ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យចំនួន ៥ មានយុវជនស្នើចុះឈ្មោះចូលរៀនច្រើនជាងគេក្នុងកម្មវិធី TVET ១,៥លាននាក់ របស់សម្តេចធិបតី

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ វិស័យចំនួន ៥ ទទួលបានការចាប់អារម្មណ៍ ពីយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងពលរដ្ឋទូទៅ ដើម្បីស្នើសុំចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស…

រាជធានីភ្នំពេញ ៖ វិស័យចំនួន ៥ ទទួលបានការចាប់អារម្មណ៍ ពីយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងពលរដ្ឋទូទៅ ដើម្បីស្នើសុំចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET 1.5M) ។ នេះបើតាមអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី ១៦ ខែវិច្ឆិកានេះ ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា វិស័យធំៗទាំង ៥នោះ រួមមាន ទី ១ វិស័យធុរកិច្ច និងព័ត៌មានវិទ្យា មានអ្នកស្នើចុះឈ្មោះចូលរៀន ២៨ ៣២០នាក់ ទី ២ វិស័យទេសចរណ៍មានអ្នកស្នើចុះឈ្មោះចូលរៀន ២២ ២០៨នាក់ ទី ៣ វិស័យសំណង់មានអ្នកស្នើចុះឈ្មោះចូលរៀន ២១ ៣៣៣នាក់ ទី ៤ វិស័យកសិកម្ម និងកសិ-ឧស្សាហកម្មមានអ្នកស្នើចុះឈ្មោះចូលរៀន ១៧ ៥៣៦នាក់ និងទី ៥ វិស័យសេវាកម្មមានអ្នកស្នើចុះឈ្មោះចូលរៀន ១៧ ២៥៧នាក់ ។

លោកបន្តថា គិតត្រឹមខែកញ្ញាសិស្សស្នើសុំចុះឈ្មោះចូលរៀនមានចំនួន ១៤២ ៩៧៥នាក់ ក្នុងនោះអ្នកមានបណ្ណសមធម៌ ៦០ ៩៣៥នាក់ ។ ចំណែកសិស្សដែលកំពុងរៀនក្នុងកម្មវិធី TVET ១,៥លាននាក់ មានចំនួន ២៤ ០៦២នាក់ សិស្សបានបញ្ចប់ការសិក្សាចំនួន ៦៣ ៦២៧នាក់ និងសិស្សដែលទទួលបានការងារធ្វើមានចំនួន ៣២ ៣០១នាក់ ។ ក្នុងចំណោមសិស្សកំពុងរៀន សិស្សបញ្ចប់ការសិក្សា និងសិស្សដែលទទួលបានការងារធ្វើនេះ អ្នកមានបណ្ណសមធម៌សរុបមានជំនួន ៥៩ ៣៦៧នាក់ ។

ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការងារ បានអំពាវនាវជាថ្មីទៀតដល់យុវជន ជាពិសេសបងប្អូនអតីតពលករដែលត្រឡប់មកពីប្រទេសថៃ សូមចុះឈ្មោះចូលរៀនក្នុងកម្មវិធី TVET 1.5M ដើម្បីមានជំនាញពិតប្រាកដទៅបម្រើការងារនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រនានា ឬអាចយកទៅបង្កើតមុខរបរផ្ទាល់ខ្លួន និងមានជីវភាពល្អប្រសើររួមចំណែករក្សានូវស្ថិរភាពការងារ, កំណើនផលិតភាព អភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា ។

គួររម្លឹកថា កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនក្រុមគោលដៅមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេសចំនួនប្រមាណ ១,៥លាននាក់ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈត្រូវបានផ្ដួចផ្ដើមឡើងដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឆ្នាំ ២០២៣ និងប្រកាសដាក់ឱ្យអនុវត្តដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ ៕ អត្ថបទសហការ