ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីក្រោមឱវាទប្តឹងមេ សុំឱ្យសម្តេចនាយករដ្ឋមន្ត្រីដកចេញ

1 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ លោក ឡង់ សុបិន អភិបាលស្រុកឆែប ខេត្តព្រះវិហារ កំពុងរងការចោទប្តឹងពី​មន្ត្រី

ខេត្តព្រះវិហារ ៖ លោក ឡង់ សុបិន អភិបាលស្រុកឆែប ខេត្តព្រះវិហារ កំពុងរងការចោទប្តឹងពី​មន្ត្រីក្រោមឱវាទ​ជាច្រើន​នាក់ ចាប់ពី​ថ្នាក់ភូមិ ឃុំ ស្រុក បានដាក់​ពាក្យ​ប្ដឹងទៅ​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​លោក​អភិ​សន្តិ​បណ្ឌិត ស សុខា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សុំ​ឱ្យដកចេញ​ពីមុខ​តំណែងពីអភិបាលស្រុក ដោយថា គ្មាន​សមត្ថភាព​ដឹកនា​ព្រោះ​ប្រកាន់​បក្ខពួក បង្កជម្លោះ​ផ្ទៃក្នុង និង​ប្រើប្រាស់​ថវិកា​មិន​ត្រឹមត្រូវ ។

នេះបើយោងតាមឯកសារដែលផ្តល់មកឱ្យ​ក្រុមអ្នកសារព័ត៌មាននារសៀល​ថ្ងៃទី​៦ ខែមេសា ឆ្នាំ២០២៤ នេះ ។

ខ្លឹមសារនៅ​ក្នុង​លិខិត​នោះ បានបញ្ជាក់ថា លោក​អភិបាលស្រុក​រូបនោះដឹកនាំ ប្រកាន់​បក្ខពួក បង្​ជម្លោះ​ផ្ទៃក្នុង តែងតែ​ធ្វើទុក្ខបុកម្នេញ​មន្ត្រីក្រោមឱវាទ គ្មាន​ចំណេះដឹង​ផ្នែក​រដ្ឋបាល គ្មាន​សមត្ថ​ភាព​ជា​អ្នកដឹកនាំ ដោយ​ថែមទាំង​សហការ​ជាមួយមន្ត្រីចូលនិវត្តន៍ និងក្រុមហ៊ុនចម្ការអំពៅចិន ទៀតផង។

ដើម្បី​យកដីសម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ចម្ការ​អំពៅ​ចិន​មក​ជួល​ឱ្យ​ប្រជាពលរដ្ឋ​ដាំដំឡូង​មី ក្នុង ១​ហិកតាៗ ជិ​ត​១លាន​រៀល។

នៅ​ក្នុង​លិខិត​នោះ​បាន​អះអាងទៀតថា យើងខ្ញុំ​ជា​មន្ត្រីរាជការ នៅ​ចំណុះ​រដ្ឋបាល​ស្រុក​ឆែប ក្រុ​មប្រឹក្សាឃុំ​ទាំង​៨ និង​ក្រុមប្រឹក្សា​ស្រុក​ឆែប ខេត្តព្រះវិហារ ពុំដែល​ទទួលបាន​នូវ​ភាព​កក់ក្ដៅ​សប្បា​យរីករាយ​ក្នុងការ​បំពេញ​កិច្ចការងារ​សោះឡើយ។

ដោយសារតែ​លោក​អភិបាលស្រុក​រូបនោះ គឺ​តែងតែ​ព្យាយាម​ធ្វើទុក្ខបុកម្នេញ​យើងខ្ញុំ​ទាំងអស់​គ្នា​តាមគ្រប់​រូបភាព ដែល​មិន​សមជា​អ្នកដឹកនាំ​គ្រប់គ្រង មាន​ពេល​ខ្លះ​ស្រែកសំឡុត​គំរាមកំហែង ស្ដី​បន្ទោស​ថា​ស្រេច​តែ​ចិត្ត​គាត់ ហើយ​មិនមាន​ភាពច្បាស់លាស់​ទៅលើ​ការងាររដ្ឋបាលឡើយ បញ្ជា​ឱ្យ​ធ្វើ​ការងារ​តាមតែ​អារម្មណ៍​របស់ខ្លួន។

