ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងអត់? តើយាយម៉ៅពេជ្រនិលផ្លូវជាតិលេខ៤ និងយាយម៉ៅកំពង់សិលាផ្លូវល្បឿនលឿនមួយណាស័ក្តិសិទ្ធិ​ជាង?

3 អាទិត្យ មុន

ខេត្តកំពង់ស្ពឺ ៖ ដូច​យើង​គ្រប់​គ្នា​ដឹង​ហើយ​ថា ចាប់តាំងពី​ផ្លូវ​ល្បឿន​លឿន រាជធានី​ភ្នំពេញ​-​ខេត្ត​ព្រះ​សីហ​នុ ដាក់​ឲ្យ​ធ្វើ​ចរ​ចរណ៍​នោះ ការ​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៤ ហាក់​ស្ងប់ស្ងាត់​បាត់បង់​យានយន្ត​ឆ្លង​ដែល​បង្ក​ផល​ប៉ះពាល់​ជា​ខ្លាំង​ដល់​បងប្អូន​ដែល​ប្រកប​របរ​លក់ដូរ​តាម​ដងផ្លូវ ជា​ពិសេស​អាហារ​ដ្ឋា​ន​ជា​ច្រើន នៅ​តំបន់​ពេ​ជ្យ​និល​ត្រូវ​បាន​បិទទ្វារ​ជា​បន្តបន្ទាប់…

ខេត្តកំពង់ស្ពឺ ៖ ដូច​យើង​គ្រប់​គ្នា​ដឹង​ហើយ​ថា ចាប់តាំងពី​ផ្លូវ​ល្បឿន​លឿន រាជធានី​ភ្នំពេញ​-​ខេត្ត​ព្រះ​សីហ​នុ ដាក់​ឲ្យ​ធ្វើ​ចរ​ចរណ៍​នោះ ការ​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៤ ហាក់​ស្ងប់ស្ងាត់​បាត់បង់​យានយន្ត​ឆ្លង​ដែល​បង្ក​ផល​ប៉ះពាល់​ជា​ខ្លាំង​ដល់​បងប្អូន​ដែល​ប្រកប​របរ​លក់ដូរ​តាម​ដងផ្លូវ ជា​ពិសេស​អាហារ​ដ្ឋា​ន​ជា​ច្រើន នៅ​តំបន់​ពេ​ជ្យ​និល​ត្រូវ​បាន​បិទទ្វារ​ជា​បន្តបន្ទាប់ ។

កុំ​ថា​ឡើយ តែ​អ្នក​រកស៊ី​លក់ដូរ សូ​ម្បី​តែ​អាស្រម​លោកយាយ​ម៉ៅ​ពេ​ជ្យ​និល ដ៏​ល្បីល្បាញ​ថា សក្តិ​សិទ្ធ​ខ្លាំង​នោះ​ត្រូវ​បាន​គេ​មើលឃើញ​ថា ស្ងប់ស្ងាត់​មិនសូវ​មាន​បងប្អូន​ទៅ​បន់ស្រន់​សែនព្រេន​ដូច​មុន​នោះ​ឡើយ ។ បើ​យើង​ក្រឡេក​ទៅ​មើលផ្លូវ​ល្បឿន​លឿន​វិញ អាស្រម​លោកយាយ​ម៉ៅ​ថ្មី ក៏​ត្រូវ​បាន​សាងសង់​ឡើង​នៅ​ចំណត​កំពង់​សីលា តាម​បណ្តោយ​ផ្លូវ​ល្បឿន​លឿន ដោយ​មាន​រូប​បដិមា និង​វិមាន​ដ៏​ប្រណិត​ស្កឹមស្កៃ​ទុក​ជាទី​សក្ការៈ និង​ដើម្បី​ផ្តល់​នូវ​អារម្មណ៍​កក់ក្តៅ​ដល់​អ្នកដំណើរ​រាប់​ម៉ឺន​នាក់ ដែល​ឆ្លងកាត់​ផ្លូវ​នេះ បាន​បន់ស្រន់​សូម​សុខ​សុវត្ថិភាព​តាម​ផ្លូវ​ធ្វើ​ដំណើរ បន្ទាប់​ពី​គ្រោះថ្នាក់​ចរាចរណ៍​ត្រូវ​បាន​រាយការណ៍​កើតឡើង​យ៉ាង​ញឹកញាប់​នៅ​លើ​ផ្លូវ​ល្បឿន​លឿន ។

