ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​កម្ពុជា​ពីរ​នាក់​មាន​ម្នាក់​អាច​ជាប់បំណុល​ធនាគារ

8 ខែ មុន
  • ភ្នំពេញ

មាន​ពលរដ្ឋ​កម្ពុជា​ចំនួន​៤.៩៨​លាន​នាក់ ត្រូវ​បាន​រក​ឃើញ​ជាប់​កម្ចី​ឥណទាន​ដែល​មាន​ទឹកប្រាក់​សរុប​ជាង​២៣២​លាន​លាន​រៀល ឬ​ស្មើ​ប្រមាណ​៥៧.៧​ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០២៣ ។ តាម​តួលេខ​នេះ​អាច​មាន​ន័យ​ថា ពេល​រដ្ឋ​ម្នាក់​ក្នុង​ចំណោម​ពីរ​នាក់​ជំពាក់​លុយ​ធនាគារ ដោយហេតុ​ថា មនុស្ស​ពេញវ័យ​មាន​ប្រមាណ​ជា​១០​លាន​នាក់ ក្នុង​ចំណោម​ប្រជាជន​១៧​លាន​នាក់…

មាន​ពលរដ្ឋ​កម្ពុជា​ចំនួន​៤.៩៨​លាន​នាក់ ត្រូវ​បាន​រក​ឃើញ​ជាប់​កម្ចី​ឥណទាន​ដែល​មាន​ទឹកប្រាក់​សរុប​ជាង​២៣២​លាន​លាន​រៀល ឬ​ស្មើ​ប្រមាណ​៥៧.៧​ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០២៣ ។ តាម​តួលេខ​នេះ​អាច​មាន​ន័យ​ថា ពេល​រដ្ឋ​ម្នាក់​ក្នុង​ចំណោម​ពីរ​នាក់​ជំពាក់​លុយ​ធនាគារ ដោយហេតុ​ថា មនុស្ស​ពេញវ័យ​មាន​ប្រមាណ​ជា​១០​លាន​នាក់ ក្នុង​ចំណោម​ប្រជាជន​១៧​លាន​នាក់ ។

តាម​របាយការណ៍​ពី Credit Bureau Cambodia (CBC)​ពលរដ្ឋ​កម្ពុជា​ជិត​៥​លាន​នាក់​បាន​ប្រើប្រាស់​ឥណទាន​កម្ចី​សរុប ២៣២.៣៩៣.៣៩៤​លាន​រៀល ក្នុង​ឆ្នាំ​២០២៣ ។ ក្នុង​បរិមាណ​ឥណទាន កម្ចី​សរុប​នៅ​ទូ​ទាំង​ប្រទេស​មាន ៥០% ស្ថិត​ក្នុង​ដៃ​ពលរដ្ឋ​រស់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ដែល​មាន​អ្នក​ខ្ចីប្រាក់​សរុប ចំនួន ៦៧.៧​ម៉ឺន​នាក់ ។

ពលរដ្ឋ​ភាគច្រើន​ដែល​បាន​ជាប់បំណុល​ធនាគារ​ជា​អ្នក​រស់នៅ​ក្នុង​ក្រុងភ្នំពេញ ។ បន្ទាប់​ពី​ក្រុងភ្នំពេញ ខេត្តកណ្ដាល មាន​អ្នក​ខ្ចីប្រាក់​សរុប​ចំនួន​៣៨.៤​ម៉ឺន​នាក់ ហើយ​ខេត្តសៀមរាប ជា​ខេត្ត​ធំ​លំដាប់​ទី​៣ ដែល​មាន​អ្នក​ខ្ចីប្រាក់​សរុប​ចំនួន​៣២.៥​ម៉ឺន​នាក់ ។ ដោយឡែក​ខេត្ត​ដែល​មាន​អ្នក​ខ្ចីប្រាក់​ទាប​បំផុត​មាន ៣ គឺ​មណ្ឌលគិរី ប៉ៃលិន និង​កែប ។