មន្ត្រីក្រោមឱវាទថា សកម្មភាព​របស់​លោក ឡង់ សុបិន កន្លងមក ពុំ​មាន​ការ​ប្រាស្រ័យ​ទាក់ទង​ល្អ ជាមួយ​មន្ត្រីក្រោមឱវាទ​ក្រុម​ប្រឹក្សាឃុំ និង​ក្រុមប្រឹក្សា​ស្រុក​នោះឡើយ។

ប្រើប្រាស់ថវិកាជាតិ​របស់​រដ្ឋបាល​ស្រុក មិន​ត្រឹមត្រូវ​កេង​ចំណេញ គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន ជាពិសេស​កញ្ចប់លទ្ធកម្ម។

មាន​អត្តចរិត​ឆេវឆាវ​គ្រប់គ្រង​កំហឹង​ខ្លួនឯងមិនបាន បញ្ចេញ​សម្តី​មិនល្អ​ជាមួយ​មន្ត្រីក្រោមឱវាទ និង​ក្រុមប្រឹក្សា ។

សម្ដី​គ្មាន សុជីវធម៌ សីលធម៌ ក្នុង​ភាពជា​អ្នកដឹកនាំមិនខ្វល់ខ្វាយ ពី​សាមគ្គីភាពផ្ទៃក្នុង​ឡើយ។

មិន​មាន​ភក្ដី​ភាពជា​អ្នកដឹកនាំ គ្មានក្រមសីលធម៌ ដឹកនាំ​តាម​អារម្មណ៍​របស់ខ្លួន ។

ធ្វើការ​អត្តនោម័តិមិនដែល​ស្តាប់​យោបល់​អ្នកណា ពិសេស​គណៈ អភិបាលស្រុក និង​ក្រុមប្រឹក្សា​ស្រុក នោះទេ។

គ្មាន​ចំណេះដឹង​ផ្នែក​រដ្ឋបាល ដឹកនាំ​គ្រប់គ្រង​ពុំ​សូវ​នៅ​អង្គភាព ដោយ​ធ្វើការ​ផ្ទេរសិទ្ធិ​ជា​ញឹកញាប់ តែ​ពេល​នៅ​សាលាស្រុក តែងតែ​តាមដាន និង​ដាក់​អវត្តមាន​មន្ត្រី​កំពុងធ្វើការ ដែល​ពុំទាន់​ចុះហត្ថ​លេខា​លើ​បញ្ជី​វត្តមាន ។

មិន​ចេះ​លើកទឹកចិត្ត និង​យកចិត្តទុកដាក់​ពី​សុខទុក្ខរបស់​មន្ត្រីក្រោមឱវាទ ចេះតែ​ចាប់កំហុស រាល់ កិច្ចប្រជុំ គណៈបញ្ជាការ​ឯកភាព និង​ប្រជុំ ប្រចាំខែ គឺ​ពុំ​មាន​របៀបវារៈ​ត្រឹមត្រូវ ច្បាស់លាស់ ក្នុង កិច្ចប្រជុំ ហើយ​តែងតែ​ស្តី​បន្ទោស​មន្ត្រី និង​បណ្តេញ​មន្ត្រី​ចេញពី​អង្គប្រជុំ​ជារឿយៗ។

មិនដែល​ចូលរួម​កិច្ចប្រជុំ​សាមញ្ញ ក្រុមប្រឹក្សា​ស្រុក រយៈពេល​ជាង​មួយឆ្នាំ ហើយ​គេច​វេស​មិន​ចូលរួម​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ស្រុក និង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត ។

ហើយ​មិនដែល​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្សេងៗ ដែល​កើត​មាន​ឡើង​ក្នុងស្រុក​ឡើយ ។

