ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារបើក​វគ្គ​បណ្តុះបណ្តាល​ផ្សព្វផ្សាយ​ ស្តី​ពី​សុវត្ថិភាព​អគ្គិភ័យ ​ដល់​សហគ្រាស គ្រឹះស្ថាន​ ​នៅ​ខេត្តកំពង់ចាម

3 អាទិត្យ មុន

រាជធានី​ភ្នំពេញ ​៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បន្ត​បើក​វគ្គ​បណ្តុះបណ្តាល​ផ្សព្វផ្សាយ​ ស្តី​ពី​សុវត្ថិភាព​អគ្គិភ័យ ដល់​តំណាង​សហគ្រាស គ្រឹះស្ថាន​ នៅ​ជុំវិញ​ខេត្តកំពង់ចាម​ ចំនួន១០៦​នាក់…

រាជធានី​ភ្នំពេញ ​៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បន្ត​បើក​វគ្គ​បណ្តុះបណ្តាល​ផ្សព្វផ្សាយ​ ស្តី​ពី​សុវត្ថិភាព​អគ្គិភ័យ ដល់​តំណាង​សហគ្រាស គ្រឹះស្ថាន​ នៅ​ជុំវិញ​ខេត្តកំពង់ចាម​ ចំនួន១០៦​នាក់ ដែល​រៀបចំ​ធ្វើ​នៅ​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ខេត្តកំពង់ចាម​។

លោក ចេ​ង ហ៊ា​ង ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ខេត្តកំពង់ចាម លើក​ឡើង​ក្នុង​វគ្គ​បណ្តុះបណ្តាល​ នា​ព្រឹក​ថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ​២០២៤ នេះថា បើ​មាន​សហគ្រាស គ្រឹះស្ថាន​ណាមួយ ​មាន​អគ្គិភ័យ​កើតឡើង ច្បាស់​ណាស់​ម្ចាស់​សហគ្រាស គ្រឹះស្ថាន ក៏​ដូ​ជា បុគ្គលិក និង​កម្មករនិយោជិត សុទ្ធតែ​មានការ​ខាតបង់ ដូច្នេះ​សូម​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ​ក្នុង​ការ​ចូលរួម បង្ការ​ទប់ស្កាត់​គ្រោះ​អគ្គិភ័យ ព្រោះ​វា​ជា​គោលបំណង​រួម​របស់​រាជរដ្ឋាភិបាល និយោជក និង​កម្មករនិយោជិត ដើម្បី​ធ្វើការ​អភិវឌ្ឍ សេដ្ឋកិច្ចជាតិសង្គម និង​គ្រួសារ ​។

លោក​ប្រធាន​មន្ទីរ​បន្ត​ថា នា​ឱកាស ​នៃ​ប្រារព្ធ​ទិវា​ជាតិ ពន្លត់​អគ្គិភ័យ ឯកឧត្តម​អភិបាល ​នៃគណៈ​អភិបាលខេត្ត​កំពង់ចាម បាន​ណែនាំ​ដល់​គ្រប់​សហគ្រាស គ្រឹះស្ថាន​ក្នុង​ខេត្ត ត្រូវ​រៀបចំ​ឱ្យ​មាន​សម្ភារៈ ឧបករណ៍ ពន្លត់​អគ្គិភ័យ ពិសេស​រោងចក្រ​ធំ​ៗ ត្រូវ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ ១​គ្រឿង និង​សម្ភារ​​ពន្លត់​អគ្គិភ័យ​ឱ្យ​បាន​គ្រប់គ្រាន់ និង​បង្ហាត់បង្រៀន​អំពី​របៀប​ប្រើប្រាស់​ផង​ដែរ​ ។

ថ្លែង​បើក​វគ្គ​បណ្តុះបណ្តាល​ផ្សព្វផ្សាយ​នោះ​ដែរ លោក ឡេ​ង តុង ប្រធាន​នាយកដ្ឋាន​ពេទ្យ​ការងារ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មាន​ប្រសាសន៍​ថា គ្រោះថ្នាក់​អគ្គិភ័យ អាច​ក្លាយជា​មហន្តរាយ​ធ្ងន់ធ្ងរ ប្រសិនបើ​យើង​មិន​មានការ​គ្រប់គ្រង​ឱ្យ​បាន​ត្រឹមត្រូវ និង​វិធានការ​បង្ការ​ទុកជា​មុន​ដែល​វា​ជា​ផល​ប៉ះពាល់ ដូ​មី​ណូ​។ ជាក់ស្តែង នា​រយៈពេល​ចុង​ក្រោយ​នេះ ករណី​អគ្គិភ័យ​បាន​កើតឡើង​នៅ​ក្នុង​សហគ្រាស គ្រឹះស្ថាន​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ និង​បាន​បង្ក​ឱ្យ​ខូចខាត​ដល់​ទ្រព្យសម្បត្តិ​របស់​សហគ្រាស គ្រឹះស្ថាន​ផង​ដែរ​។

លោក ឡេ​ង តុង បញ្ជាក់​ថា ដោយ​មានការ​យកចិត្តទុកដាក់​ពី​សម្តេច​មហា​បវរ​ធិ​បតី​នាយក​រដ្ឋមន្ត្រី រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​សារាចរ​លេខ​០២​សរ ចុះ​ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ​២០២៤ ស្តី​ពី​វិធានការ​អប់រំ បង្ការ និង​ពន្លត់​អគ្គិភ័យ​ នៅ​តាម​សហគ្រាស គ្រឹះស្ថាន​ក្នុង​វិស័យ​កម្មន្តសាល និង​ឧស្សាហកម្ម​ទេសចរណ៍ និង​ណែនាំ​ដល់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្នុង​ការ​រៀបចំ​ជំរុញ​ការ​ផ្សព្វផ្សាយ និង​លើកកម្ពស់​ការ​យល់​ដឹង​របស់​និយោជក​ជា​ម្ចាស់ ឬ​នាយក​សហគ្រាស គ្រឹះស្ថាន និង​កម្មករនិយោជិត​អំពី​វិធានការ​បង្ការ​អគ្គិភ័យ និង​វិធាន​សុវត្ថិភាព និង​សុខភាព​ការងារ​របស់​កម្មករនិយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន​។ មួយវិញទៀត ដើម្បី​បង្ការ និង​ទប់ស្កាត់​អគ្គិភ័យ សហគ្រាស គ្រឹះស្ថាន ត្រូវ​មានការ​វាយតម្លៃ​ហានិភ័យ​ការងារ ត្រួតពិនិត្យ​ប្រព័ន្ធ​បង្ការ និង​ពន្លត់​អគ្គិភ័យ​ជា​ប្រចាំ ស្រប​តាម​លក្ខណៈ​បច្ចេកទេស​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