រាជធានីភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីណែនាំដល់គណៈគ្រប់គ្រងតាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ និងឯកជន ទាំងអស់ ដែលរៀបចំកម្មវិធីសង្ក្រាន្ត ត្រូវពង្រឹងការគ្រប់គ្រងសណ្ដាប់ធ្នាប់ អំឡុងពេលរៀបចំកម្មវិធី ពិសេសហាមដាច់ខាត យុវជនលេងបាញ់ទឹក ជះទឹក និងប៉ាតម្សៅ ។
បើតាមសេចក្តីណែនាំ ក្រសួងអប់រំ យុវជន និងកីឡា បានអោយដឹងថា កន្លងមកក្រសួងអប់រំ បានសង្កេតឃើញថា សិស្សានុសិស្សមួយចំនួន នៅតាមគ្រឹះស្ថានមធ្យមសិក្សា បាននិងកំពុងលេងល្បែង ដែលមិនមែនជាល្បែងប្រជាប្រិយខ្មែរ រួមមាន ៖ លេងបាញ់ទឹក ជះទឹក គប់ស្បោង ទឹក លាបម្សៅ ។ល។ ទៅលើគ្នា ទៅវិញទៅមក ដោយគ្មានសណ្តាប់ធ្នាប់ គ្មានរបៀបរៀបរយ គ្មានភាពថ្លៃថ្នូរ ព្រមទាំង គ្មានសុវត្ថិភាព ។
ដើម្បីទប់ស្កាត់ និងចៀសវាង បាតុភាពកើតឡើងជាយថាហេតុ ព្រមទាំងធានាបាននូវភាពថ្លៃថ្នូរ សុខសុវត្ថិភាព ដល់សិស្សានុសិស្ស ក្រសួងអប់រំ យុវជន និងកីឡា សូមណែនាំដល់គ្រប់គ្រឹះស្ថានមធ្យមសិក្សា ដូចខាងក្រោម ៖
១. ហាមឃាត់ជាដាច់ខាត និងទប់ស្កាត់ជាបន្ទាន់រាល់ល្បែងទាំងឡាយណា ដែលមិនមែនជាល្បែង ឬរបាំប្រជាប្រិយខ្មែរ និងល្បែងមួយចំនួនដែលប្រឈមនឹងហានិភ័យ គ្មានសុវត្ថិភាព និងបង្កឲ្យមានគ្រោះថ្នាក់ដូចជាលេងបាញ់ទឹក ជះទឹក គប់ស្បោងទឹក លាបម្សៅ ។ល។
២. គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងក្រុមប្រឹក្សាកុមារ ក្រុមប្រឹក្សាយុវជន ត្រូវរៀបចំបែងចែកការទទួលខុសត្រូវតាមថ្ងៃ តាមវេនដើម្បីជួយសម្របសម្រួល ឲ្យសិស្សានុសិស្សបានចូលរួម លេងល្បែងប្រជាប្រិយខ្មែរ ប្រកបដោយភាពសប្បាយរីករាយ និងមានសុវត្ថិភាព។
៣. ត្រូវយកចិត្តទុកដាក់ក្នុងការថែរក្សាសុខភាព និងអនាម័យចៀសវាងការឆ្លងជំងឺរាតត្បាតផ្សេងៗ។
៤. សហការជិតស្និទ្ធជាមួយមាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស សហគមន៍ អាជ្ញាធរដែនដី ដើម្បីផ្ដល់ និងទទួលព័ត៌មាននានាពាក់ព័ន្ធនឹងសកម្មភាពអវិជ្ជមានផ្សេងៗ ដែលប្រព្រឹត្តដោយសិស្សានុសិស្ស ដើម្បីផ្ដល់ការអប់រំ ណែនាំ និងកែលម្អបានទាន់ពេលវេលា ៕
ចែករំលែកព័តមាននេះ