ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន Sunwah Group បង្ហាញ​បំណង​ពង្រីក​ការ​វិនិយោគ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា

3 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ​លោក Jonathan K.S. Choi ប្រធាន​ក្រុមហ៊ុន Sunwah Group ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ ។

ក្នុង​ឱកាស​នៃ​ជំនួប​លោក​ប្រធាន​ក្រុមហ៊ុន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​ធិ​បតី ដែល​បាន​ចំណាយពេល​ដ៏​មមាញឹក​អនុញ្ញាត​ឱ្យ​រូប​លោក និង​គណៈប្រតិភូ ចូល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ ។

លោក​ប្រធាន​ក្រុមហ៊ុន បាន​គោរព​ជម្រាប​ជូន​សម្តេច​ធិ​បតី អំពី​ដំណើរការ​វិនិយោគ​របស់​ក្រុមហ៊ុន Sunwah Group ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ចាប់តាំងពី​ឆ្នាំ​១៩៩៤ ជា​ពិសេស​ការ​បង្កើត​រោងចក្រ​កែ​ច្នៃ​គ្រឿង​សមុទ្រ ដើម្បី​នាំ​ចេញ​ទៅ​ទីផ្សារ​បរទេស ។
បន្ថែម​លើ​នេះ លោក​ប្រធាន​ក្រុមហ៊ុន ក៏​បាន​គោរព​ជម្រាប​ជូន​សម្តេច​ធិ​បតី​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​រូប​លោក និង​សហការី​នា​ឱកាស​នេះ មាន​តំណាង​ក្រុមហ៊ុន​វិនិយោគ​ប្រមាណ​ជាង​៧០​ក្រុមហ៊ុន ដែល​មាន​អាជីវកម្ម​ក្នុង​វិស័យ​ជា​ច្រើន​ដូច​ជា​៖ បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ឌី​ជី​ថ​ល អចលនទ្រព្យ ថាមពល និង​ទេសចរណ៍ ជាដើម ។

ជាង​នេះ​ទៅ​ទៀត លោក​ប្រធាន​ក្រុមហ៊ុន ក៏​បាន​បង្ហាញ​បំណង​ក្នុង​ការ​វិនិយោគ​បន្ថែម​ទៀត លើ​វិស័យ​មួយ​ចំនួន រួម​មាន​៖ (១) វិនិយោគ​អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេស​បៃតង (Green SEZ) (២) វិនិយោគ​លើ​ការ​កសាង​អគារ​ពាណិជ្ជកម្ម និង​លំនៅ​ឋាន​ខុន​ដូ (៣) វិនិយោគ​លើ​វិស័យ​ទេសចរណ៍ (៤) វិនិយោគ​លើ​ការ​ដំឡើង​ស្ថានីយ​សាក​ថាមពល​យានយន្ត​អគ្គិសនី (EV Charging Station) និង (៥) វិនិយោគ​លើ​ការ​កសាង​ស្ថានីយ​បណ្តាញ​ទូរគមនាគមន៍ 5G ។

ជា​ការ​ឆ្លើយ​តប សម្តេច​ធិ​បតី បាន​ស្វាគមន៍​ប្រកបដោយ​ក្តី​រីករាយ ដែល​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ប្រធាន​ក្រុមហ៊ុន និង​សហការី ព្រមទាំង​បាន​អរគុណ​ចំពោះ​ចំណាប់អារម្មណ៍ និង ការ​វិនិយោគ​របស់​ក្រុមហ៊ុន និង​សម្តែង​នូវ​ក្តី​សោមនស្ស​ចំពោះ​ផែនការ​វិនិយោគ​បន្ថែម​របស់​ក្រុមហ៊ុន​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។

ពាក់ព័ន្ធ​នឹង​ការ​បង្ហាញ​បំណង​វិនិយោគ​លើ​វិស័យ​មួយ​ចំនួន ដែល​ក្រុមហ៊ុន​បាន​រៀបរាប់​ខាងលើ សម្តេច​ធិ​បតី បាន​គូសបញ្ជាក់​ថា រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា ក៏​ដូច​ជា​នីតិកាល​មុន​ៗ​ដែរ គឺ​បន្ត​ចក្ខុវិស័យ​ច្បាស់លាស់​ក្នុង​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច ដើម្បី​លើកកម្ពស់​នូវ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​កម្ពុជា ហើយ​តាម​រយៈ​ការ​ប្តេជ្ញា​ចិត្ត​នេះ សេដ្ឋកិច្ច​កម្ពុជា​មានការ​រីក​ចម្រើន និង​រក្សា​បាន​នូ​ភាព​ធន់ ហើយ​សម្រេច​បាន​កំណើនសេដ្ឋកិច្ច​ក្នុង​អត្រា ៥,៦% នៅ​ឆ្នាំ ២០២៣ និង​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​កើនឡើង ក្នុង​អត្រា ៦,៦% នៅ​ឆ្នាំ​២០២៤ ។

