ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធរណី​ស្រុត​ស្តែង​ៗនៅ​លើ​ផ្លូវ​ក្នុងទីប្រជុំជន​មួយ​កន្លែង​​​​ក្នុង​​ប្រទេស​ថៃ

2 អាទិត្យ មុន

ថៃ ៖ ឧ​ប្ប​ទេវ​ហេតុ​ធរណី​ស្រុត​ដ៏​កម្រ​មួយ​ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​កើត​មាន​ឡើង​នៅ​ប្រទេស​​ថៃ លើ​កំណាត់​ផ្លូវ​ក្នុង​ទីប្រជុំជន​ដ៏​មមារ​ញឹក​មួយ​កន្លែង ក្រោម​ស្ពាន​រ៉ា​ម៉ា​ទី​៤ ក្នុងស្រុក​ប៉ាក​ក្រិត ខេត្ត​ន​ន់​ថាបុរី​។ សារព័ត៌មាន​ថៃ​ជា​ច្រើន​មាន​ដូច​ជា The…

ថៃ ៖ ឧ​ប្ប​ទេវ​ហេតុ​ធរណី​ស្រុត​ដ៏​កម្រ​មួយ​ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​កើត​មាន​ឡើង​នៅ​ប្រទេស​​ថៃ លើ​កំណាត់​ផ្លូវ​ក្នុង​ទីប្រជុំជន​ដ៏​មមារ​ញឹក​មួយ​កន្លែង ក្រោម​ស្ពាន​រ៉ា​ម៉ា​ទី​៤ ក្នុងស្រុក​ប៉ាក​ក្រិត ខេត្ត​ន​ន់​ថាបុរី​។

សារព័ត៌មាន​ថៃ​ជា​ច្រើន​មាន​ដូច​ជា The Nation និង PBS World បាន​បញ្ជាក់​អោយ​ដឹង​ថា ឧ​ប្ប​ទេវ​ហេតុនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​២៥​នាទី​ព្រឹក ថ្ងៃ​ទី​០៧ ខែមេសា ឆ្នាំ​២០២៤ ដែល​ជំរុញ​ឱ្យ​អាជ្ញាធរ​ប្រកាស​បិទ​ផ្អាក​ចរាចរណ៍​ទាំងស្រុង ដែល​នាំ​ឱ្យ​ការ​កកស្ទះ​ចរាចរណ៍​យ៉ាង​ខ្លាំង​។ ការ​បិទផ្លូវ​ធ្វើ​ឡើង​ដើម្បី​បង្ការ​គ្រោះថ្នាក់​ផ្សេង​ៗ និង​បើក​ការ​ស៊ើបអង្កេត​លើ​មូលហេតុ ។

តាម​រយៈ​វី​ដេ​អូ​ពី​កាមេរ៉ា​សុវត្ថិភាព​បង្ហាញ​ថា ស្រប​ពេល​ដែល​មាន​យានយន្ត​ជា​ច្រើន​គ្រឿង កំពុង​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវ​ខាងលើ ខណៈ​មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​ជាមួយ​កូនស្រី  ហើយ​កំពុង​ថយ​ម៉ូតូ​បក​ក្រោយ ស្រាប់តែ​ផ្លូវ​នោះ បាក់​ស្រុង​ចុះ​ក្រោម នឹង​ធ្លាយ​ទឹក​ចេញ​មក ។ មុន​ពេល​បាក់​ស្រុត​តែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ យុវជន​ម្នាក់​ដែល​ដើរ ចុច​ទូរស័ព្ទ​គឺ​ទើបតែ​ដើរ​ផុត ខណៈ​រថយន្ត​ពណ៌​ស​មួយ​គ្រឿង​ទៀត​ត្រូវ​បាន​ផ្លូវ​បាក់​ស្រុត​ក្បែរ​កង់​ខាង​មុខ​ទាំង​ពីរ ក៏​រ៉ឺ​យែ​ថយក្រោយ​ដោយ​សុវត្ថិភាព ។

ក្រោយ​ឃើញ​ឳ​ពុក​កូន​ដែល​ជិះ​ម៉ូតូ​ស្ថិត​នៅ​ក្នុង​កន្លែង​បាក់​ស្រុង មនុស្ស​ម្នា​នៅ​ក្បែរ​នោះ​ក៏​ប្រញាប់ប្រញាល់​ទៅ​ជួយ ដោយ​យក​ក្ម​ង​ស្រី​មក​ដាក់​នៅ​ម្ខាង ហើយ​ជួយ​ទាញ​ម៉ូតូ​ឡើង​លើ​ចិញ្ចើម​ផ្លូវ ។

