ប្រជាពលរដ្ឋព្រួយបារម្ភណ៍ខ្លាំងខ្លាចអត់ទឹកស្រោចស្រពស្រូវ ពេលឃើញគេចាក់ដីលុបអាងស្តុកទឹកបុរាណទួលអស់លោកបារាយណ៍អណ្តែត
- ព្រៃវែង
ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋព្រួយបារម្ភណ៍ជាខ្លាំងខ្លាចអត់ទឹកស្រោចស្រពផលដំណាំស្រូវគ្រប់គ្រាន់ ខណៈឃើញក្រុមហ៊ុនឯកជនមួយដឹកជញ្ជូនអាចម៍ដីចាក់លុប «អាងស្តុកទឹកបុរាណទួលអស់លោកបារាយណ៍អណ្តែត» ជាអាងទឹកសាធារណ:របស់ររដ្ឋរាប់ហិកតា រៀបចំគម្រោងពុះដីឡូត៍លក់ ។ ប្រជាពលរដ្ឋបានលើកឡើងប្រហាក់ប្រហែលគ្នាថា អាងស្តុបទឹកបុរាណទួលអស់លោកបារាយណ៍អណ្តែត នេះស្ថិតនៅក្នុងភូមិដូនរឿន នឹងភូមិបារាយណ៍ សង្កាត់បារាយណ៍ ក្រុងព្រៃវែង ខេត្តព្រៃវែង ដែលជាអាងស្តុកទឹកសាធារណ:របស់រដ្ឋមានជម្រៅជ្រៅ ផ្ទៃលាតសន្ឋឹងធំល្វឹងល្វើយរាប់ហិកតាកើតមានឡើងតាំងពីជំនាន់ ប៉ុល ពត មកម្លេះ ។ អាងស្តុកទឹកនេះមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានដីស្រែរាប់រយហិកតានៅព័ទ្ឋជុំវិញអាងស្តុកទឹកបុរាណទួលអស់លោកបារាយណ៍អណ្តែត នេះមានចំនួន៤ភូមិ គឺភូមិដូនរឿន, ភូមិបារាយណ៍កើត, ភូមិបារាយណ៍លិច, នឹងភូមិព្រៃកណ្តៀង ប្រើប្រាស់អាស្រ័យផលដូចជា បូមទឹកស្រោចស្រពផលដំណាំស្រូវគ្រប់ខួបប្រាំងវស្សា ព្រមទាំងនេសាទត្រីលក្ខណៈគ្រួសារចិញ្ចឹមជីវិតប្រចាំថ្ងៃ ។
ប្រភពប្រជាពលរដ្ឋដដែលបន្តថា សកម្មភាពក្រុមហ៊ុនឯកជនចាក់ដីលុបអាងស្តុកទឹកសាធារណៈរបស់រដ្ឋនេះ កើតឡើងជិត ១ឆ្នាំមកហើយ ពួកគាត់ឃើញគ្រឿងចក្រ និងឡានដឹកជញ្ជូនអាចម៍ដីធំៗជាច្រើនសម្រុកធ្វើសកម្មភាពឈូសឆាយដឹកជញ្ជូនចាក់លុបអាងស្តុកទឹកបុរាណសាធារណៈរបស់រដ្ឋយ៉ាងគគ្រឹកគគ្រេងទាំងថ្ងៃទាំងយប់ រហូតមកដល់បច្ចុប្បន្នលុបបានប្រហែលជាង ៥០% ហើយ ។ ប៉ុន្តែពួកគាត់មិនបានដឹងច្បាស់ថា ជាគម្រោងគេអភិវឌ្ឍធ្វើអ្វីច្បាស់លាស់នោះទេ គ្រាន់តែឮល្ហៀងៗ គឺនិយាយតៗគ្នាថា ក្រុមហ៊ុនឯកជនចាក់ដីលុបអាងស្តុកទឹកនេះរៀបចំគម្រោងពុះដីឡូត៍លក់ ។
