ខេត្តប៉ៃលិន ៖ នៅក្នុងការរាំលេងកម្សាន្តមួយ ការលេងប៉ាតម្សៅ និងលេងបាញ់ទឹកដាក់គ្នាទៅវិញទៅមក នៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន ក្នុងពិធីបុណ្យវិទ្យាល័យ កាលពីថ្ងៃទី០៦-០៧ ខែមេសា ឆ្នាំ២០២៤ គេសង្កេតឃើញភាគច្រើន គឺក្រុមយុវជន និងយុវវ័យតែម្តង ដោយអ្នកខ្លះ ពិតជាស្លៀកពាក់ស៊ីវីល័យខ្លាំងណាស់ ដោយស្លៀកវៀល និងខ្លីៗ ខ្លាំងបំផុត ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ខ្លាំងជាងគេនោះ គឺមានយុវតីខ្លះ និយមសាក់ខ្នង សាក់ដៃ សាក់ជើង ដោយគេសង្ស័យ យកលំនាំតាមបរទេស ព្រោះនារីខ្មែរភាគច្រើន មិនមានបែបនេះ ពីមុនមកនោះទេ ។
បើតាមប្រភពព័ត៌មានបានឱ្យដឹងថា ក្នុងរយៈពេល២ថ្ងៃពេញ ដែលនៅវិទ្យាល័យ ហ៊ុន សែន ទេពនិម្មិតប៉ៃលិន មានការរៀបចំធ្វើពិធីបុណ្យ ដោយមានក្រុមយុវសិស្ស សម្តែងរបាំ សម្តែងរឿង និងក្រោយមកក៏មានការរាំលេងកម្សាន្តសប្បាយផងដែរ។ បើគេពិនិត្យមើលចាប់តាំងពីផ្លូវចូល រហូតដល់មុខខ្លោងទ្វារវិទ្យាល័យ គឺមានមនុស្សណែនណាន់តាន់តាប់ ជាពិសេស គឺក្រុមយុវវ័យតែម្តង ។
អ្នកខ្លះមានម្សៅនៅនឹងដៃ ដើរប៉ាតលាបគ្នាទៅវិញទៅមកជាក្រុមយ៉ាងសប្បាយ ដូចពេលសង្ក្រាន្តឆ្នាំថ្មី អ្នកខ្លះកាន់ទុយោទឹកបាញ់ដាក់គ្នាចុះឡើងៗ ក៏មានការចាក់ធុងបាសនៅក្បែរៗ ចិញ្ចើមផ្លូវ ដើម្បីឱ្យពួកគេរាំលេងកម្សាន្ត ហោរកញ្ជ្រៀវតាំងពីព្រឹករហូតដល់ពេលយប់ ទើបឈប់ទៅផ្ទះរៀងៗខ្លួន ។
ប្រភពបន្តទៀតថា យុវវ័យ ដែលចូលទៅលេងកម្សាន្ត ក្នុងកម្មវិធីបុណ្យនេះ ពិតជាមានប្លែកៗ នាឆ្នាំ២០២៤នេះ ដោយយុវតីភាគច្រើន ស្លៀកពាក់ខ្លីខ្លាំង ដែលចាស់ៗ មួយចំនួននៅក្បែរដងផ្លូវនោះនិយាយខ្សឹបខ្សៀវដាក់គ្នាថា មិនដឹងជាកូនចៅអ្នកណាទេ ហេតុអ្វីក៏ហ៊ានស្លៀកពាក់ខ្លីៗ យ៉ាងនេះ។ តែអ្នកខ្លះក៏និយាយលើកសរសើរដែរថា ដោយសារ បច្ចុប្បន្ននេះ ជាសម័យទំនើប ស៊ីវីល័យ និងស៊ិចស៊ី មិនដូចចាស់បុរាណឡើយ ដូច្នេះហើយការស្លៀកពាក់ គឺគេបង្អួតសាច់គ្នាទៅវិញទៅមកតាមសម័យកាលដែរ ។
ទោះបីជាយ៉ាងណា មិនត្រឹមតែបង្អួតសម្លៀកបំពាក់ខ្លីប៉ុណ្ណោះទេ គឺយុវតីក្មេងៗ មួយចំនួន បែរ ជាបង្អួតសាក់ខ្នង សាក់ដៃ និងជើង ដែលធ្វើឱ្យមានការរិះគន់ថា ប្រហែលជាយកគំរូតាមបរទេសហើយ ព្រោះកូនចៅខ្មែរយើងភាគច្រើន មនុស្សស្រីគេមិនលេងសាក់បែបនេះទេ ពោលគឺគេសាក់តែទៅលើមនុស្ស ប្រុសៗ ដោយបញ្ចូលមន្តអាគម ដើម្បីការពារខ្លួនពីខ្មាំងសត្រូវនាសម័យសង្គ្រាមប៉ុណ្ណោះ។ ក៏មានអ្នកខ្លះ គេសាក់ដើម្បីការពារកុំឱ្យមានអ្នកដាក់ស្នេហ៍ ឬដាក់អំពើអំព័ន្ធត្រូវប៉ុណ្ណោះ តែដល់ឃើញក្មេងស្រីៗ សាក់លើដងខ្លួនបែបនេះ ពិតប្លែកខ្លាំងណាស់ ។
ប្រជាពលរដ្ឋក៏សំណូមពរឱ្យក្មេងស្រីៗ ដែលមានរូសល្អ សាច់ស្អាត កុំនាំគ្នាសាក់បែបនេះ នាំឱ្យ ខូចសាច់ ពិបាកលុបសាក់វិញ ហើយមើលទៅមិនសមរម្យ ទោះបីជាមុខមាត់ មើលទៅសុភាពយ៉ាងណា ក៏គេអាចចាត់ទុកជាអ្នកលេង ឬមនុស្សឆើតឆាយបានដែរ ព្រោះប្រពៃណីខ្មែរ មិនធ្លាប់ឃើញមានបែបនេះនោះឡើយ ៕

















ចែករំលែកព័តមាននេះ