ខេត្តសៀមរាប ៖ នគរបាលជំនាញព្រហ្មទណ្ឌខេត្តសៀមរាប កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ បានធ្វើការឃាត់ខ្លួនកម្មករ២នាក់ ពាក់ពន្ធករណីប្រើអំពើហិ.ង្សាធ្វើឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃ ពោល គឺប្រើដុំថ្មគប់បំបែកកញ្ចក់រថយន្តមេការសំណង់ ខឹងមេការបើកលុយឲ្យមិនគ្រប់ទៅតាមតម្លៃពលិកម្ម ។
ជនសង្ស័យម្នាក់ឈ្មោះ អ៊ុង វិសាល ហៅវៀត ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប អ្នកផ្តើមគំនិត និងជាអ្នកបញ្ជា ជននេះធ្លាប់ជាប់ពន្ធនាគារ២ ឆ្នាំ ករណីចាត់ចែង និងប្រើប្រាស់គ្រឿងញៀ.ន ។ ម្នាក់ទៀតឈ្មោះ លាង ម៉េងហុង ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅភូមិឈូកស ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប (ជនដៃដល់ ) ។

សេចក្តីរាយការឲ្យដឹងថា ករណីធ្វើឲ្យខូចខាតដោយចេតនា(យកដុំថ្មគប់កញ្ចក់រថយន្ត)ខាងលើនេះ បានកើតឡើង កាលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ ចំណុចដីឡូត៍ D៤១៩ តំបន់អភិវឌ្ឍន៍រុនតាឯក ស្ថិតក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។ នៅថ្ងៃខែខាងលើជនរងគ្រោះឈ្មោះ ទឹម ណេង ភេទប្រុស អាយុ២៩ឆ្នាំ បានយករថយន្តម៉ាកព្រូស ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ ២AV-១ ៦៩៧ ទៅចតចំហៀងមុខផ្ទះខាងត្បូង លុះដល់បន្តិចក្រោយមកគេបានឃើញជនសង្ស័យពីរនាក់ជិះម៉ូតូឆ្វែលចុះឡើងចំនួន៨ជុំ ដោយឈ្មោះ អ៊ុង វិសាល ហៅវៀត ជាអ្នកបើកម៉ូតូ ខណៈពេលម្ចាស់ចូលក្នុងផ្ទះ ជនសង្ស័យបានធ្វើសកម្មភាពយកដុំថ្មគប់រថយន្តរបស់ជនរងគ្រោះពីខាងក្រោយ បណ្តាលឲ្យបែកកញ្ចក់ទាំងស្រុង ។

បន្ទាប់ពីគុបកញ្ចក់រថយន្តរួចមក ជនសង្ស័យក៏នាំគ្នាជិះម៉ូតូទៅដេកនៅផ្ទះជួលស្ថិតនៅភូមិខ្វៀន សង្កាត់គោកចក ក្រុង. ខេត្តសៀមរាបតែម្តង ។ ពេលទទួលបានព័ត៌មាននោះ ភ្លាមលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត បានសហការជាមួយនគរបាលក្រុងសៀមរាបបានចុះទៅដល់ផ្ទះជួល ដែលជនសង្ស័យកំពុងស្នាក់នៅទីនោះ ក៏បាននាំខ្លួនពួកគេទៅកាន់អធិការដ្ឋាននគរបាលស្រុកបន្ទាយស្រី ដើម្បីធ្វើការសាកសួរតាមជំនាញ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំងពីរនាក់បានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពយកដុំថ្មគប់បំបែកកញ្ចក់រថយន្តរបស់ជនរងគ្រោះប្រាកដមែន មូលហេតុពួកគេខឹងនឹងជនរងគ្រោះ ដែលជាមេជាងសំណង់បើកលុយឲ្យមិនគ្រប់ ។
ដោយយោងទៅលើចម្លើយសារភាព ពាក់ពន្ធបទល្មើសជាក់ស្តែង និងតាមបណ្តឹងរបស់ជនរងគ្រោះ សមត្ថកិច្ចបាន និងកំពុងចាត់ការលើសំណុំរឿងនេះតាមនីតិវិធី ៕
ម្ចាស់ឡាន
ចែករំលែកព័តមាននេះ