ឆ្លើយតបជាមួយអ្នកសារព័ត៌មាន លោក ញ៉ែម សៅគ្រី អ្នកនាំពាក្យរងនៃសាលាខេត្តព្រៃវែង បានប្រាប់អោយដឹងតាមទូរស័ព្ទថា ទី ១- ការស្តារនេះធ្វើតាមផែនការរបស់ថ្នាក់ជាតិអោយរដ្ឋបាលខេត្តជីកស្តារអាងស្តុកទឹកទួលអស់លោកនេះអោយមានជម្រៅជ្រៅសម្រាប់ផលប្រយោជន៍បងប្អូនប្រជាពលរដ្ឋប្រើប្រាស់អាស្រ័យផល ។ ទី ២- រក្សាមច្ឆាជាតិអោយបានគង់វង់ ។ ទី ៣- កែសម្រួលអោយមានសោភណ្ឌភាពស្អាតល្អដើម្បីទាក់ទាញភ្ញៀវទេសចរ រដ្ឋបាលខេត្តមិនមានបំណងចាក់ដីលុបប៉ះពាល់ដីកន្លែងទួលអស់លោកនោះទេ ។
ចំណុចនេះប្រជាពលរដ្ឋ សូមចូលរួមអបអរសាទរ តែពលរដ្ឋមានការងឿងឆ្ងល់ថា បើធ្វើការអភិវឌ្ឍដើម្បីប្រយោជន៍រួមមែននោះ ម៉េចក៍អាជ្ញាធរមូលដ្ឋានមិនធ្វើការផ្សព្វផ្សាយអោយបានទូលំទូលាយប្រាប់ប្រជាពលរដ្ឋអោយបានដឹងឮពីគម្រោងអភិវឌ្ឍន៍អាងស្តុកទឹកបុរាណនេះផង ស្រាប់តែឃើញដាក់គ្រឿងចក្រមកគគ្រឹកគគ្រេងសម្រុកដឹកជញ្ជូនអាចម៍ដីចាក់លុបដីក្នុងអាងចូលប្រហែលពាក់កណ្តាលអាងទៅហើយ ។ ក្រោយឃើញមានគ្រឿងចក្រជាច្រើនមកធ្វើសកម្មភាពចាក់ដីចំណុចអាងស្តុកទឹកបុរាណទួលអស់លោកបារាយណ៍អណ្តែតនេះប្រជាពលរដ្ឋដែលមានដីស្រែនៅជុំវិញអាងស្តុកទឹកបុរាណនេះព្រួយបារម្មណ៍ជាខ្លាំង ខ្លាចអត់ទឹកធ្វើស្រូវ ។
ជុំវិញបញ្ហានេះ លោក អន ភារ: អភិបាលរងខេត្ត នឹងជាប្រធានអ្នកនាំពាក្យសាលាខេត្តព្រៃវែង ក៏បានប្រាប់អ្នកសារព័ត៌មានអោយដឹងតាមទូរស័ព្ទដែរថា នេះគឺជាគម្រោងរបស់រដ្ឋបាលខេត្ត ទី ១- ធ្វើគម្រោងអភិវឌ្ឍផ្លូវក្រវ៉ាត់វាងក្រុងព្រៃវែង ទី ២- គម្រោងស្តារអាងអោយជ្រៅសម្រាប់បងប្អូនប្រជាពលរដ្ឋប្រើប្រាស់ទឹកស្រោចស្រពផលដំណាំស្រូវនារដូវប្រាំង ។
ចំណែកលោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង, លោក អេង ផេងអាន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ នឹងសុរិយ៉ាដី ខេត្តព្រៃវែង និងប្រធានមន្ទីរ ធនធានទឹក និងឧតុនិយម ខេត្តព្រៃវែង មិនអាចទំនាក់ទំនងសុំការបំភ្លឺបានទេ ៕














































ចែករំលែកព័តមាននេះ