តាម​របាយការណ៍​ប្រចាំឆ្នាំ​របស់ CBC នេះ​ជា​ទិន្នន័យ​បាន​ពី​ការ​កត់ត្រា​រូប​វ័​ន្ដ​បុគ្គល និង​គ្រឹះស្ថាន ឬ​សហគ្រាស​ចំនួន​១៩៤​ស្ថាប័ន​ដែល​ជា​សមាជិក​របស់ CBC ។ ទាក់ទង​នឹង​ពលរដ្ឋ​ដែល​ជាប់​បុល​ជិត​៥​លាន​នាក់​វិញ​មាន​៧៦% ជា​អ្នក​ខ្ចីប្រាក់​ពី​ស្ថាប័ន​តែ​មួយ​២០% ជា​អ្នក​ខ្ចីប្រាក់​ពី​២​ស្ថាប័ន និង​៤% ជា​អ្នក​ខ្ចីប្រាក់​ដល់​ទៅ​៣​ស្ថាប័ន ។

ទាក់ទង​នឹង​ការ​សង​ត្រឡប់​វិញ​របស់​អ្នក​ខ្ចីប្រាក់​ប្រាក់​ត្រូវ​បាន​របាយការណ៍​របស់ CBC អះអាង​ថា អ្នក​សង​យឺត​ជាង ៩០​ថ្ងៃ​មាន​ចំនួន ៤.៥% គិត​ត្រឹម​ចុងឆ្នាំ​២០២៣ ។ ចំនួន​ពលរដ្ឋ​ជិត​៥​លាន​នាក់​ដែល​បាន​ជាប់បំណុល​ធនាគារ​នេះ ជា​ការ​ពិត​ណាស់ គឺ​ពលរដ្ឋ​ដែល​មាន​អាយុ​លើស​ពី​១៨​ឆ្នាំ ។ នៅ​ក្នុង​ចំណោម​ពលរដ្ឋ​ប្រមាណ​១៧​លាន​នាក់ មាន​ពលរដ្ឋ​១០​លាន​នាក់​ជា​មនុស្ស ដែល​មាន​អាយុ​លើស​ពី​១៨​ឆ្នាំ ។ កាលពី​ពេល​បោះ​ឆ្នោត​សកល​ឆ្នាំ​២០២៣ ពលរដ្ឋ​មានឈ្មោះ​បោះ​ឆ្នោត គឺជា​អ្នក​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង​ទៅ​មាន​ក្នុង​រង្វង់​១០​លាន​នាក់​នេះឯង ។ ដូច្នេះ គេ​អាច​និយាយ​បាន​ថា ក្នុង​ចំណោម ពលរដ្ឋ​ខ្មែរ​ពីរ​នាក់​អាច​មាន​ម្នាក់​ហើយ​ដែល​ជា​ជាប់បំណុល​ធនាគារ ។ ត្បិត​អី​ក្នុង​ចំណោម អ្នកមាន​អាយុ​១៨​ឆ្នាំ ១០​លាន​នាក់ មាន​ជិត​៥​លាន​នាក់​ទៅ​ហើយ​បាន​ជាប់បំណុល​ធនាគារ ។ ពីរ​នាក់​មាន​ម្នាក់​ជាប់បំណុល​ធន​គារ នេះ​ជា​ចំនួន​ច្រើន​ឬទេ? ទំនង​មិន​តិច​នោះ​ឡើយ ហើយ​វា​មិនមែន ជា​សញ្ញា​វិជ្ជមាន​នោះ​ដែរ ទោះបី​មាន​មតិ​ជា​ច្រើន​បាន​លើក​ឡើង​ថា ការ​ជាប់បំណុល​ធនាគារ​មិនមែន​ជា ប្រការ​អាក្រក់​នោះ​ឡើយ ។ ប៉ុន្តែ​នៅ​ក្នុង​ស្ថានភាព​សេដ្ឋកិច្ច​មិនល្អ​នេះ​ការ​ជាប់បំណុល​ធនាគារ​មិនមែន ជា​ការ​ល្អ​ឡើយ ។

