ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​លោក​អ្នកដឹង​អ្វីខ្លះ​ពី​សេះ​សមុទ្រ​នៅ​កម្ពុជា?

7 ខែ មុន
  • កំពត

សេះ​សមុទ្រ​ត្រូវ​បាន​ប្រទះ​ឃើញ​ឆ្លាក់​ជាប់​ជញ្ជាំង​ប្រាសាទបាយ័ន និង​ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ​អះអាង​ថា ជា​សត្វ​ស្មោះ​ស្នេហ៍ មិនតែប៉ុណ្ណោះ សត្វ​ឈ្មោល​សុខចិត្ត​ពពោះ​ជំនួស​សត្វ​ញី​ថែម​ទៀត​ផង ។ ស្រប​ពេល​ដែល​រូបសំណាក​សេះ​សមុទ្រ​បាញ់​ទឹក​នៅ​ខេត្តកំពត កំពុង​ទទួល​បាន​ភាព​ល្បីល្បាញ 60 Buzz…

សេះ​សមុទ្រ​ត្រូវ​បាន​ប្រទះ​ឃើញ​ឆ្លាក់​ជាប់​ជញ្ជាំង​ប្រាសាទបាយ័ន និង​ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ​អះអាង​ថា ជា​សត្វ​ស្មោះ​ស្នេហ៍ មិនតែប៉ុណ្ណោះ សត្វ​ឈ្មោល​សុខចិត្ត​ពពោះ​ជំនួស​សត្វ​ញី​ថែម​ទៀត​ផង ។ ស្រប​ពេល​ដែល​រូបសំណាក​សេះ​សមុទ្រ​បាញ់​ទឹក​នៅ​ខេត្តកំពត កំពុង​ទទួល​បាន​ភាព​ល្បីល្បាញ 60 Buzz សូម​បង្ហាញ​ជូន​នូវ​ចំណុច​ពិសេស​ៗ និង​គុណ​តំលៃ​មួយ​ចំនួន​ដែល​កូន​ខ្មែរ​គួរតែ​ស្វែង​យល់​អំពី​សត្វ​សេះ​សមុទ្រ​នៅ​កម្ពុជា ក៏​ដូច​ជា​ចូលរួម​ការពារ​ថែរក្សា និង​អភិរក្ស ។

​សេះ​សមុទ្រ​ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ​កត់ត្រា​ថា មាន​ចំនួន​៤៦​ប្រភេទ​នៅ​ទូ​ទាំង​ពិភពលោក ប៉ុន្តែ​សេះសមុទ្រ​នៅ​ក្នុង​ដែនសមុទ្រ​កម្ពុជា មាន​ចន្លោះ​ពី​៧ ទៅ​៨​ប្រភេទ ហើយ​ការ​រស់នៅ​របស់​ពួក​វា គឺ​ផ្សេង​ៗ​គ្នា​ហើយដោយ​រស់នៅ​រាយ​ប៉ាយ​ស្ទើរ​គ្រប់​ទីកន្លែង ដោយ​មួយ​ចំនួន​រស់នៅ​តំបន់​ខ្សាច់ តំបន់​ស្មៅ​សមុទ្រ និង​តំបន់​ផ្កាថ្ម ។ សេះ​សមុទ្រ ជា​ប្រភេទ​មំសាសី​សត្វ ដែល​ស៊ី​សត្វល្អិត​ដែល​រស់នៅ​ក្នុង​សមុទ្រ​ជា​អាហារ ដូច​ជា​កូន​បង្គា​តូច​ៗ កូន​ត្រី​ល្អិត​ៗ ប្លង់តុង និង​ប្រភេទ​មួយ​ចំនួន​ស៊ី​ស្លែ និង​រុក្ខជាតិ ។

ចំពោះ​ចំណុច​ពិសេស​នៃ​សេះ​សមុទ្រ ត្រូវ​បាន​លោក អ៊ុ​ក វិបុល ប្រធាន​នាយកដ្ឋាន​អភិរក្ស​ជល​ផល​នៃ​រដ្ឋបាល​ជលផល ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បញ្ជាក់​ថា សេះ​សមុទ្រ គឺជា​ប្រភេទ​ត្រី​សមុទ្រ​ម្យ៉ាង ដែល​មាន​រូបរាង​ចម្លែក ជា​ពិសេស​មាន​ក្បាល​ដូច​ជា​សត្វ​សេះ ប៉ុន្តែ​មើលទៅ​Cute​គួរ​ឱ្យ​ស្រឡាញ់ ។ សេះ​សមុទ្រ ខុស​ពី​ប្រភេទ​ត្រី​ទូទៅ ព្រោះតែ​វា​ហែល​បញ្ឈរ ដោយ​ពឹងផ្អែក​ទៅ​លើ​ព្រុយ​ខ្នង​តូច​មួយ ប្រៀប​ដូច​ជា​ចង្វារ​ទូក ដែល​បក់​ជា​មួ​យនឹង​ប្លោក​នោម ដើម្បី​ឱ្យ​វា​អាច​ហែល​ទៅ​មុខ​បាន ហើយ​សេះ​សមុទ្រ​ដកដង្ហើម​តាម​ស្រកី​។