ទន្ទឹម​នោះ ដើម្បី​ធានា​បាន​នូវ​បរិយាកាស​នៃ​ការ​ប្រកួតប្រជែង និង​ការ​ធ្វើ​ធុរកិច្ច រាជរដ្ឋាភិបាល​កម្ពុជា​បាន​បន្ត​យកចិត្តទុកដាក់​លើ​ការ​ធានា​នូវ​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ និង​សណ្តាប់ធ្នាប់​សង្គម ដើម្បី​ផ្តល់​ជំនឿ​ទុកចិត្ត​ដល់​វិនិយោគិន​ផង​ដែរ​។ ជាមួយ​គ្នា​នេះ រាជរដ្ឋាភិបាល ក៏​បាន​ខិតខំ​ជំរុញ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់ ដូច​ជា​ផ្លូវ​លឿន និង​កំពង់​ផែ​ទឹក​ជ្រៅ និង​បាន​ដាក់​ចេញ​នូវ​គំនិត​ផ្តួចផ្តើម​ថ្មី​ៗ​ជា​ច្រើន​ទៀត ដើម្បី​គាំទ្រ​ដល់​ការ​វិនិយោគ​នៅ​កម្ពុជា ដូច​ជា​គំរូ​ថ្មី នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស តាម​ប្រភេទ​ឧស្សាហកម្ម និង​តម្រូវការ​របស់​ប្រទេស​នីមួយ​ៗ និង​យុទ្ធសាស្ត្រ​ប្រទេស​បូក ( Plus-One Strategy) ។

ពាក់ព័ន្ធ​នឹង​គម្រោង​វិនិយោគ​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​បៃតង និង​គម្រោង​វិនិយោគ​លើ​យានយន្ត​អគ្គិសនី EV, សម្តេច​ធិ​បតី បាន​ណែនាំ​ឱ្យ​ក្រុមហ៊ុន​ពិភាក្សា​បន្ថែម​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ដូច​ជា​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា CDC ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ក្រសួង​រ៉ែ និង​ថាមពល ជាដើម ។

សម្តេច​ធិ​បតី ក៏​បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​យកចិត្តទុកដាក់ ក្នុង​ការ​ប្រើប្រាស់​ថាមពល​ស្អាត ដោយ​នា​ពេល​បច្ចុប្បន្ន​នេះ កម្ពុជា​កំពុង​ប្រើប្រាស់​ថាមពល​ស្អាត ប្រមាណ​ជាង ៦០% និង​បាន​កំពុង​បន្ត​ជំរុញ​ការ​ប្រើប្រាស់​ថាមពល​ស្អាត​នេះ ឱ្យ​ឈាន​ទៅ​ដល់​៧០% ត្រឹម​ឆ្នាំ​២០៣០ ។

ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍ សម្តេច​ធិ​បតី បាន​គូសបញ្ជាក់​ថា រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់ និង​ផ្តល់​អាទិភាព​ក្នុង​ការ​ជំរុញ​វិស័យ​ទេសចរណ៍ តាម​រយៈ​ការ​ដាក់​ចេញ​នូវគោល​នយោ​បាយ​គាំទ្រ​វិស័យ​ទេសចរណ៍ និង​ការ​ពង្រីក​ជើងហោះហើរ​ត្រង់ ពី​បណ្តា​ប្រទេស​នានា​ក្នុង​តំបន់ និង​ពិភពលោក​ដោយ​បាន​បង្កើត​ក្រុមប្រឹក្សាភិបាល​សិក្សា​ទីផ្សារ​និង​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា ដើម្បី​ផ្តល់​សេវាកម្ម​ទេសចរណ៍​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​បន្ថែម​ទៀត​។ ដោយឡែក ចំពោះ​ចំណាប់អារម្មណ៍​លើ​ការ​កសាង​ស្ថានីយ​បណ្តាញ​ទូរគមនាគមន៍ 5G, សម្តេច​ធិ​បតី បាន​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​ពិភាក្សា​ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បន្ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