ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​តៃវ៉ាន់​រៀប​ចំ​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ខណ្ឌ និង​រដ្ឋ​ធានី​ក្រោម​សម្រែក​កង​រំពង​នៃ​យន្ត​ហោះ​ និង​នាវា​ចម្បាំង​ចិន

3 ម៉ោង មុន

ទី​ក្រុង​តៃប៉ិ៖ ថ្ងៃ​នេះ តៃវ៉ាន់​រៀប​ចំ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​ក្រុម​ប្រឹក្សា​​ខណ្ឌ និង​រដ្ឋ​ធានី​​ ក្រោម​សម្រែក​កង​រំពង​នៃ​យន្ត​ហោះ​ចម្បាំង​របស់​កង​ទ័ព​ចិន​ដី​គោក​ដែល​ហ៊ុម​ព័ទ្ធ​កោះ​នេះ​។ សារ​ព័ត៌មាន​របស់​រដ្ឋ​ចិន​ក៏​បាន​ផ្សព្វ​ផ្សាយ​បែប​​ចំអក​ឡក​ឡឺយ​ចំពោះ​បេក្ខ​ជន​មក​ពី​គណ​បក្ស​គ្រប់​គ្រង​ប្រទេស​​​។ នៅ​ក្នុង​ការ​បើក​យុទ្ធ​នា​ការ​ឃោសនា​ដើម្បីប្រកួត​ប្រជែង​យកក្រប​ខណ្ឌ​​ក្រុម​ប្រឹក្សា​ខណ្ឌ និង​ក្រុង​ចំនួន​២២​តំណែង​នៅ​តៃវ៉ាន់​ បេក្ខ​ជន​ប្រកួត​ប្រជែង​​ច្រើន​ផ្ដោត​សំខាន់​លើ​បញ្ហា​មួយ​ចំនួន​ដូច​ជា​មធ្យោ​បាយ​ដឹក​ជញ្ជូន​ និង​បញ្ហា​បរិស្ថាន​។

​គេ​រំពឹង​ថា​​លទ្ធ​ផល​ឆ្នោត​​នឹង​ដឹង​នៅ​ក្បាល​ព្រលប់​ថ្ងៃ​នេះ។ មែន​ទែន​ទៅ​ ការ​បោះ​ឆ្នោត​នេះ​​មិន​ពាក់​ព័ន្ធ​នឹង​​​គោល​នយោបាយ​របស់​ប្រទេស​ចិន​ដោយ​ផ្ទាល់​​​ទេ​ ប៉ុន្តែ​រដ្ឋាភិបាល​​ទី​ក្រុង​ប៉េកាំង​​​នៅ​តែ​ថ្លឹង​ថ្លែង​ចំពោះបញ្ហា​នេះ ហើយ​នៅតែ​បន្ត​ដាក់​សម្ពាធ​យោធា​ទៅ​លើ​កោះ​តៃវ៉ាន់​​ជា​និច្ច​​។ ចិន​ប្រកាស​ថ្កោល​ទោស​លោក​ពូម៉ា​ស៊ឹន (Puma Shen) ដែល​ជា​បេក្ខ​ជន​មក​ពី​គណ​បក្ស​ប្រជា​ធិប​តេយ្យ​ច​ម្រើន​ដែល​កំពុង​កាន់​អំណាច​សព្វ​ថ្ងៃ​។ លោក​ស៊ឹន​ត្រូវ​សមត្ថ​កិច្ច​ចិន​ប្រកាស​តាម​ចាប់​ខ្លួន​ពី​បទ​ «ចង់​​​ផ្ដាច់​ទឹក​ដី​»​។ លោក​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថា​​ប៉ូលិស​នៅ​ចិន​ពុំ​ដែល​ទាក់​ទង​ទៅ​រក​លោក​ម្ដង​ណា​​ឡើយ​​។

