្នាក់​លេខ​មួយ នៅ​អាស៊ី​អាគ្នេយ៍​ក្នុង «​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​សម្រាប់​នារី​» ចំណាត់ថ្នាក់​នេះ មិន​បាន​បង្កើត​ភាព​ភ្ញាក់ផ្អើល​ដល់​ស្រទាប់​ប្រជាជន​ឡាវ​នោះ​ទេ ព្រោះ​គេ​អាច​ទាយ​ដឹង​មុខ​ថា ជា​រឿង​ដែល​នឹង​កើតឡើង​ដោយ​ជៀស​មិន​រួច ព្រោះ​វប្បធម៌​នៃ​ការ​ផឹកស្រា​របស់​ប្រជាជន​ឡាវ ។

ជុំវិញ​ចំណាត់ថ្នាក់​នេះ ត្រូវ​បាន​កញ្ញា Chantina Tinanoii ហៅ​ក្រៅ​ថា Tina ជា​អ្នកជំនាញ​ផ្នែក​បរិស្ថាន​និង​សង្គម​ឡាវ បាន​កត់សម្គាល់​ឃើញ​ថា យុវជន​ជា​ច្រើន​នៅ​ទីក្រុង​វៀងចន្ទន៍ កំពុង​ព្យាយាម​ជៀសវាង​ការ​សេព​គ្រឿង​ស្រវឹង ប៉ុន្តែ​វា​សម​ហេតុផល ដោយសារ​យើង​មាន​ចំនួន​ស្ត្រី​ច្រើន​ជាង​បុរស​» ។

កញ្ញា Tina ថា តាម​ធម្មជាតិ​ប្រជាជន​ឡាវ​មាន​ភាព​អៀនខ្មាស​ច្រើន ដូចនេះ​ហើយ​ការ​ផឹកស្រា គឺជា​មធ្យោបាយ​ជួយ​ឱ្យ​ពួក​គេ​ក្លាហាន​ក្នុង​ការ​សប្បាយ និង​និយាយ​ដោយ​បើកចំហ​នូវ​មតិយោបល់​របស់​ពួក​គេ​ក្នុងអំឡុងពេល​ជួបជុំ ។

ដោយឡែក លោក Siphachan Sawatvong ហៅ​កាត់​ថា Max ជា​និស្សិត​ថ្នាក់អនុបណ្ឌិត IT ដែល​ពិភាក្សា​អំពី​ផល​ប៉ះពាល់​នៃ​គ្រឿង​ស្រវឹង​លើ​អន្តរ​កម្ម​សង្គម​បាន​អះអាង​ថា​៖ «​ខ្ញុំ​មិន​ប្រាកដ​ថា ការ​ផឹក​ជា​មធ្យោបាយ​ក្នុង​សង្គម​ទេ ប៉ុន្តែ​តាម​ការ​សង្កេត​របស់ខ្ញុំ ក្នុង​ពិធីជប់លៀង មនុស្ស​ម្នា​តែងតែ​ស្វាគមន៍​គ្នា​ដោយ​ជល់​កែវ ។ Max ទទួលស្គាល់​សក្តានុពល​សម្រាប់​ភេសជ្ជៈ ដើម្បី​ពង្រឹង​ចំណងមិត្តភាព​ដោយ​និយាយ​ថា «​នៅ​ពេល​ដែល​យើង​ផឹក វា​ជា​ឱកាស​ពិសេស​រួច​ទៅ​ហើយ​វា​នាំ​ឱ្យ​យើង​ស្និទ្ធស្នាល​ជាមួយ​គ្នា​»​។

ទោះជា​យ៉ាងណា​ក៏​ដោយ Max ក៏​បាន​គូសបញ្ជាក់​ពី​ជ្រុង​មួយ​នៃ​វប្បធម៌​ផឹកស្រា នៅ​ទូ​ទាំង​តំបន់​អាស៊ី​អាគ្នេយ៍​ថា «​ខ្ញុំ​បានឃើញ​មនុស្ស​មួយ​ចំនួន​បង្ខំ​ឱ្យ​អ្នក​ផ្សេង​ទៀត​ផឹក​… ហើយ​បើ​យើង​ប​ដិ​សេ​ដ​មិន​ផឹក ពួក​គេ​នឹង​និយាយ​ពីក្រោយ​ខ្នង​ថា គ្រាន់តែ​មួយ​កែវ​សោះ វៃ​ឫក​ណាស់​អានេះ ។ នៅ​ក្នុង​ហ្វូង​អ្នក​ផឹក ប្រសិនបើ​យើង​មិន​ចេះ​ផឹក ឬ​យើង​ប្រកែក​មិន​ផឹក គឺ​យើង​ត្រូវ​ប្រឈម​មុខ​នឹង​សម្ពាធ ការ​រើសអើង និង​មិន​ចុះ​ចំណោម​គេ ។ ជុំវិញ​បញ្ហា​នេះ Max លើកទឹកចិត្ត​ដល់​អ្នក​ផឹកស្រា គោរព​ដល់​ជម្រើស​របស់​អ្នក​ដែល​មិន​ដែល​ផឹកស្រា ៕ ដោយ​៖ អោម ចែត​ច័ន្ទ​ណា​រ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