ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​ផ្លូវដែក​ល្បឿន​លឿន​ភ្នំពេញ​-​ប៉ោយ​ប៉ែ​ត​ដូច​ជា​ស្ងាត់ឈឹង​!

2 ឆ្នាំ មុន

គម្រោង​កសាង​ផ្លូវដែក​ល្បឿន​លឿន​ភ្នំពេញ​-​ប៉ោយ​ប៉ែ​ត ដែល​ផ្ទុះ​ការ​ចាប់អារម្មណ៍​កាលពី​ចុងឆ្នាំ​២០២២ មក​ដល់​ពេល​នេះ​ហាក់​មិន​ទាន់​មាន​ពន្លឺ​នៅឡើយ​ទេ ស្រប​ពេល​ដែល​ប្រទេស​នានា​នៅ​ក្នុង​តំបន់​សុទ្ធតែ​ចង់បាន​គម្រោង​កសាង​ផ្លូវដែក​ល្បឿន​លឿន​បែប​នេះ​ដូច​ៗ​គ្នា សូ​ម្បី​តែ​ប្រទេស​ប្រុយ​ណេ​ដែល​តូច​បំផុត​នៅ​ក្នុង​តំបន់ ។ គម្រោង​រថភ្លើង​ល្បឿន​លឿន គឺ​មិន​ដំណើរការ​បាន​លឿន​ដូច​ការ​ចង់បាន​របស់​យើង​ទេ ។ គេ​ក៏​មិន​ទាន់​ច្បាស់​ថា តើ​ពេល​ណា​កម្ពុជា​នឹង​មាន​លុយ ដើម្បី​ធ្វើ​អោយ​សុបិន​មួយ​នេះ​ក្លាយជា​ការ​ពិត​នៅឡើយ​ទេ ។

តាម​ការ​ប្រកាស​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ឲ្យ​ដឹង​ថា គម្រោង​សាងសង់​ផ្លូវដែក​ល្បឿន​លឿន​ភាគ​ខាងជើង ភ្នំពេញ​-​ប៉ោយ​ប៉ែ​ត គ្រោង​ចាយ​ទុន​ប្រមាណ​៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក និង​ប្រើ​ពេល​សាងសង់​ប្រមាណ ៤​ឆ្នាំ ។
គម្រោង​នេះ​បាន​សិក្សា​សមិទ្ធិ​លទ្ធភាព​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ថ្នល់ និង​ស្ពាន​ចិន (CRBC) ដោយ​ផ្ទាល់ និង​តាម​រយៈ​ប្រព័ន្ធ​ពី​ចម្ងាយ​ជាមួយ​ក្រុមការងារ​ជំនាញ​របស់​ក្រុមហ៊ុន​នេះ ។

តាម​រយៈ​ការ​សិក្សា​បឋម​នេះ បាន​បញ្ជាក់​ថា គម្រោង​នេះ​មាន​ប្រវែង​សរុប​ប្រមាណ​៣៨២​គ​.​ម ត្រូវការ​ទុន​វិនិយោគ​ប្រមាណ​ជាង​៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដោយ​រួម​បញ្ចូល​ទាំង​ក្បាល និង​ទូរថភ្លើង​សម្រាប់​ដំណើរការ និង​ប្រើប្រាស់​រយៈពេល​សាងសង់​ប្រមាណ​៤​ឆ្នាំ ។ ផ្លូវ​រថភ្លើង​ល្បឿន​លឿន​នេះ មាន​ខ្នាត​ទទឹង​ប្រវែង​១.៤៣៥ ម​ម ល្បឿន​សម្រាប់​ធ្វើ​ចរាចរណ៍ គឺ ១៦០​គ​.​ម នៅ​ក្នុង​មួយ​ម៉ោង និង​មាន​ស្ថានីយ​សរុប​ចំនួន​៣៣ សម្រាប់​ដំណើរការ ដោយ​ស្ថានីយ​ចំនួន​១៩ ក្នុង​ផែនការ​រយៈពេល​ខ្លី និង​គ្រោង​បន្ថែមចំនួន​១៤​ទៀត ក្នុង​ផែនការ​រយៈពេល​វែង ។