យាយ​ម៉ៅ ផ្លូវ​ល្បឿន​លឿន ត្រូវ​បាន​កសាង​នៅ​ចំណុច​ចំណត​ចន្លោះ​គីឡូម៉ែត្រ​លេខ​១០៩ និង​១១០ ស្ថិត​ក្នុងភូមិ​ស្ទឹង​សំរោង​ឃុំ​អូ​បាក់រទេះ ស្រុក​កំពង់​សិលា ខេត្ត​ព្រះ​សីហ​នុ ហើយ​ត្រូវ​បាន​សាងសង់​ឡើង​ទាំង​សងខាង​ផ្លូវ​ទាំង​ទិស​ដៅ​ភ្នំពេញ​-​ព្រះ​សីហ​នុ និង​ទិស​ដៅ​ព្រះ​សីហ​នុ​-​ភ្នំពេញ​។ សំណួរ​សួរ​ថា តើ​យាយ​ម៉ៅ​ពេជ្រនិល ផ្លូវជាតិ​លេខ​៤ និង​លោកយាយ​ម៉ៅ​កំពង់​សិលា ផ្លូវ​ល្បឿន​លឿន មួយ​ណា​ស័ក្តិសិទ្ធិ​ជាង?

មុន​នឹង​ឆ្លើយ​សំណួរ​ខាងលើ សូម​រំលឹក​បន្តិច​ថា លោកយាយ​ម៉ៅ ត្រូវ​បាន​អ្នកមាន​ជំនឿ​ចាត់​ទុក​ថា ជា​អ្នកតា ឬ​ម្ចាស់​ទឹក​ម្ចាស់​ដី ដែល​គ្របគ្រង​ប្រចាំ​ទិសនិរតី និង​សមុទ្រ ដែល​ត្រូវ​បាន​គេ​គោរព​បូជា ជា​ប្រជាពលរដ្ឋ​ខេត្ត​ព្រះ​សីហ​នុ កំពត កែប កោះកុង ។ ក្រៅពី​យាយ​ម៉ៅ​ពេ​ជ្យ​និល ក៏​មាន​យាយ​ម៉ៅ​ភ្នំ​បូកគោ មាន​យាយ​ម៉ៅ​ឆ្នេរកែប ឬ​ដែល​គេ​ហៅ​ថា «​សិលា​ចាំ​ប្តី​» រួម​នឹង​អាស្រម​យាយ​ម៉ៅ​ច្រើន​ទីតាំង​ទៀត ដោយ​អ្នកមាន​ជំនឿ​ហៅ​លោកយាយ​ថា «​ម្ចាស់​ស្រី​នៅ​ទិសនិរតី ជា​អធិបតី​ប្រចាំ​ដែនដី​សមុទ្រ​» យាយ​ម៉ៅ​ត្រូវ​បាន​គេ​គេ​និយាយ​ត​ៗ​គ្នា ពី​មាត់​មួយ​ទៅ​មាត់​មួយ​ថា នៅ​មុន​សម័យ​អាណានិគម​បារាំង យាយ​ម៉ៅ គឺជា​ស្ត្រី​ដ៏​ស្អាត​មួយ​រូប​ដែល​បាន​រៀប​អា​ពា​ពិពាហ៍​ជាមួយនឹង​មេទ័ព​ម្នាក់ ។ ក្រោយ​ពី​ស្វាមី​ទទួលមរណភាព​ក្នុង​សង្គ្រាម លោកយាយ ក៏​បាន​ដឹកនាំ​ទ័ព​ឡើង​សងសឹក ហើយ​បាន​ក្លាយជា​វីរៈនារី​ដ៏​ល្បីល្បាញ ។

