ខេត្តប៉ៃលិន ៖ អ្នកបើកបររថយន្តខ្នាតយក្សម្នាក់ សង្ស័យងងុយដេកខ្លាំង បានជាបើករថយន្តយីឌុប ១គ្រឿង ដឹកផ្លែស្វាយកែវរមៀតពេញទ្រុង រេចង្កូតធ្លាក់ពីលើដងផ្លូវជាតិលេខ៥៧ បណ្តាលឱ្យផ្ងាជើង ដេកក្នុងប្រឡាយអត់ទឹក ក្អួតចេញផ្លែស្វាយជាង២០តោន តែម្តង តែសំណាងល្អ មិនបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និងព្រូ ព្រមទាំងអ្នករួមដំណើរតាមដងផ្លូវជាមួយទេ ។
ហេតុការណ៍គេសង្ស័យបុរសអ្នកបើកបរងងុយដេកខ្លាំង ទើបបើករថយន្តខ្នាតយក្សដឹកផ្លែស្វាយកែវរមៀត ធ្លាក់ចូលក្នុងប្រឡាយអត់ទឹក ក្រឡាប់ផ្ងាជើងនេះ បានកើតឡើងកាលពីវេលាម៉ោង៥និង២០នាទីព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥៧ ក្នុងភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ប្រភពព័ត៌មានពីមន្ត្រីនគរបាលចរាចរណ៍ បានឱ្យដឹងថា អ្នកបើកបររថយន្ត មានឈ្មោះ បឿក ភេទប្រុស អាយុ២៥ឆ្នាំ និងអ្នករួមដំណើរម្នាក់ ភេទប្រុស មិនស្គាល់អត្តសញ្ញាណ ទាំង២នាក់ អត់រងរបួស រស់នៅស្រុកសំឡូត ខេត្តបាត់ដំបង ដោយបើកបររថយន្ត ម៉ាកហ៊ីណូពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3C–3865 រងការខូចខាតផ្នែកខាងឆ្វេងយ៉ាងដំណំ ។
ប្រភពបន្តទៀតថា មុនពេលកើតហេតុ គេឃើញរថយន្តយីឌុបខ្នាតយក្សខាងលើ បានដឹកផ្លែស្វាយពេញទ្រុង បើកបរក្នុងទិសដៅពីកើតទៅលិច បម្រុងយកទៅលក់នៅប្រទេសថៃ តាមច្រកទ្វារអន្តរជាតិព្រំ។ ប៉ុន្តែដោយសង្ស័យអ្នកបើកបរងើបពីយប់ជ្រៅ លុះធ្វើដំណើរតាមដងផ្លូវងងុយដេកខ្លាំង ទើបលង់លក់មួយភ្លែតក៏ជ្រុលចង្កូតរេទៅខាងឆ្វេងដៃ ធ្លាក់ចូលក្នុងប្រឡាយអត់ទឹក បណ្តាលឱ្យផ្ងាជើងចាក់ ផ្លែស្វាយចោលតែម្តង ។
ក្រោយពេលកើតហេតុ អ្នកបើកបរថយន្ត បានទាក់ទងទៅម្ចាស់ផ្លែស្វាយឱ្យយករថយន្តផ្សេង មកផ្ទេរ ដើម្បីដឹកយកទៅលក់បន្តនៅប្រទេសថៃ។ ចំណែកអ្នកបើកបរ និងព្រូរថយន្តខាងលើ ត្រូវបានមន្ត្រីនគរបាលចរាចរណ៍ខេត្តប៉ៃលិន ហៅទៅអប់រំណែនាំ ដោយមិនត្រូវឱ្យបើកបររថយន្ត ក្នុងស្ថានភាពងងុយដេក ឬស្ថានភាពស្រវឹងនោះឡើយ ព្រោះអាចនឹងបង្កគ្រោះថ្នាក់ចំពោះខ្លួនឯងនិងអ្នករួមដំណើរតាមដងផ្លូវជាមួយផងដែរ ។
ចំណែកប្រជាពលរដ្ឋ ដែលមានផ្ទះនៅក្បែរៗ កន្លែងរថយន្តខាងលើក្រឡាប់ បាននាំគ្នាព្រលឹងចុងសក់ បើសិនជារថយន្តនេះ រេចង្កូតចូលទៅក្នុងលំឋានរបស់ខ្លួន ខណ:កំពុងតែដេកលង់លក់ អាចនឹងបង្កឱ្យមានគ្រោះថ្នាក់ជាយថាហេតុដល់អាយុជីវិតជាក់ជាមិនខាន។ តែសំណាងល្អ ដោយហួសពីផ្ទះពួកគាត់ត្រឹមតែ៥០ម៉ែត្រប៉ុណ្ណោះ ក៏ក្រឡាប់ផ្ងាជើងតែម្តង ៕












ចែករំលែកព័តមាននេះ