ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧ​បទ្ទវហេតុ​ក្រឡា​.​ប់​.​ឡាន​ដឹក​សារធាតុ​គីមី​មិន​មាន​ផល​ប៉ះពាល់​ដល់​ស្ទឹង​ណា​ម​ខាន់ និង​ទន្លេមេគង្គ​ទេ

2 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បា​ន​បញ្ជាក់​ថា ឧ​បទ្ទវហេតុនៃ​ការ​ក្រឡាប់​រថយន្ត​ដឹក​សារធាតុ​គីមី គឺ​មិន​មាន​ផល​ប៉ះពាល់​ដល់​គុណភាព​នៃ​ស្ទឹង​ណា​ម​ខាន់ និង​ទន្លេមេគង្គ​ទេ ។ យោង​តាម​សេចក្តីជូនដំណឹង​អំពី​ឧ​បទ្ទ​ហេតុ​នៃ​ការ​លេច​ផ្លា​យ​សារធាតុ​គីមី​ចូល​ក្នុង​ស្ទឹង​ណា​ម​ខាន់ ដៃទន្លេ​មេគង្គ…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បា​ន​បញ្ជាក់​ថា ឧ​បទ្ទវហេតុនៃ​ការ​ក្រឡាប់​រថយន្ត​ដឹក​សារធាតុ​គីមី គឺ​មិន​មាន​ផល​ប៉ះពាល់​ដល់​គុណភាព​នៃ​ស្ទឹង​ណា​ម​ខាន់ និង​ទន្លេមេគង្គ​ទេ ។

យោង​តាម​សេចក្តីជូនដំណឹង​អំពី​ឧ​បទ្ទ​ហេតុ​នៃ​ការ​លេច​ផ្លា​យ​សារធាតុ​គីមី​ចូល​ក្នុង​ស្ទឹង​ណា​ម​ខាន់ ដៃទន្លេ​មេគង្គ ក្នុង​ប្រទេស​ឡាវ​របស់​ក្រសួង​ធនធាន​ទឹកបាន​ឲ្យ​ដឹង​ថា នា​ថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០២៤​​នេះ កម្ពុជា​បាន​ទទួល​នូវ​ព័ត៌មាន​បឋម​ពី​លេខាធិការដ្ឋាន​គណៈកម្មការ​ទន្លេមេគង្គ ជម្រាប​មក​ប្រទេស​ជា​សមាជិកគណៈកម្មការ​ទន្លេមេគង្គ​អំពី​ឧ​បទ្ទវហេតុ​នៃ​ការ​លេច​ផ្លា​យ​ចូល​ក្នុង​ស្ទឹង​ណា​ម​ខាន់ (Nam Khan River) ស្ថិត​នៅ​ក្នុង​ក្រុង​ហ្លួង​ប្រា​បាង នៃ​ខេត្ត​ហ្លួង​ប្រា​បាង ប្រទេស​ឡាវ ដែល​បណ្តាល​មក​ពី​ឧ​បទ្ទ​ហេតុ​នៃ​ការ​ក្រឡាប់​រថយន្ត​ដឹក​សារធាតុ​គីមី នៅ​ភូមិ​ភូ​សាង​ខាំ ក្នុង​ខេត្ត​ហ្លួង​ប្រា​បាង កាលពី​ថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ​២០២៤ ។

ក្រសួង​ធនធាន​ទឹកបាន​លើក​ឡើង​ថា ស្ទឹង​ណា​ម​ខាន់ ជា​ដៃទន្លេ​មេគង្គ​ហូរ​ចាក់​ចូល​ទន្លេមេគង្គ ត្រង់​ចំណុច​ទីក្រុង​ហ្លួង​ប្រា​បាង ហើយ​មាន​ចម្ងាយ​ពី​ព្រំប្រទល់​កម្ពុជា​-​ឡាវ ដល់ទី​នោះ ប្រមាណ ១.៣៧០​គម ខាងលើ ក្រុង​ប៉ាក់​សេ​ប្រមាណ​១២២០​គម និង​ខាងលើ​រដ្ឋធានី​វៀងចន្ទន៍ ប្រមាណ​៥០០​គម ។ នៅ​ខាងក្រោម​ទីក្រុង​ហ្លួង​ប្រា​បាង​ចម្ងាយ​ប្រមាណ​១២០​គម មាន​ទំនប់​វា​រី​អគ្គិសនី សា​យ៉ា​បូ​រី នៅ​លើ​ដង​ទន្លេមេគង្គ ។

ក្រសួង​បាន​បន្ត​ថា តាម​ការ​ជូនដំណឹង​ពី​លេខាធិការដ្ឋាន​គណៈកម្មការ​ទន្លេមេគង្គ សារធាតុ​គីមី​ដែល​កំពប់​នោះ គឺ​អាស៊ី​ដ​ស៊ុ​ល​ផួ​រិច ដែល​មាន​បរិមាណ​សរុប​ប្រហែល​៣០​តោន តែ​ហូរ​ចូល​ក្នុង​ទឹក​មិន​ទាំងអស់​ទេ​។ ករណី​នេះ នាយកដ្ឋាន​បរិស្ថាន​ឡាវ​បាន​សហការ​ជាមួយ​ការិយាល័យ​ក្រុង​ហ្លួង​ប្រា​បាង អនុវត្ត​វិធានការ​ត្រួតពិនិត្យ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ស្ថានភាព​ខាងលើ​នេះ​។

សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​កម្ពុជា​បាន​អះអាង​ថា ដោយសារ​ការ​ចាត់វិធានការ​របស់​អាជ្ញាធរ និង​ផ្នែក​ជំនាញ​ពាក់ព័ន្ធ​របស់​ឡាវ និង​ដោយ​ផ្អែក​លើ​លទ្ធផល​នៃ​ការ​ចុះ ពិនិត្យ​អង្កេត​ជាក់ស្តែង​ដោយ​លេខាធិការដ្ឋាន​គណៈកម្មការ​ទន្លេមេគង្គ និង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​របស់​ឡាវ នា​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០២៤ បង្ហាញ​ថា ពុំ​មាន​ផល​ប៉ះពាល់​ដល់​គុណភាព​នៃ​ស្ទឹង​ណា​ម ខាន់ និង​ទន្លេមេគង្គ ដែល​បង្ក​ឡើង​ដោយ​ឧ​បទ្ទ​ហេតុ​នៃ​ការ​ក្រឡាប់​រថយន្ត​ដឹក​សារធាតុ​គីមី​នោះ​ទេ​។

លេខាធិការដ្ឋាន​គណៈកម្មការ​ទន្លេមេគង្គ​បាន​និង​កំពុង​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​ពិនិត្យ​តាមដាន​វាយតម្លៃ​ជា​បន្ត ដើម្បី​ធានា​ដល់​កិច្ចការពារបរិស្ថាន និង​សុខភាព​សាធារណៈ​របស់ ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេ ។

ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា បាន​និង​កំពុង​យកចិត្តទុកដាក់​ខ្ពស់ អំពី​ផល​ប៉ះពាល់​ដែល​អាច​កើត​មាន​ពី​ករណី​ឧ​បទ្ទវហេតុខាងលើ មក​លើ​គុណភាព​ទឹកទន្លេ​មេគង្គ​ក្នុង​ប្រទេស​កម្ពុជា និង​ធ្វើការ​ជូនដំណឹង​បន្ថែម​ក្នុង​ករណី​ចំ​បាច់ ។

អត្ថបទសរសេរ ដោយ