លោក Panupong Bantasak សមាជិក​ក្រុមប្រឹក្សា​ក្រុង​ប៉ាក់​ក្រិត​បានឱ្យ​ដឹង​ថា ទោះបីជា​ករណី​នេះ​មិន​មាន​អ្នក​ណា​រង​របួស ប៉ុន្តែ​វា​បាន​ប៉ះពាល់​ដល់​ហេ​ដ្ឋា​រចនា​សម្ព​ន័​នៅ​ក្នុង​វត្ត ដោយ​ខ្លោងទ្វារ និង​ជញ្ជាំង​ព្រះ​វិហារ​ត្រូវ​បាន​គេ​ឃើញ​មាន​ស្នាម​ប្រេះ ។

ពេល​ចុះ​ត្រួតពិនិត្យ សមត្ថកិច្ច​បាន​រក​ឃើញ​ថា ផ្លូវ​ដែល​បាក់​ស្រុត​មាន​ជម្រៅ​ប្រហែល​៤​ម៉ែត្រ ទទឹង​១៥​ម៉ែត្រ មានទឹក​ហូរ​ចូល​រន្ធ​។ គេ​សង្ស័យ​ថា​ទឹក​នេះ​ហូរ​ចេញពី​ទន្លេ​ចៅ​ប្រា​យ៉ា ។

បើ​តាម​អ្នកស្រុក​រស់នៅ​ក្នុង​តំបន់​កើតហេតុ​បាន​បង្ហើប​ប្រាប់​អ្នក​សារព័ត៌មាន​ថា មូលហេតុ​ដែល​បណ្តាល​ឲ្យ​បាក់​ផ្លូវ​នេះ ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា មក​ពី​កត្តា​៣ ទី​១ គឺ​ការ​ដាច់​បំពង់​ទុយោ​ទឹក​ស្អាត​កាលពី​ពាក់កណ្តាល​យប់​ថ្ងៃ​ទី​៥ មេ​សា ទី​២ គឺ​បណ្តាល​ឱ្យ​ដី​ដែល​ភាគច្រើន​គឺជា​ដីខ្សាច់ និង​ទី​៣ កត្តា​ទីតាំង ព្រោះ​កើតហេតុ​ស្ថិត​នៅ​ចំងាយ​ប្រហែល​១០០​ម៉ែត្រ ពី​ទន្លេ​ចៅ​ប្រា​យ៉ា ដែល​អាច​បណ្តាល​ឲ្យ​ទឹក​ពី​ទន្លេ​ចៅ​ប្រា​យ៉ា​ហូរ​ច្រោះ ។

បន្ថែម​លើ​នេះ លោក​វរសេនីយ៍ទោ ថា​ផា​ន់ ណា​ផុង ភឿ​ង​ម៉ី អធិការ​នគ​បាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ាក​ក្រេ​ត​បាន​ឲ្យ​ដឹង​ថា កាលពី​ប៉ុន្មាន​ថ្ងៃមុន ផ្លូវ​នេះ​ទើបតែ​ត្រូវ​បាន​គេ​គាស់​កាយ​ដើម្បី​ត​បណ្តាញ​អគ្គិសនី ប៉ុន្តែ​មូលហេតុ​ពិត​យ៉ាងណា​នោះ នៅ​មិន​ទាន់​អាច​បញ្ជាក់​បាន​នៅឡើយ​ទេ​។ លោក​ថា អាជ្ញាធរ​ពាក់ព័ន្ធ​នឹង​ធ្វើការ​ស៊ើបអង្កេត​ឲ្យ​បាន​ហ្មត់ចត់ ដើម្បី​បញ្ជាក់​ពី​មូលហេតុ​ពិតប្រាកដ ដោយ​សន្យា​ថា ការងារ​នេះ​នឹង​ព​ន្លឿ​ន​ការងារ​នេះ​ឱ្យ​បាន​ឆាប់រហ័ស ។

គួរ​រំលឹក​ថា ហេតុការណ៍​ស្រ​ដៀង​គ្នា​នេះ ធ្លាប់​បាន​កើតឡើង​ម្តង​រួច​មក​ហើយ​នៅ​ក្បែរ​ទីតាំង​ខាងលើ ពោល​គឺ​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២៣​កន្លង​ទៅ ៕ ​