សេះ​សមុទ្រ ត្រូវ​គេ​ចែក​ចេញ​ជា​ពីរ​ក្រុម គឺ​ក្រុម​មាន​បន្លា និង​ក្រុម​គ្មាន​បន្លា ដោយ​មាន​អាយុ​ពី​១​ឆ្នាំ រហូត​ដល់​៥​ឆ្នាំ ទៅ​តាម​ប្រភេទ​តូច និង​ធំ ដោយ​សេះ​សមុទ្រ​ពេញវ័យ​អាច​ទម្ងន់​ប្រហែល​៥០០​ក្រាម និង​ប្រវែង​ចាប់ពី​១,៦​សង់ទីម៉ែត្រ ទៅ​៣៥​សង់ទីម៉ែត្រ​។ សេះ​សមុទ្រ​ត្រូវ​បាន​មនុស្ស​ជុំវិញ​ពិភពលោក​កោត​ស្ងប់​ស្ញែង​ដូច​ទៅ​នឹង​សត្វ​កេងកង​ដែរ ដោយ​សេះ សមុទ្រ​ត្រូវ​បាន​ចាត់ទុកជា​ប្រភេទ​សត្វ ដែល​មាន​ស្នេហ៍​ស្មោះ​ស្ម​គ្រ័​មួយ​ទល់​នឹង​មួយ ជា​ពិសេស​សត្វ​ឈ្មោល​គឺជា​អ្នក​ផ្ទៃពោះ​ជំនួស​សត្វ​ញី​។ នៅ​ពេល​ដែល​ពួក​វា អាយុ​ចាប់ពី​៧​ខែ​ឡើង សេះ​សមុទ្រ​ដល់​វ័យ​បន្ត​ពូជ​បង្កើតកូន ដោយ​សេះ​សមុទ្រ​ឈ្មោល​មួយ​ក្បាល រួម​ភេទ​ជាមួយ​តែ​សេះ​សមុទ្រ​ញឺ​តែ​មួយ​ក្បាល​ប៉ុណ្ណោះ ។

ការ​រួម​ភេទ​របស់​សត្វ​ទាំង​ពីរ ធ្វើ​ឡើង​រៀង​រាល់​ព្រឹក តាម​រយៈ​ទាក់​និង​ថ្ពក់​កន្ទុយ​គ្នា​បង្វិលខ្លួន​ដូច​រាំ​ស្លូ​យ៉ាង​រូ​ម៉ែ​ន​ទិ​ក ហើយ​ការ​រួម​ភេទ​អាច ប្រើ​ពេល​យូរ​បំផុត​ត្រឹម​មួយ​ម៉ោង​ប៉ុណ្ណោះ​។ សេះ​សមុទ្រ​ញី​ជា​អ្នក​ផលិត​អូវុល (​ស៊ុត​) រីឯ​សត្វ​ឈ្មោល​ជា​អ្នក​ផលិត​ស្ពែ​ម ហើយ​ការ​បន្ដ​ពូជ​របស់​វា​ប្រព្រឹត្ដ​ទៅ​នៅ​ក្នុង​ខ្លួន​សត្វ​ញី​។ បន្ទាប់​មក​សត្វ​ញី បាន​ធ្វើការ​ផ្ទេរ​ស៊ុត​ទៅ​ឱ្យ​សត្វ​ឈ្មោល​ដើម្បី​ថែរក្សា ។ ស៊ុត​ទាំងនោះ​ត្រូវ​ធ្វើការ​លូតលាស់​នៅ​ក្នុង​ថង​ពោះ របស់​សត្វ​ឈ្មោល ហើយ​ស៊ុត​ដែល​លូតលាស់​នៅ​ក្នុង​ខ្លួន​សត្វ​ឈ្មោល ត្រូវ​ប្រើ​រយៈពេល​ប្រមាណ​ពី ៩-៣០​ថ្ងៃ (​អាស្រ័យ​នឹង​ប្រភេទ​នីមួយ​ៗ) ទើប​ធ្វើការ​ញាស់​ចេញ​ជា​កូន​។