ដោយឡែក រឿង​ផ្សេង​ទៀត​ដំណាល​ថា ស្វាមី​របស់​ដូន​ម៉ៅ ដែល​ជា​មេទ័ព​បាន​ចេញ​ទៅ​ធ្វើសង្គ្រាម​តាម​ផ្លូវ​សមុទ្រ ដោយសារ​តែ​នឹក​ស្វាមី​ខ្លាំង​ពេក​នាង​ក៏​ទៅ​តាម​រក ហើយ​ក៏​បាន​មក​ដួល​ស្លា​.​ប់​នៅ​ខេត្តកោះកុង ក្លាយជា​អ្នកដូន (​ឆ្មាំ​រក្សា​សមុទ្រ​) រួម​នឹង​រឿង​ផ្សេង​ៗ​ដែល​លើក​ឡើង​ស្រ​ដៀង​គ្នា​ជា​ច្រើន​ទៀត ។

ងាក​ត្រឡប់​ទៅ​សំណួរ​ខាងលើ តើ​យាយ​ម៉ៅ ផ្លូវជាតិ​លេខ​៤ និង​យាយ​ម៉ៅ ផ្លូវ​ល្បឿន​លឿន មួយ​ណា​ស័ក្តិសិទ្ធិ​ជាង?ពាក្យ​ស័ក្តិសិទ្ធិ​ដែល​ត្រូវ​បាន​លើក​ឡើង គឺ​ចង់​សំដៅលើ​សុវត្ថិភាព​ក្នុង​ការ​ធ្វើ​ដំណើរ ដូចនេះ​មិន​ថា យាយ​ម៉ៅ ផ្លូវជាតិ​លេខ​៤ និង​យាយ​ម៉ៅ​ផ្លូវ​ល្បឿន​លឿន​ទេ​នឹង​ស័ក្តិសិទ្ធិ​ដូច​គ្នា បើសិនជា​អ្នកបញ្ជា​យានយន្ត​គ្រប់​ៗ​រូប​បើកបរ​ដោយ​គោរព​ឱ្យ​ខ្ជាប់ខ្ជួន​តាម​ច្បាប់​ចរាចរណ៍ បើកបរ​ដោយ​ស្មារតី​ប្រុង​ប្រយ័ត្ន​ខ្ពស់​បើកបរ​ក្នុង​ល្បឿន​មួយ​ត្រឹមត្រូវ តាម​ច្បាប់​កំណត់ បើកបរ​ដោយ​ការ​យោគយល់​អធ្យាស្រ័យ ។

ក្នុង​ករណី អ្នកបញ្ជា​យានយន្ត​បើកបរ​លើស​ល្បឿន​កំណត់​បើកបរ​បញ្ច្រាសទិស បើកបរ​ខុស​ពី​វិធានការ​សុវត្ថិភាព​ផ្សេង​ៗ ដែល​ងាយ​នឹង​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​នោះ ទោះជា​លោកយាយ​ស័ក្តិសិទ្ធិ​ប៉ុណ្ណា ក៏​មិន​អាច​ការពារ​អាយុជីវិត និង​សុវត្ថិភាព​ជូន​លោក​អ្នក​បាន​នោះ​ដែរ ។ ក្នុង​ន័យ​នេះ បន្ទាប់​ពី​មាន​អាស្រម​លោកយាយ​ម៉ៅ​លើ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ​ក្តី​ក៏​ក្រសួង​ស្ថាប័ន​ជំនាញ​នៅ​តែ​បន្ត​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​រូប​មេត្តា​អនុវត្ត​តាម​លក្ខខណ្ឌ​ក្នុង​ការ​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន ព្រមទាំង​ចូលរួម​គោរព​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​ឱ្យ​បាន​ខ្ជាប់ខ្ជួន កុំ​បើកបរ​លើស​ល្បឿន​កំណត់ និង​កុំ​បើកបរ​បញ្ច្រាសទិស​ចរាចរណ៍ ជា​ពិ​សេ​នៅ​ក្នុង​ឱកាស​នៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ខាង​មុខ ៕ អត្ថបទ​៖ អោម ចែត​ច័ន្ទ​ណា​រ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