កន្លង​មក​មានការ​រក​ឃើញ​ថា ដោយសារ​ពិបាក​រក​ចំណូល​ពលរដ្ឋ​ជា​ច្រើន​បាន​ខ្ចី​ថវិការ​ពី​ធនាគារ​លើស​ពី​ពីរ​ស្ថាប័ន​ក្នុង​ពេល​តែ​មួយ ។ ខ្ចី​ពី​មួយ​កន្លែង​យក​ទៅ​សង​មួយ​កន្លែង​ទៀត ខណៈ​ចំណូល​មិន​កើន​មាន​តែ​ធ្លាក់ ។ ស្ថានភាព​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​តម្រូវ​អោយ​មានការ​ប្រយ័ត្នប្រយែង​ខ្លាំង​ទាំង​លើ​ការ​គ្រប់គ្រង​ធនាគារ និង​ការ​យល់​ដឹង​របស់​ប្រជាជន​អំពី​ការ​ប្រើប្រាស់​បំណុល​អោយ​មាន​ប្រសិទ្ធភាព ។ ធនាគារ​ទាំងអស់​ត្រូវ​អនុវត្ត​អោយ​បាន​ត្រឹមត្រូវ​លក្ខ​ណ្ឌ​សម្រាប់​ការ​ផ្តល់​កម្ចី​ដល់​ប្រជាជន​កម្ពុជា​ដោយ​ពិនិត្យ មើល​ស្ថានភាព​សេដ្ឋកិច្ច​របស់​ពួក​គេ​និង​សមត្ថភាព​នៃ​ការ​សងបំណុល​វិញ ។

ចំណែក​ប្រជាជន​កម្ពុជា​ត្រូវ​តែ​ប្រយ័ត្ន​នៅ​ក្នុង​ការ​សម្រេចចិត្ត​ខ្ចី​លុយ​ពី​ធនាគារ ដើម្បី​ចៀសវាង​កុំអោយ​បំណុល​ធ្វើបាប​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ ។ ការ​ខ្ចី​លុយ​ធនាគារ​គួរតែ​ធ្វើ​ឡើង ដើម្បី​បង្កើន​ដល់​ការ​រក​ប្រាក់​ចំណូល ដោយ​មិន​ត្រូវធ្វើ​ឡើង​ដោយ​គ្រាន់តែ​បំពេញ​តណ្ហា​ចង់បាន​របស់របរ​ទំនើប​ប្រើប្រាស់​ឡើយ ។ ឧទាហរណ៍ ការ​ខ្ចី​លុយ ទិញ​លុយ​ទូរស័ព្ទ​ទំនើប ទិញ​ម៉ូ​តួ​ទំនើប ឬ​ឡាន​ទំនើប ដើម្បី​ជិះ​អួត​គេឯង គឺជា​រឿង​មិន​គួរ​ធ្វើ​នោះ​ទេ​ក្នុង​ស្ថានភាព​សេដ្ឋកិច្ច​លំបាក​ដូច​បច្ចុប្បន្ន ។

កត្តាសេដ្ឋកិច្ច​របស់​កម្ពុជា​ដែល​ពឹងផ្អែក​ខ្លាំង​លើ​កត្តា​ខាងក្រៅ​ដូច​ជា ទេសចរណ៍​បរទេស ការ​វិនិយោគ​បរទេស និង​ការ​នាំ​ចេញ​ទំនិញ​ទៅ​ក្រៅប្រទេស បាន​ធ្វើ​អោយ​សេដ្ឋកិច្ច​កម្ពុជា​រង​ផល​ប៉ះពាល់​ពី​វិបត្តិ​សេដ្ឋកិច្ច នយោបាយ និង​សង្គម​នៅ​ក្នុង​ពិភពលោក ។
ទោះបីជា​យ៉ាងណា​ក៏​ដោយ ការ​ព្យាករណ៍​បាន​បង្ហាញ​នូវ​ក្តី​សង្ឃឹម​មួយ​ថា សេដ្ឋកិច្ច​កម្ពុជា​នឹង​ងើបឡើង​វិញ​គួរ អោយ​កត់សម្គាល់​នៅ​ឆ្នាំ​២០២៤​នេះ ជាមួយនឹង​កំណើន​ជាង​៦​ភាគរយ​ដោយ​ធ្វើ​អោយ​កម្ពុជា​ក្លាយ ជា​ប្រទេស​មាន​កំណើនសេដ្ឋកិច្ច​ខ្លាំង​ជាងគេ​បំផុត​ទី​បី​ក្នុង​ពិភពលោក ៕ ដោយ សា រ៉ា​ន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