បង្កើត​បក្ស​ក្នុង​បក្ស បង្ក​ទំនាស់​ផ្ទៃក្នុង បំបែកបំបាក់​សាមគ្គី ផ្ទៃក្នុង​រវាង​ថ្នាក់លើ ថ្នាក់ក្រោម ។

បង្ក​ឱ្យមាន​ទំនាស់​ដី​ធ្លី​ជា​ញឹកញាប់​ក្នុងភូមិ​សាស្ត្រ​ស្រុក​ឆែប ហើយ​មិន​ចូលរួម​ដោះស្រាយ ។

បង្កើត​ចលនា​ដីធ្លី ដោយបាន​សហការ​ជាមួយ​លោក ម៉ី សោភា មន្ត្រី​ចូលនិវត្តន៍ និង​ក្រុមហ៊ុន​ចម្ការ​អំពៅ​ចិន ។

ដោយ​យក​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ចម្ការ​អំពៅ​ចិន មិន​វិនិយោគ​លើ​ដំណាំ​អំពៅ បែរ​ជា​ជួល​ដី​ឱ្យ​ប្រជាពលរដ្ឋ​ដាំ​ដំឡូង​មី​វិញនៅ​ឆ្នាំ​២០២៣ ក្នុង​១​ហិកតា​ជួល​ក្នុង​តម្លៃ​៤៥០,០០០រៀល ទៅ ៦០០,០០០រៀល ក្នុង​១​ហិកតា។

លុះដល់​ឆ្នាំ​២០២៤ លោក ម៉ី សោភា បាន​បង្កើន​ថ្លៃ​ជួល​ដី​រហូត​ដល់​៨០០,០០០រៀល ទៅ​១,០០០,០០០រៀល ដើម្បី​ជួល​ឱ្យប្រជាជនក្រៅស្រុក ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត​ក្នុងស្រុក​ឆែប​យ៉ាងធ្ងន់ធ្ងរ បំផុត ។

លោក ម៉ី សោភា ម្ចាស់​សហគ្រាស អឹម សេ វែ​ន គឺ​បាន​រំលោភបំពាន​លើ​ប្រជាពលរដ្ឋ ដែល​បាន​ជួល​ដី​ហើយ​ទាមទារ​លុយ​ពី​ប្រជាពលរដ្ឋ មុន​ការកំណត់​ជាប្រចាំ តាំងខ្លួន​ជា​ស្ដេចត្រាញ់​ប្រចាំ​តំបន់ ដោយ មិន ខ្លាចរអា​ច្បាប់​ឡើយ ព្រោះ​មានការ​សហការ​ពី​អភិបាលស្រុក ។

ជាក់​ស្តែង កាលពី​ថ្ងៃទី​២៩ ខែមករា ឆ្នាំ ២០២៤ បាន​ប្តឹង​ឱ្យ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក ចាប់យក​ត្រាក់ទ័រ​របស់​ប្រជាពលរដ្ឋ​ចំនួន​មួយគ្រឿង​ម៉ាក​គូ​បូ​តា ពណ៌​ក្រហម លេខ​១០៥០ ដែល​កំពុង​ភ្ជួរ​ដី​រើស​ផល​ដំឡូង​មី​ក្នុង​ដីចម្ការ ដែល​បាន​ជួល​ពី​ខាង​សហគ្រាស អឹម សេ វែ​ន ។

ពេល​ចុះ​ចាប់​នោះ មាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ចំនួន៣​នាក់ សន្តិសុខ​សហគ្រាស អឹម សេ វែ​ន​ចំនួន៦​នាក់ អ្នកបកប្រែ​ចិន​ចំនួន១​នាក់ ដឹកនាំ​ដោយ​លោក ហុង ហាំ មេបញ្ជាការ​កងរាជអាវុ​ហត្ថ ស្រុក​ឆែប ខេត្តព្រះវិហារ បាន​ចាប់យក​ត្រាក់ទ័រ ទៅ​រក្សាទុក​នៅ​ទីបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ ។

