ទីក្រុងតៃប៉ិ៖ ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីនៅកោះតៃវ៉ាន់កាលពីព្រឹកមិញបានកើនឡើងដល់៩នាក់។ ចំនួននេះគិតតែសាកសពជនរងគ្រោះដែលក្រុមការងារបានជីកកកាយរកឃើញពីគំនរបាក់បែកតែប៉ុណ្ណោះ។ ក្រៅពីនេះ គេជឿជាក់ថាមនុស្សមិនតិចនាក់ទេដែលកំពុងកប់ខ្លួននៅក្រោមគំនរអគារ។ អាជ្ញាធរឱ្យដឹងថាមនុស្ស៨២១នាក់រងរបួសដោយសារគ្រោះរញ្ជួយដីកម្រិត៧,៤រ៉ិចទ័រដែលមានចំណុចចាប់ផ្ដើមពីស្រទាប់ដីជម្រៅ១៨គីឡូម៉ែត្រនៅតំបន់ឆ្នេរសមុទ្រខាងកើត។
គ្រោះរញ្ជួយដីនេះមានសភាពខ្លាំងក្លាមែនទែន មិនធ្លាប់ជួបប្រទះទាល់តែសោះនៅក្នុងរយៈពេល២៥ឆ្នាំចុងក្រោយ។ កម្រិតរញ្ជួយមានសភាពខ្លាំងក្លា ធ្វើឱ្យអគារជាច្រើនរង្គោះរង្គើ ទ្រេតចុះទ្រេតឡើង ឬក៏ឈានដល់ការបាក់រលំតែម្ដង។ នៅតំបន់មាត់សមុទ្រ អាជ្ញាធរព្រមានអំពីលទ្ធភាពនៃការកើតមានរលកយក្សស៊ូណាមី។ ប្រទេសជិតខាងតៃវ៉ាន់ក៏ប្រុងប្រយ័ត្នដូចគ្នា។
គេដឹងថានៅពេលនេះ មនុស្ស៧៧នាក់ទៀតកប់នៅពីក្រោមគំនរបាក់បែក។ បើជួយមិនទាន់ទេមានតែផ្លូវមរណៈ១មុខគត់។ក្រុមអ្នកជួយសង្គ្រោះកំពុងរើកកាយដុំឥដ្ឋ និងបេតុងដោយដៃខ្លះ ដោយគ្រឿងចក្រខ្លះដើម្បីពន្លឿនការស្វែងរក និងជួយសង្គ្រោះ។ ទោះបីដាច់ភ្លើងជាច្រើនម៉ោងហើយក្ដី ប៉ុន្តែមនុស្សរាប់ពាន់គ្រួសារប្រាប់ថាភ្លើងមិនទាន់មកវិញនៅឡើយទេ។
ហេតុការណ៍រញ្ជួយដីកម្រិត៧,៤រ៉ិចទ័រនោះបានផុតរលត់ទៅច្រើនម៉ោងហើយ។ ប៉ុន្តែគេកត់សម្គាល់ថាមានការរញ្ជួយដីតូចៗជាច្រើនករណី។ សេវាដឹកជញ្ជូនតាមរថភ្លើងទូទាំងកោះតៃវ៉ាន់ត្រូវផ្អាកដំណើរការ។ ផ្លូវរថភ្លើងក្រោមដីនៅទីក្រុងតៃប៉ិក៏ត្រូវផ្អាកដូចគ្នា។ ដោយឡែកប្រទេសជប៉ុនដែលស្ថិតនៅឆ្ងាយគួរសមដែរពីកោះតៃវ៉ាន់ក៏ទទួលការរញ្ជួយខ្លះៗដែរ។ ជប៉ុនចេញសេចក្ដីព្រមានឱ្យប្រុងប្រយ័ត្នចំពោះរលកយក្សស៊ូណាមីនៅលើកោះមីយ៉ាកុ និងកោះយេយ៉ាម៉ា នៃខេត្តអូគីណាវ៉ា។
អាជ្ញាធរជប៉ុនថ្លែងថាកាលពីព្រឹកមិញទោះបីមិនដល់ថ្នាក់រលកយក្សក៏ដោយ ក៏ប៉ុន្តែរលកសមុទ្រធំគួរសមដែរ។ បន្ទាប់ពីកញ្ជ្រោកបោកបាចអស់មួយសន្ទុះ រលកសមុទ្រក៏ស្ងប់ស្ងាត់ទៅវិញ។ ដូច្នេះ អាជ្ញាធរក៏ដកចេញសេចក្ដីព្រមានមកវិញ។ នៅហ្វ៊ីលីពីន អាជ្ញាធរទទួលបន្ទុកផ្នែកផែនដីវិទ្យាបានចេញសេចក្ដីព្រមានចំពោះអ្នករស់នៅតំបន់មាត់កំពង់ ឬមាត់សមុទ្រសូមមេត្តារួសរាន់ឡើងទៅឱ្យផុតលើគោក ឬទីទួលសុវត្ថិភាពជាបណ្ដោះអាសន្នដើម្បីជៀសវាងការកើតមានហានិភ័យផ្សេងៗ។
យើងងាកមកចាប់អារម្មណ៍ប្រទេសចិនដែលស្ថិតនៅកៀកនឹងកោះតៃវ៉ាន់ជាងគេ។ សារព័ត៌មានចិនផ្សាយថាអ្នករស់នៅខេត្តហ្វ៊ូជៀន (Fujian) ក៏ទទួលអារម្មណ៍រញ្ជួយខ្លះៗដែរ។ គ្រាន់តែមិនខ្លាំងដល់ថ្នាក់រង្គោះរង្គើផ្ទះសម្បែង ឬស្លាប់មនុស្ស។ ព័ត៌មានចុងក្រោយបង្ហាញថានៅទីក្រុងតៃប៉ិមានការរញ្ជួយតូចៗជាង៥០ករណី។
រហូតដល់ល្ងាចថ្ងៃពុធទើបក្រុមការងារតភ្ជាប់ភ្លើងអគ្គិសនីឡើងវិញបានភាគច្រើន។ អាជ្ញាធរសូមបញ្ជាក់ថារោងចក្រនុយក្លេអ៊ែរពីរកន្លែងសម្រាប់ផលិតថាមពលអគ្គិសនីនៅលើកោះតៃវ៉ាន់មានសុវត្ថិភាពល្អណាស់ គ្មានរងការប៉ះពាល់ពីគ្រោះរញ្ជួយដីកាលពីព្រឹកមិញសូម្បីតែបន្តិច៕
ប្រភព៖ Channel News Asia និងប្រភពដទៃទៀត
https://www.channelnewsasia.com/asia/taiwan-earthquake-hualien-japan-philippines-tsunami-4238601
https://www.independent.co.uk/asia/east-asia/taiwan-earthquake-tsunami-warning-japan-death-toll-latest-b2522439.html
https://news.sky.com/story/power-outages-and-tsunami-alerts-after-strong-earthquake-off-japans-coast-13106914
ចែករំលែកព័តមាននេះ