ក្បាលម៉ាស៊ីនដឹកនាំព្រឹទ្ធសភាថ្មី សុទ្ធសឹងជើងខ្លាំងខាងការទូត
ព្រឹទ្ធសភាអាណត្តិថ្មី គឺអាណត្តិទី៥នឹងកើតមានឡើងជាផ្លូវការ នៅថ្ងៃទី៣ ខែមេសា ។ គេរំពឹងថា សម្តេចតេជោ ហ៊ុន សែន នឹងក្លាយជាប្រធានព្រឹទ្ធសភា…
ព្រឹទ្ធសភាអាណត្តិថ្មី គឺអាណត្តិទី៥នឹងកើតមានឡើងជាផ្លូវការ នៅថ្ងៃទី៣ ខែមេសា ។ គេរំពឹងថា សម្តេចតេជោ ហ៊ុន សែន នឹងក្លាយជាប្រធានព្រឹទ្ធសភា…
ព្រឹទ្ធសភាអាណត្តិថ្មី គឺអាណត្តិទី៥នឹងកើតមានឡើងជាផ្លូវការ នៅថ្ងៃទី៣ ខែមេសា ។ គេរំពឹងថា សម្តេចតេជោ ហ៊ុន សែន នឹងក្លាយជាប្រធានព្រឹទ្ធសភា ចំណែក លោក ប្រាក់ សុខុន អតីតរដ្ឋមន្ត្រីក្រសួងការបរទេស និងលោក អ៊ុច បូររិទ្ធ សុទ្ធសឹងមានបទពិសោធន៍ ការងារនៅក្នុងវិស័យការទូតនឹងក្លាយជាអនុប្រធានទី១ និងអនុប្រធានទី២ព្រឹទ្ធសភា ។
ប្រភពបានអោយដឹងថា គណបក្សប្រជាជនកម្ពុជាបានស្នើបេក្ខជនទាំងបីរូប សម្រាប់តំណែងប្រធាន និងអនុប្រធានទី១ និងទី ២នៃ ព្រឹទ្ធសភា ។ ដោយសារគណបក្សប្រជាជនកម្ពុជាមានសំឡេងច្រើនលើសលុបនៅក្នុងព្រឹទ្ធសភា ដែលមាន៦២ អាសនៈនោះបេក្ខជនទាំងបីរូបនឹងជាប់ឆ្នោតដោយរលូនអោយក្លាយជាមេដឹកនាំព្រឹទ្ធសភា ។
កាលពីថ្ងៃទី១ ខែមេសា សម្តេច ហ៊ុន សែន បានប្រកាសលាពីរដ្ឋសភា ដែលជាកន្លែងលោកធ្វើតំណាងរាស្ត្រ តាំងពីទសវត្សរ៍ឆ្នាំ៨០មក ។ សម្តេចនឹងចាកចេញពីរដ្ឋសភាជាមួយលោក ប្រាក់ សុខុន ដែលជាសមាជិករដ្ឋសភាដែរ ។ រហូតមកដល់ព្រឹកថ្ងៃទី២ មេសាទើបសម្តេចបានសុំលាលែងជាផ្លូវការពីសមាជិករដ្ឋសភា ជាមួយសហការីរបស់សម្តេច គឺលោក ប្រាក់ សុខុន ។
តាមគម្រោងព្រឹទ្ធសភានីតិកាលទី៥ នឹងបើកសម័យប្រជុំដំបូងរបស់ខ្លួនក្រោមព្រះរាជអធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែមេសា បន្ទាប់មកនៅព្រឹកថ្ងៃទី៤ មេសា មួយថ្ងៃបន្ទាប់ព្រឹទ្ធសភានឹងបោះឆ្នោតជ្រើសតាំងក្បាលម៉ាស៊ីនបន្ថែមទៀតរបស់ខ្លួនជាផ្លូវការ ។
សូមជម្រាបថា ក្នុងចំណោមសមាជិកព្រឹទ្ធសភាចំនួន៦២រូប មាន៥៨ ត្រូវជ្រើសតាំងតាមរយៈការបោះឆ្នោត២រូប ត្រូវចាត់តាំងដោយព្រះមហាក្សត្រ និង២រូបទៀតជ្រើសតាំងដោយរដ្ឋសភាតាមមតិភាគច្រើន។ ព្រះមហាក្សត្របានចាត់តាំងព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ និងសម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ជាសមាជិកព្រឹទ្ធសភា ។
ចំណែកសមាជិកពីររូបទៀតរដ្ឋសភាបានបោះឆ្នោតជ្រើសតាំងលោក សុខ ឥសាន និងលោក ហេង ហាលីម ។ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធ សភានីតិកាលទី៥ បានធ្វើឡើងកាលពីថ្ងៃទី២៥ ខែកុម្ភៈ កន្លងមកនេះដោយគណបក្សប្រជាជនឈ្នះទទួលបានអាសនៈចំនួន៥៥ ចំណែកគណបក្សឆន្ទៈខ្មែរទទួលបាន៣អាសនៈ ។
ជាការកត់សម្គាល់ក្បាលម៉ាស៊ីនដឹកនាំរបស់ព្រឹទ្ធសភាអាណត្តិទី៥នេះ សុទ្ធសឹងជាអ្នកមានបទពិសោធន៍ខាងការទូត ។ សម្តេច ហ៊ុន សែន ក៏ជាអតីតរដ្ឋមន្ត្រីក្រសួងការបរទេសសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា នៅមុខពេលក្លាយជានាយករដ្ឋមន្ត្រី នៅឆ្នាំ១៩៨៥ ។ ចំណែកលោកប្រាក់ សុខុន ជាអតីតរដ្ឋមន្ត្រីក្រសួងការបទេស លោក អ៊ួច បូររិទ្ធ ក៏ជាអ្នកមានបទពិសោធន៍ឆ្អិនឆ្អៅលើការងារទូតនេះ ។
សមភាពក្បាលម៉ាស៊ីព្រឹទ្ធសភាសុទ្ធសឹងជាអ្នកការទូតបែបនេះអាចនឹងធ្វើឱ្យព្រឹទ្ធសភាកម្ពុជា ដើរតួនាទីសំខាន់ នៅក្នុងវិស័យការទូតសភា ។ ខាងស្ថាប័ននីតិប្បញ្ញត្តិ ដែលមានព្រឹទ្ធសភា និងរដ្ឋសភា គេមានវេទិកាអន្តរជាតិជាច្រើនដែរ ដែលជាកិច្ចការទូតសភា ។ ដូច្នេះការតែងតាំងសមភាពអ្នកការទូតដឹកនាំក្បាលម៉ាស៊ីនព្រឹទ្ធសភានេះទំនងមិនមែនជាការចៃដន្យនោះឡើយ។
នៅក្នុងសម័យបច្ចេកវិទ្យានេះ វិស័យការទូតដើរតួនាទីសំខាន់ ។ វិស័យការទូតមិនសំដៅ តែការងាររដ្ឋាភិបាលនោះទេ។ ការទូតមានច្រើនយ៉ាងគ្រប់ដណ្តប់ច្រើនវិស័យមានដូចជាការទូតសេដ្ឋកិច្ច ការទូតកីឡា ការទូតកងទ័ព ការទូតប្រជាជន និងការទូតសភានេះជាដើម ៕ ដោយ សា រ៉ាន់
ចែករំលែកព័តមាននេះ