ខេត្តពោធិ៍សាត់៖ ក្រោយពីមានបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីក្នុងការបង្ក្រាបបទល្មើសធនធានធម្មជាតិនៅតំបន់ការពារធម្មជាតិក្នុងស្រុកភ្នំក្រវាញ និងស្រុកវាលវែង ខេត្តពោធិ៍សាត់ ចាប់ពីដើមខែមិនា រហូតដល់ដើមខែមេសា ឆ្នាំ២០២៤ ក្រុមការងារចម្រុះមកពីក្រសួងបរិស្ថានកងរាជអាវុធហត្ថលើផ្ទៃប្រទេស កងនគរបាលជាតិ និងកងកម្លាំងគណៈបញ្ជាឯកភាពខេត្ត បានធ្វើការឃ្លុំផ្ទៃដីដែលរងការទន្ទ្រានបានជិត២ម៉ឺនហិកតា ជាមួយនឹងការឃាត់ខ្លួនមនុស្សចំនួន ៤៧នាក់ ក្នុងនោះបញ្ជូនទៅតុលាការ១៨នាក់ ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ។

ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងតាមរយៈកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ថា ក្រោមពីមានបទបញ្ជារបស់សម្ដេចធិបតីនាយករដ្ឋមន្ដ្រី អាជ្ញាធរនៅគ្រប់ខេត្តទាំងអស់ ដែលមានតំបន់ការពារធម្មជាតិ គឺបានធ្វើប្រតិបត្តិការយ៉ាងសស្រាក់សស្រាំ ទប់ស្កាត់បទល្មើស ការរុករានទន្ទ្រានដីព្រៃរបស់រដ្ឋ ។ សកម្មភាពនេះ គឺជាប្រតិបត្តិការដ៏ធំរបស់រាជរដ្ឋាភិបាលនៅក្នុងអាណត្តិទី៧នេះ ដែលបានយកចិត្តទុកដាក់ទៅលើការការពារបរិស្ថាន និងធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជា ។

ឯកឧត្តមថ្លែងថា ក្នុងពេលអនុវត្តយុទ្ធនាការបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងខេត្តពោធិ៍សាត់ ដែលបានចាប់ផ្ដើមកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ដឹកនាំ និងបញ្ជាផ្ទាល់ដោយនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន រួមជាមួយនឹងអភិបាលខេត្តពោធិ៍សាត់ ដែលជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានពិភាក្សាគ្នា និងសម្រេចចុះអន្តរាគមន៍បង្ក្រាបបទល្មើសធនធានធម្មជាតិនេះ នៅក្នុងស្រុកចំនួនពីរគឺ ស្រុកវាលវែង និងស្រុកភ្នំក្រវាញ ។ កម្លាំងចម្រុះសរុបមានចំនួន ៧៨៩នាក់ ដោយបែងចែកជាក្រុមតូចៗចំនួន១០ក្រុម សម្រាប់ការធ្វើប្រត្តិបត្ដិការទប់ស្កាត់បទល្មើស ការកាប់ទន្ទ្រាន រុករានដីព្រៃ នៅក្នុងតំបន់ការពារធនធានធម្មជាតិ ។

សូមបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបទប់ស្កាត់បទល្មើសធនធានធម្មជាតិនៅតាមបណ្ដាខេត្ត មានតំបន់ការពារធម្មជាតិ ជាពិសេសនៅខេត្តពោធិ៍សាត់ មានទ្រង់ទ្រាយធំ និងបានរៀបចំឡើងបន្ទាប់ពីមានបញ្ជារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបញ្ជាឱ្យក្រសួងបរិស្ថាន ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ ពង្រឹងការគ្រប់គ្រងធនធានធម្មជាតិទូទាំងប្រទេស និងអនុវត្តច្បាប់ឱ្យបានតឹងរឹុង ចំពោះអ្នកប្រព្រឹត្តបទល្មើសព្រៃឈើ ។

ទោះបីជាបែបណា អត្តសញ្ញាណអ្នកទន្ទ្រានដីព្រៃធ្វើជាកម្មសិទ្ធិរបស់ខ្លួននេះ នៅមិនទាន់មានការទម្លាយឱ្យស្គាល់ក្រុមមានទឹកលុយ ឬមានអំណាចដែលពាក់ព័ន្ធនៅឡើយទេ ទោះបីត្រូវបានប្រកាសឱ្យដឹងថា ១៨នាក់ហើយត្រូវបានបញ្ជូនទៅតុលាការ ក្នុងចំណោមមនុស្ស៤៧នាក់ ដែលត្រូវបានចាប់ខ្លួននោះ ។ មហាជន នៅតែមិនជឿជាក់នោះទេថា ការកាប់ទន្ទ្រានដីព្រៃរហូតដល់រាប់ម៉ឺនហិកតា ធ្វើឡើងដោយពលរដ្ឋសាមញ្ញនោះ ៕
ចែករំលែកព័តមាននេះ