ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​ធម្ម​នុញ្ញ​ថៃ​យល់​ព្រម​ពិនិត្យ​មើល​សំណើ​សុំ​រំលាយ​បក្ស​ប្រឆាំង

8 ខែ មុន

ទី​ក្រុង​បាងកក​៖ តើ​​​គណ​បក្ស​ប្រឆាំង​នៅ​ប្រទេស​ថៃ​​ ឆ្ពោះ​ទៅ​មុខ (Move Forward) នឹង​មាន​ជោគ​វាសនា​បែប​​ណា? ត្រូវ​តុលា​ការ​សម្រេច​រំលាយ​ ឬ​យ៉ាង​ណា? ​នៅ​ទី​បំផុត​​ តុលាការ​ធម្ម​នុញ្ញ​ថៃ​បាន​​យល់​ព្រម​​​​ពិនិត្យ​មើល​​​សំណើ​របស់​គណៈ​កម្ម​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ដែល​​សូម​​ឱ្យ​រំលាយ​គណ​បក្ស​​ឆ្ពោះ​ទៅ​មុខ​។…

ទី​ក្រុង​បាងកក​៖ តើ​​​គណ​បក្ស​ប្រឆាំង​នៅ​ប្រទេស​ថៃ​​ ឆ្ពោះ​ទៅ​មុខ (Move Forward) នឹង​មាន​ជោគ​វាសនា​បែប​​ណា? ត្រូវ​តុលា​ការ​សម្រេច​រំលាយ​ ឬ​យ៉ាង​ណា? ​នៅ​ទី​បំផុត​​ តុលាការ​ធម្ម​នុញ្ញ​ថៃ​បាន​​យល់​ព្រម​​​​ពិនិត្យ​មើល​​​សំណើ​របស់​គណៈ​កម្ម​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ដែល​​សូម​​ឱ្យ​រំលាយ​គណ​បក្ស​​ឆ្ពោះ​ទៅ​មុខ​។

ចំណាត់​ការ​របស់​គណៈ​កម្ម​ការ​ធ្វើ​ឡើង​បន្ទាប់​ពី​តុលាការ​ចេញ​សេចក្ដី​សម្រេច​កាល​ពីថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០២៤ដែល​​ថា «​ទង្វើ​របស់​គណ​បក្ស​ឆ្ពោះ​ទៅ​មុខ​​​ដែល​ចង់​កែ​ប្រែ​មាត្រា​១១២​ ឬ​ច្បាប់​ដាក់​ទោស​​អ្នក​ប្រមាថ​ព្រះ​រាជា​ជា​ច្រក​ផ្លូវ​ឆ្ពោះ​ទៅ​រក​ការ​ផ្ដួល​រំលំ​របប​រាជា​និយម​ និង​ព្រះ​រាជ​បល្ល័ង្គ​ហើយ​»។

​កាល​ណោះ ​តុលាការ​ឆ្លៀត​ក្រើន​រំលឹក​ថា​គណ​បក្ស​នេះ​ត្រូវ​តែ​បញ្ឈប់​សកម្ម​ភាព​របស់​ខ្លួន​ត្រង់​ចំណុច​នេះ​ជា​បន្ទាន់​បើ​ចង់​សុខ​ខ្លួន​។ ​តាំង​ពី​ពេល​នោះ​មក គណ​បក្ស​ឆ្ពោះ​ទៅ​មុខ​លែង​ហ៊ាន​ធ្វើ​ខ្លាំង​ត​ទៅ​ទៀត​ហើយ​ព្រោះខ្លាច​គេ​រំលាយ​​នាំ​ឱ្យ​គណ​បក្ស​នេះ​ខាត​បង់​ច្រើន​ជាង​ចំណេញ​។ ​ការ​ដែល​តុលាការ​​​ទទួល​យក​សំណើ​​នេះ​មក​ពិនិត្យ​​ជា​សញ្ញា​អាក្រក់​សម្រាប់​​សម្រាប់​គណ​បក្ស​ឆ្ពោះ​ទៅមុខ​។