ក្នុង​នោះ​ដែរ ខ្សែរ​រថភ្លើង​ត្រូវ​បំពាក់​ប្រភេទ​ក្បាលរថភ្លើង ដែល​ដំណើរការ ដោយ​ថាមពល​អគ្គិសនី ដោយ​មានការ​សាងសង់​ផ្លូវអាកាស​រំលង​កាត់​ទទឹង​ផ្លូវ​ប្រមាណ​ជាង​៣០០​កន្លែង ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ចរាចរណ៍​ត្រង់​ចំណុចប្រសព្វ​ជាមួយ​ផ្លូវថ្នល់ និង​មាន​បែងចែក​ដាច់​ពី​គ្នា​រវាង​ស្ថានីយ​អ្នកដំណើរ និង​ស្ថានីយ​លើកដាក់​ទំនិញ​នៅ​ភូមិសាស្ត្រ រាជធានី​ភ្នំពេញ ។

គម្រោង​លើក​កម្រិត​ផ្លូវ​រថភ្លើង​ភាគ​ខាងជើង ភ្នំពេញ​-​ប៉ោយ​ប៉ែ​ត ឱ្យទៅ​ជា​ផ្លូវ​រថភ្លើង ល្បឿន​លឿន គឺជា​គម្រោង​ដែល​ផ្តោត​ចម្បង​លើ​សេវា​ដឹក​ជញ្ជូន​អ្នកដំណើរ និង​ដឹក​ទំនិញ អន្តរជាតិ រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ ក៏​ដូច​ជា ការ​ដឹក​ជញ្ជូន​អ្នកដំណើរ និង​ទំនិញ​តាម​ខ្សែបណ្ដោយ​ពី​រាជធានី​ភ្នំពេញ​ទៅ​ក្រុង​ប៉ោយ​ប៉ែ​ត ដោយ​ឆ្លងកាត់​ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង​ខេត្តបន្ទាយមានជ័យ ។ គម្រោង​នេះ​នឹង​ក្លាយជា​ផ្លូវដែក​ល្បឿន​លឿន​ស្ដង់ដា​ដំបូង​គេ​បំផុត នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយនឹង​ក្លាយទៅជា​ខ្សែ​ផ្លូវ​ដឹក​ជញ្ជូន​អ្នកដំណើរ និង​ដឹក​ទំនិញ​ដ៏​សំខាន់​ទាំង​នៅ​ក្នុង​ប្រទេស និង​ភ្ជាប់​ទៅ​ក្រៅប្រទេស​ផង​ដែរ​។

គម្រោង​ទាំងនេះ ពិតជា​អស្ចារ្យ​ណាស់ ប្រសិនបើ​កម្ពុជា​ធ្វើ​បាន ប៉ុន្តែ​ហាក់​ស្ងប់ស្ងាត់​មក​ដល់​ពេល​នេះ ហើយ​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​ដឹង​ថា វា​វិវត្តន៍​ទៅ​មុខ​យ៉ាងណា​នៅឡើយ​ទេ ខណៈ​ដែល​គេ​ដឹង​ថា ប្រទេស​នៅ​អាស៊ាន​ផ្សេង​ទៀត គឺ​កំពុង​តែ​កញ្ជ្រោក​ចង់បាន​ផ្លូវដែក​ល្បឿន​លឿន​ដូច​កម្ពុជា​ដែរ ។

ក្រៅពី​ឥណ្ឌូ​នេ​ស៊ី និង ឡាវ ដែល​បាន​ដាក់​ឲ្យ​ដំណើរការ​ផ្លូវដែក​ល្បឿន​លឿន​រួច​ហើយ​នោះ ប្រទេស​នានា​នៅ​អាស៊ាន​កំពុង​ដុតដៃដុតជើង​ចង់បាន​សូ​ម្បី​តែ​ប្រុយ​ណេ​ដែល​មាន​ប្រជាជន ត្រឹមតែ​ប្រមាណ​ជា​កន្លះ​លាន​នាក់​ក៏​ចង់បាន​ដែរ ។
ប្រទេស​ថៃ​កំពុង​តែ​ប្រឹងប្រែង​សាងសង់​រថភ្លើង​ល្បឿន​លឿន​ថៃ​-​ចិន​រវាង​ទីក្រុង​បាងកក និង​ខេត្ត​ជាប់​ព្រំដែន​ភាគ​ឦសាន​នៃ​ខេត្ត​ណ​ង​ខៃ ដោយ​ការ​សាងសង់​កំណាត់​ផ្លូវ​ប្រវែង​២៥១​គីឡូម៉ែត្រ​រវាង​ទីក្រុង​បាងកក និង​ខេត្ត​នគររាជ​សីមា​សម្រេច​បាន​ជិត​៤០​ភាគរយ​ហើយ ។ គម្រោង​នេះ​យឺត​ហើយ​ក៏​ប្រទាំង​ប្រទើស​ដែរ ប៉ុន្តែ​គេ​នៅ​តែ​រំពឹង​ថា នឹង​អាច​កសាង​រួច​នៅ​អំឡុង​ឆ្នាំ​២០២៧ ។