ដល់​ពេល​កំណត់​សត្វ​ឈ្មោល បញ្ចេញ​កូន​ចេញ​មក​ក្រៅ ដែល​កូន​ម្តង​ៗ​គឺ​ចន្លោះ​ពី​៥០​ទៅ​១០០​កូន ឬ លើស​ពី​នេះ ប៉ុន្តែ​កូន​ៗ ដែល​អាច​រីក​លូតលាស់​រហូត​ដល់​ពេញវ័យ គឺ​មាន​ចំនួន​តិច​មែនទែន ព្រោះតែ​វា​ត្រូវ​ប្រឈម​នឹង​គ្រោះថ្នាក់​នៃ​ប្រភេទ​ត្រី​ផ្សេង​ៗ​ដែល​ស៊ី​កូន​ៗ​របស់​ពួក​វា​ជា​អាហារ ហើយ​សត្រូវ​លេខ​មួយ​របស់​សេះ​សមុទ្រ​នោះ គឺ​សត្វ​ក្ដាម ព្រោះ​សំបក​ក្រៅ​របស់​សេះ​សមុទ្រ​ពោរពេញ​ដោយ​ឆ្អឺ​ង ធ្វើ​ឲ្យ​សត្វ​ដទៃ​ពិបាក​ស៊ី​ណាស់​។

បន្ថែម​លើ​នេះ ការ​បន្ត​ពូជ​របស់​សេះ​សមុទ្រ​មាន​លក្ខណៈ​ខុស​ៗ​គ្នា​ទៅ​តាម​ប្រភេទ និង​តំបន់​ដែល​វា​រស់នៅ ដោយ​សេះ​សមុទ្រ​ធ្វើការ​បន្ត​ពូជ​ពេញ​មួយ​ឆ្នាំ ប៉ុន្តែ​ពេល​ខ្លះ​ឥទ្ធិពល នៃ​បរិស្ថាន​រស់នៅ ដូច​ជា​ពន្លឺ សីតុណ្ហភាព ធ្វើ​ឱ្យ​សេះ​សមុទ្រ​មានការ​ខកខាន​ក្នុង​ការ​បន្ត​ពូជ​ផង​ដែរ​។

គួរ​កត់​សម្គាល់ថា ក្នុង​ចំណោម សេះ​សមុទ្រ ទាំង​៤៦​ប្រភេទ​លើ​ពិភពលោក ប្រភេទ​ខ្លះ គឺ​ស្ថិត​ក្នុង​បញ្ជី​ក្រហម ដែល​មាន​ចំណាត់ថ្នាក់​កំពុង​រង​ការ​គំរាមកំហែង​ឈាន​ទៅ​រក​ការ​ផុត​ពូជ របស់​អង្គការ​សហភាព​អន្តរជាតិ​ដើម្បី​ការ​អភិរក្ស​ធម្មជាតិ IUCN ហើយ​ត្រូវ​បាន​ចាត់​ថ្នាក់​ក្នុ អនុសញ្ញា​ស្តី​ពី​ពាណិជ្ជកម្ម​អន្តរជាតិ​លើ​ប្រភេទ​សត្វ រុក្ខជាតិ​ព្រៃ កំពុង​រងគ្រោះថ្នាក់ (CITES) ក្នុង​ឧ​ប​សម្ព័ន្ធ II គឺ​សំដៅ​ដល់​ប្រភេទ​អាច​រង​គ្រោះ​ប្រសិនបើ​ការ​ធ្វើ​ពាណិជ្ជកម្ម​ដោយ​គ្មាន​ការ​ត្រួតពិនិត្យ​ឱ្យ​បាន​ត្រឹមត្រូវ​។

ដោយឡែក ព្រះរាជាណាចក្រ​កម្ពុជា​យើង​បាន​ចាត់​ថ្នាក់​សេះ​សមុទ្រ​ថា ជា​ក្រុម​ប្រភេទ​ក្រុម​កំពុង​រង​ការ​គំរាមកំហែង​ឈាន​ទៅ​រក​ការ​ជិត​ផុត​ពូជ តាម​រយៈ​អនុក្រឹត្យ​លេខ​១២៣ ចុះ​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០០៩ ដោយ​ហាម​ដាច់ខាត​ការ​ចាប់ ដឹក​ជញ្ជូន និង​លក់​ប្រភេទ​នេះ​៕ ​

កែសម្រួលដោយ