គណ​បក្ស​នេះ​ធ្លាប់​បាន​បដិសេធ​ជា​ហូរ​ហែ​ថា​ខ្លួន​គ្មាន​ចេត​នា​ទុច្ច​រិត​ធ្វើ​ឱ្យ​ប៉ះ​ពាល់​របបរាជា​និយម​ទេ​។ អ្នក​នាំ​ពាក្យ​គណ​បក្ស​នេះ គឺ​លោក​ភារិទ្ធ​ វ៉ាឆារ៉ាស៊ីនឌូ (Parith Wacharasindhu) ថ្លែង​នៅ​រសៀល​ថ្ងៃ​ពុធ​ថា​គណ​បក្ស​កំពុង​ត្រៀម​​ក្រុម​អ្នក​ច្បាប់​ដើម្បី​តស៊ូ​ក្ដី​នៅ​ក្នុង​តុលាការ​។​ បើ​មុន​នឹង​​គេ​រំលាយ​​គណ​បក្ស​ខ្លួន​ឯង​ចោល​ក៏​ត្រូវ​ខិត​ខំ​ឱ្យ​អស់​ពី​សមត្ថ​ភាព​​ផង​ដែរ​។

គណ​បក្ស​នេះ​ទទួ​លបាន​អាសនៈ​ច្រើន​ជាង​គេ​នៅក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​អ្នក​តំណាង​រាស្ត្រ​​ខែ​ឧសភា ឆ្នាំ​២០២៣។ ប៉ុន្តែ​គណបក្ស​នេះ​មិន​អាច​បង្កើត​រដ្ឋាភិបាល​ថ្មី​​បាន​ទេ​ព្រោះ​សំឡេង​អ្នក​តំណាង​រាស្ត្រ​របស់​គណ​បក្ស​សម្ព័ន្ធ​ភាព​មិន​គ្រប់​គ្រាន់​។ រីឯ​​ក្រុម​អ្នក​គាំទ្រ​របប​យោធា​ និង​របប​រាជា​និយម​នៅ​រដ្ឋ​សភា និង​ព្រឹទ្ធ​សភា​បោះ​ឆ្នោត​ជំទាស់​នឹង​បេក្ខ​ភាពរបស់​​។​​

បើ​តុលាការ​ចេញ​សេចក្ដី​សម្រេច​​គាំទ្រ​សំណើ​របស់​គណៈ​កម្ម​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត, គណ​បក្ស​នេះ​​ត្រូវ​​រំលាយ​ចោល​។ សមាជិក​ជាន់​ខ្ពស់​របស់​បក្ស​ត្រូវ​ដក​សិទ្ធិ​​ធ្វើ​នយោបាយ​រយៈ​ពេល​ជា​ច្រើន​​​ឆ្នាំ​។ ​មាន​ន័យ​ថា​គណ​បក្ស​នេះ​អាច​នឹង​មាន​ជោគ​វាសនា​​មិន​ខុស​ពី​គណ​បក្ស​​ឆ្ពោះ​ទៅ​អនាគត​ដែល​ជា​រៀម​ច្បង​របស់​ខ្លួន​នោះ​ឡើយ​។

ក្រៅ​ពី​ពាក្យ​បណ្ដឹង​នេះ​នៅ​មាន​ពាក្យ​បណ្ដឹង​​ស្រដៀង​គ្នា​​មួយ​ទៀត​ដែល​ផ្ដួច​ផ្ដើម​ឡើង​ដោយ​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​​។ អង្គ​ភាព​បាន​ដាក់​ញត្តិ​ស្នើ​សុំ​​​ឱ្យ​​តុលាការ​ដក​សិទ្ធិ​​​ធ្វើ​នយោបាយ​អស់​មួយ​ជីវិត​ចំពោះ​សមាជិក​ជាន់​ខ្ពស់​ និង​អតីត​អ្នក​តំណាង​រាស្ត្រ​របស់​គណ​បក្ស​ឆ្ពោះ​ទៅ​មុខ​​ចំនួន​៤៤​រូប​៕

ប្រភព៖ Channel News Asia
https://www.channelnewsasia.com/asia/thailand-move-forward-party-court-accept-dissolution-opposition-4239251

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