ពេល​ដែល​ប្រជាពលរដ្ឋ ស្នើសុំ​ឱ្យ​ជួយ​អន្តរាគមន៍ តែ​លោក ឡង់ សុបិន មិន​ព្រម​ចុះហត្ថលេខា​លើ​ឯកសារ​សំណើ​របស់​ប្រជាពលរដ្ឋ ដោយ​គ្មាន​ភាព​ទទួលខុសត្រូវ​ចំពោះ​ប្រជាពលរដ្ឋ​របស់ខ្លួន​ឡើយ​ក្នុងនាម​ជា​ថ្នាក់ដឹកនាំ​ស្រុក ។

តាម​ប្រភព​ដដែល​បន្ថែម​ទៀត​ថា កន្លងមក ធ្លាប់មាន​ជន​អាណាមិក​បាន​បោះ​ត្រាក់​នៅមុខ​សាល​ស្រុក​ឆែប និង​នៅមុខ​សាលាខេត្ត​ព្រះវិហារ រិះគន់​អំពី​អ​សមត្ថភាព​ដឹកនាំ​របស់លោក ឡង់ សុបិន ទៀតផង។

បន្ទាប់មក គណៈ​ចាត់តាំង​នៃ​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ព្រះវិហារ បាន​ចុះមក​សាកសួរ​ក្រុមប្រឹក្សា​ស្រុក និង​គណៈ​អភិបាលស្រុក​ថា​តើ​អត្ថន័យ​ក្នុង​ត្រាក់​នោះ​ជា​ការពិត​ដែរឬទេ​?

ប៉ុន្តែមកទល់ពេលនេះ មិនទាន់​បានឃើញ​ចំណាត់​ការ​ណាមួយ​ចំពោះ​បុគ្គល​នេះ​នៅឡើយ​ទេ។

មន្ត្រីក្រោមឱវាទ ស្នើ​សុំឱ្យ​សម្ដេច​ធិបតី ហ៊ុន ម៉ា ណែ​ត មេត្តា​ដក ឬ​សម្រួល​ភារកិច្ច​លោក ឡង់ សុបិន ចេញពី​អភិបាល​នៃ​គណៈ​អភិបាលស្រុក​ឆែប​ខេត្តព្រះវិហារ ដោយ​ក្ដី​អនុគ្រោះ ។

លោក ឡង់ សុបិន អភិបាលស្រុក​ឆែប បាន​ប្រាប់​ក្រុមអ្នកសារព័ត៌មាន នៅ​ថ្ងៃទី៦ ខែមេសា ឆ្នាំ ២០២៤ នេះ ថា ការដឹកនាំ​របស់លោក គឺ​ល្អប្រសើរ ក្នុង​នោះ​រូបលោក​ក៏​មិន​នឹកស្មានថា មាន​អ្នក​មិន​ពេញចិត្ត​នឹង​លោក​ដែរ ។

លោក​បន្ត​ថា ខ្ញុំ​តែងតែ​ធ្វើការ​ណែនាំ​ដល់​មន្ត្រី​ជំនាញ ឬ​ការិយាល័យ​នានា ឱ្យ​អនុវត្ត​តួនាទី​ភារកិច្ច​ល្អ ដើម្បី​បម្រើ​ពលរដ្ឋ ។

ចំពោះ​រឿង​ជួល​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ចម្ការ​អំពៅ​ចិន លោក​បាន​បដិសេធថា លោកមិន​ពាក់ព័ន្ធ​នោះទេ ។

ទោះជា​យ៉ាងនេះ​ក្ដី មហាជន​កំពុង​រង់ចាំ​មើលថា​តើ​ថ្នាក់ដឹកនាំ នឹងមាន​ចំណាត់​ការ​បែប​ណា​ទៅលើ​បណ្ដឹ​ង​របស់​ក្រុមមន្ត្រី ដែល​បាន​ប្ដឹង​លោក​អភិបាលស្រុក​ឆែបនេះ ​។

ព័ត៌មានពិស្តារនឹងមានផ្សាយនៅលើកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