​លោក​យល់​ថា​ទោះបី​បេក្ខ​ជន​រូប​ណា​ទទួល​ជ័យ​ជម្នះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នេះ​​​ ​ក៏​វា​ជា​ជ័យ​ជម្នះរួម​​សម្រាប់​លទ្ធិ​ប្រជា​ធិប​តេយ្យ​នៅ​កោះ​តៃវ៉ាន់​ដើម្បី​ទប់​ទល់​​នឹង​ការ​ដាក់​សម្ពាធ​ពី​សំណាក់​ប្រទេស​ចិន​។ កាល​ពី​ម្សិល​មិញ សារ​ព័ត៌​មាន​របស់​រដ្ឋ​ចិន​បើក​យុទ្ធ​នា​ការ​វាយ​ប្រហារ​លោក​ស៊ឹន​យ៉ាង​ចាស់​ដៃ​ និង​ចោទ​ប្រកាន់​ថា​លោក​​ទទួល​លុយ​ពី​អាមេរិក​, អាមេរិក​កំពុង​អនុវត្ត​យុទ្ធ​នា​ការ​សម្ងាត់​ដើម្បី​ជ្រៀត​ជ្រែក​នៅ​ក្នុង​ការ​បោះឆ្នោត​។ល។ ក្រុម​របស់​លោក​ស៊ឹន​ថ្លែង​ថា​ពួក​គេ​មិន​ទាន់​អាច​ធ្វើ​អត្ថា​ធិប្បាយ​បាន​ទេ​ ហើយ​ត្រូវ​រង់​ចាំ​រហូត​ដល់​ចប់​ការ​បោះ​ឆ្នោត​នៅ​​​នៅ​ម៉ោង​៤​ល្ងាច​​សិន​។ ថ្លែង​ទៅ​កាន់​អ្នក​សារ​ព័ត៌​មាន​ក្រោយ​ពេល​បោះ​ឆ្នោត​រួច​ លោ​កស៊ឹន​មិន​បាន​និយាយ​ពាក់​ព័ន្ធ​នឹង​ប្រទេស​ចិន​ទេ​។ ប៉ុន្តែ​លោក​និយាយ​អំពី​ការ​ទទួល​ទាន​ដំណេក​ ការ​បរិភោគ​អាហារ​ពេល​ព្រឹក​ និង​អាកាស​ធាតុ​ល្អ​នៅ​ថ្ងៃ​នេះ​។


គូ​ប្រជែង​ដ៏​ធំ​របស់​លោក​ស៊ឹន​គឺ​អភិបាល​នៃ​គណៈ​អភិបាល​ទី​​ក្រុង​តៃប៉ិ លោក​ឆៀង​វ៉ាន់​អាន (Chiang Wan-an) មក​ពី​គណ​បក្ស​កួក​មីង​តាំង​។ ក្រុម​របស់​លោក​ក៏​មិន​ទាន់​ធ្វើ​អត្ថា​ធិប្បាយអ្វី​ទេ​ពាក់​ព័ន្ធ​នឹង​ការ​ផ្សព្វ​ផ្សាយ​របស់​សារ​ព័ត៌​មាន​រដ្ឋ​ចិន​។ ក្រសួង​ការ​ពារ​ជាតិ​តៃ​វ៉ាន់​រាយ​ការណ៍​កាល​ពី​ព្រឹក​មិញ​ថា​ខ្លួន​ពិនិត្យ​ឃើញ​យន្ត​ហោះ​ចម្បាំង​ចិន​៣៣​គ្រឿង​បើក​ក្រវែល​កោះនេះ​​ អម​ដោយ​នាវា​ចម្បាំង​៨​គ្រឿង​។ ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ថ្នាក់​មូល​ដ្ឋាន​កាល​ពី​៤​ឆ្នាំ​មុន គណ​បក្ស​កួក​មីង​តាំង​យក​ឈ្នះ​គណ​បក្ស​ប្រជា​ធិប​តេយ្យ​ចម្រើន​ និង​ដណ្ដើម​បាន​សមាជិក​ក្រុម​ប្រឹក្សា​ខណ្ឌ និង​ក្រុង​ចំនួន​១៤​អាសនៈ​ ទល់​នឹង​គណ​បក្ស​ប្រជា​ធិប​តេយ្យ​ចម្រើន​បាន​៥​អាសនៈ​។​ រីឯ​គណ​បក្ស​ដទៃ​ទៀត​ទទួល​បាន​៣​អាសនៈ​៕​ ប្រភព៖ Reuters