ដោយឡែក​គម្រោងការ​កសាង​ផ្លូវដែក​ល្បឿន​លឿន​របស់​ម៉ា​ឡេ​ស៊ី​ភ្ជាប់​ទៅ​សិង្ហ​បុរី​ដែល​បាន​លុប​ចោល​ដោយ​រដ្ឋបាល​ម៉ា​ឡេ​ស៊ី​មុន​នៅ​ពេល​នេះ​ក៏​ហាក់ដូចជា​កំពុង​តែ​ចែចូវ​ឲ្យ​ដំណើរការ​ឡើង​វិញ ។ វៀតណាម​ឯណោះ​វិញ គឺ​ដាក់​ផែនការ​កសាង​ផ្លូវដែក​ល្បឿន​លឿន​នៅ​ក្នុង​ប្រទេស ដែល​មាន​តម្លៃ​រហូត​ដល់​ទៅ​ជាង​៧០ ពាន់​លាន​ដុល្លារ ។

ដោយឡែក​ប្រុយ​ណេ​ឯណោះ​វិញ ទោះបីជា​ប្រទេស​តូច​តែ​ក៏​មាន​ម​ហិ​ច្ឆិ​តា​ដណ្តើម​ឧត្តមភាព ជា​អធិរាជ​ផ្លូវដែក​ល្បឿន​លឿន​មួយ​នៅ​អាស៊ាន​ផង​ដែរ ដោយ​បង្ហើប​នូវ​គម្រោង ដែល​មាន​ប្រវែង​១៦០០ គីឡូម៉ែត្រ​ភ្ជាប់​ទៅ ឥណ្ឌូ​នេ​ស៊ី និង ម៉ា​ឡេ​ស៊ី សូ​ម្បី​តែ​ទៅ​រដ្ឋធានី​ថ្មី​របស់ ឥណ្ឌូ​នេ​ស៊ី គឺ​ទីក្រុង នូ​សាន​តារា ក៏​ជា​គោលដៅ​ត​ភ្ជាប់​ដែរ​នៅ​ក្នុង​ទឹកប្រាក់​រហូត​ដល់​ទៅ​៧០​ពាន់​លាន​ដុល្លារ​ដែរ ។

ផ្អែក​តាម​គម្រោង​ដែល​លើក​ឡើង​ដោយ​ប្រទេស​នានា​នេះ តើ​គម្រោង​ផ្លូវដែក​ល្បឿន​លឿន កម្ពុជា​យើង​សិច​ស៊ី​គ្រប់គ្រាន់ ដើម្បី​ទាក់ទាញ​គម្រោង​វិនិយោគ​ពី​បរទេស​គ្រប់គ្រាន់​ហើយ​ឬ​នៅ ខណៈ​ដែល​ទុន គឺជា​បញ្ហា​ចម្បង​មួយ​ហើយ​ប្រជាប្រិយភាព​នៃ​ការ​ធ្វើ​ដំណើរ​ក៏​ជា​ចំណុច​មួយ​ស្រប​ពេល​ដែល​សុវត្ថិភាព​ក៏​ជា​ចំណុច​ស្នូល ខណៈ​ដែល​រថភ្លើង​រត់​យឺត​ៗ​សោះ គឺ​បាន​កើតហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ជា​បន្តបន្ទាប់​ហើយ​នោះ ៕ ដោយៈ ហេង ចេស្តារ