រាជធានីភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ បានរៀបចំផែនការយ៉ាងម៉ឹងម៉ាត់ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ នៅក្នុងរាជធានីភ្នំពេញ ពិសេសនៅទីតាំងសង្ក្រាន្តវត្តភ្នំ ក្នុងឱកាស នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ កាន់តែខិតជតមកដល់ រដ្ឋបាលរាជធានីភ្នំពេញ បានជំរុញឱ្យមន្ត្រីក្រោមឱវាទ ត្រូវរៀបចំផែនការឱ្យបានម៉ត់ចត់ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ នៅក្នុងរាជធានីភ្នំពេញ ពិសេសនៅតំបន់ទីតាំងសង្ក្រាន្តវត្តភ្នំ ។
នៅព្រឹកថ្ងៃទី០៩ មេសា ឆ្នាំ២០២៤ រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំ ស្ដីពីការងាររៀបចំសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ក្រោមវត្តមានលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ដើម្បីបង្ហាញពីផែនការ ដែលត្រូវអនុវត្តន៍ នាពេលខាងមុខនេះ ។
នៅក្នុងកិច្ចប្រជុំ រដ្ឋបាលរាជធានី មានផែនការដាក់មម្លាំងល្បាត និងដាក់គោលដៅពិនិត្យអាវុធជាតិផ្ទុះ និងពិនិត្យអាកុល នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិនេះ ។
ជាមួយគ្នាផងដែរ កិច្ចប្រជុំនេះ ក៏បានពិភាក្សាទៅលើបញ្ហាបច្ចេកទេស និងអ្នកដែលត្រូវអនុវត្តការងារផ្ទាល់ ក្នុងការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយកម្លាំងទាំងអស់នឹងត្រូវអនុវត្តចាប់ផ្ដើមពីថ្ងៃ១១ ខែមេសានេះ រហូតទៅដល់ថ្ងៃទី១៧ ខែមេសា ដោយសារថា នៅថ្ងៃទី១១ ខែមេសា បងប្អូនប្រជាពលរដ្ឋនឹងត្រូវចាកចេញពីរាជធានីភ្នំពេញ ទៅតាមបណ្ដាខេត្ត ដែលទាមទារឲ្យកងកម្លាំងទាំងអស់ត្រៀមទុកជាមុន ។
ដោយឡែកសម្រាប់ទីតាំងសង្ក្រាន្តវត្តភ្នំ ក៏ត្រូវបានរៀបចំឲ្យបានហ្មត់ចត់បំផុតផងដែរ ដើម្បីបង្កលក្ខណៈឲ្យបងប្អូនប្រជាពលរដ្ឋ អ្នកទេសចរណ៍ជាតិ អន្តរជាតិបានចូលរួមលេងកម្សាន្តនៅទីតាំងរមណីយដ្ឋានវត្តភ្នំនេះបានសប្បាយរីករាយ ទៅតាមការណែនាំដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត ដោយសម្តេចបានណែនាំឲ្យអាជ្ញាធររាជធានី ខេត្តត្រូវរៀបចំសង្ក្រាន្តឆ្នាំថ្មីនេះឲ្យបានល្អបំផុតនៅក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រង ដើម្បីអោយប្រជាពលរដ្ឋយើងបានសប្បាយរីករាយ ។
កិច្ចប្រជុំនេះក៏បានផ្ដោតសំខាន់ផងដែរ ទៅលើការរក្សាសន្តិសុខជូនប្រជាពលរដ្ឋ ខណៈពួកគាត់ចាកចេញពីលំនៅដ្ឋាន ដោយកម្លាំងត្រូវល្បាតក្នុងមូលដ្ឋាន ការពារចោរគាស់ទម្រុះទម្លាយផ្ទះសំបែងយកទ្រព្យសម្បត្តិ ដាក់កម្លាំងពិនិត្យអាវុធជាតិផ្ទុះនិងពិនិត្យជាតិអាកុល ជាមួយនឹងការណែនាំអោយប្រជាពលរដ្ឋចូលរួមបង្ការគ្រោះអគ្គីភ័យ នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីនេះ ៕











ចែករំលែកព័តមាននេះ