ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​១ម៉ោង! គ្រោះថ្នាក់ចរាចរណ៍៣ករណីផ្សេងគ្នា ​ក្នុង​ក្រុងបាវិត

3 អាទិត្យ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍៣​ករណីផ្សេងគ្នា ក្នុងរយៈពេល១ម៉ោង បណ្ដាលឱ្យ

ខេត្តស្វាយរៀង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍៣​ករណីផ្សេងគ្នា ក្នុងរយៈពេល១ម៉ោង បណ្ដាលឱ្យមនុស្ស៤នាក់រងរបួសធ្ងន់ស្រាល មូលហេតុបណ្តាលមកពី​បើកបរក្នុង​ល្បឿនលឿន និងបើកបរក្នុងស្ថានភាពស្រវឹង។

ករណីទី១-គ្រោះថ្នាក់ចរាចរណ៍​រវាងរថយន្ត​ព្រូស​បុ.កជាមួយរថយន្ត​រ៉ែងរ៉ូវើ បណ្ដាលឱ្យខូចខាតរថយន្តធ្ងន់ធ្ងរទាំងសងខាង ។ ហេតុការណ៍នេះ​បាន​កើតឡើង​កាលពី​វេលាម៉ោង៩និង៤៦នាទីយប់ថ្ងៃទី៦​មេសា ឆ្នាំ​២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចខាងមុខកាស៊ីណីម៉ុកបាយ ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។​

បើតាមសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាកព្រូស ពណ៌ស បើកបរពីទិសខាងកើតទៅលិចយ៉ាងលឿន លុះមកដល់ខាងមុខ​ខ្លោង​ទ្វារកាស៊ីណូម៉ុកបាយ ក៏មានរថយន្ត១គ្រឿងម៉ាករ៉ែងរ៉ូវើ ពណ៌ខ្មៅ បើកចេញពីកាស៊ីណូ ក្នុង​ទិសដៅពីជើងទៅត្បូង ក្នុង​បំណងឆ្លងថ្នល់ ក៏ត្រូវរថយន្ត​ម៉ាកព្រូស​បុកពេញទំហឹង បណ្ដាលឱ្យរថយន្ត​ព្រូស​ខូចខាតផ្នែកខាងមុខធ្ងន់ធ្ងរចំណែករថយន្ត​រ៉ែងរ៉ូវើ ខូចខាតចំហៀងខាងស្តាំផ្នែកខាងមុខធ្ងន់ធ្ងរ តែសំណាងល្អ អ្នកបើកបររថយន្តប្រ៊ូសរបួសស្រាល ។

ករណីទី២-គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកជាមួយម៉ូតូ លាន់ដូចរន្ទះ បណ្ដាលឱ្យអ្នកបើកម៉ូតូ រងរបួសទាំងសងខាងសន្លប់ស្តូកស្តឹងនៅនឹងកន្លែង ។ ហេតុការណ៍នេះ​បាន​កើតឡើង​កាលពី​វេលាម៉ោង៩និង៤៨នាទីយប់ថ្ងៃ​ទី៦ មេសា ឆ្នាំ​២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចខាងមុខផ្សាររាត្រី ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ខេត្ត​ស្វាយរៀង​ ។

មូលហេតុបណ្តាលមកពី​បើកបរក្នុង​ល្បឿនលឿន និងអត់ពាក់មួកសុវត្ថិភាព ។ បន្ទាប់មកសមត្ថកិច្ចបានមកពិនិត្យ និងធ្វើការវាស់វែង រួចហៅរថយន្តសាមុយដឹកបញ្ជូនមកមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិជីភូ ដើម្បីសង្គ្រោះ ។

ករណីទី៣-គ្រោះថ្នាក់ចរាចរណ៍រវាង​រថយន្តមួយគ្រឿងម៉ាកLexus RX330 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AP-3107 បានរេចង្កូតធ្លាក់ផ្លូវក្រឡាប់ពីបីត្រឡប់ផ្ងារ​ជើងឡើងលើ បណ្ដាលឱ្យអ្នកបើកបររបួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើង​កាលពី​វេលាម៉ោង១០និង៥៨នាទីយប់ថ្ងៃទី៦មេសា នៅតាមផ្លូវក្រាលកៅស៊ូ ​ត្រង់​ចំណុចជិតក្តោងទ្វារវត្តពោធិថ្មី ស្ថិត​ក្នុង​ភូមិពោធិថ្មី ឃុំស្វាយតាយាន ស្រុកកំពង់រោទ៌ ខេត្តស្វាយរៀង​ ។​

បើតាមសមត្ថកិច្ចបានឱ្យដឹងថា មូលហេតុបណ្តាលមកពី​អ្នកបើកបររថយន្តបើកបរ​ក្នុងស្ថានភាពស្រវឹង និងបើកបរក្នុង​ល្បឿនលឿន គ្រប់គ្រងលែងបានក៏រចង្កូតធ្លាក់ពីលើផ្លូវក្រឡាប់ពីបីត្រឡប់ផ្ងារ​ជើងឡើងលើតែម្ដង ​និង​បណ្ដាលឱ្យអ្នកបើកបររងរបួសធ្ងន់ ត្រូវអ្នកភូមិនាំគ្នាគាស់យកចេញពីរថយន្តបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យជីភូ នេះសំណាងល្អមិនបង្កឱ្យគ្រោះថ្នាក់ដល់អ្នកដទៃ ។

សូមបើកបរដោយការប្រុងប្រយ័ត្នទាំងអស់គ្នា ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