នាយករដ្ឋមន្ត្រីកម្ពុជា ៖ ការអប់រំ និងបណ្តុះបណ្តាល គឺត្រូវធ្វើមួយជីវិត
រាជធានីភ្នំពេញ ៖ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការអប់រំ គឺមិនមែនអប់រំ ១ថ្ងៃ ១២ឆ្នាំ ឬ១៦ឆ្នាំ…
រាជធានីភ្នំពេញ ៖ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការអប់រំ គឺមិនមែនអប់រំ ១ថ្ងៃ ១២ឆ្នាំ ឬ១៦ឆ្នាំ…
រាជធានីភ្នំពេញ ៖ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការអប់រំ គឺមិនមែនអប់រំ ១ថ្ងៃ ១២ឆ្នាំ ឬ១៦ឆ្នាំ ២០ឆ្នាំនោះទេ គឺយើងត្រូវការ នូវការអប់រំមួយជីវិត បណ្តុះបណ្តាលមួយជីវិត ក្នុងនោះគ្រូបង្រៀនក៏ត្រូវតែរៀន សូម្បីតែសម្តេច ដែលជានាយករដ្ឋមន្ត្រី ក៏ត្រូវតែរៀនជារៀងរាល់ថ្ងៃដែរ ដែលវាជាមូលដ្ឋាននៅក្នុងការធានា នូវគុណភាពធនធានមនុស្សរបស់យើងនោះ គឺការអប់រំនេះឯង ជាពិសេសគឺការអប់រំ នៅមូលដ្ឋានគ្រឹះ តែម្តង ។
ការលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២២-២០២៣ និងទិសដៅឆ្នាំសិក្សា ២០២៣-២០២៤ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នារសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤នេះ ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា យោងតាមរបាយការណ៍បូកសរុបលទ្ធផល នៃអង្គសន្និបាត រយៈពេល៣ថ្ងៃនេះ គឺវាមិនខុសគ្នាអីពីការគិតរបស់ប្រជាពលរដ្ឋទូទៅនោះទេ ព្រោះយើងបានចុះស្ទង់មតិរួចហើយថា ពួកគាត់ចង់បានសាលាល្អឱ្យកូនរៀន មានមូលដ្ឋានគ្រឹះរឹងមាំ ចង់បានវិន័យ ចង់បានការរៀន ច្រើនម៉ោង ដើម្បីកុំឱ្យកូនទំនេរច្រើនពេក។ ដូច្នេះអ្វី ដែលជាការចាំបាច់នៅក្នុងការធានាគុណភាពធនធាន មនុស្សនេះ គឺទាល់តែកសាងមូលដ្ឋានគ្រឹះឱ្យបានរឹងមាំ ដែលជាកិច្ចការសំខាន់ ។
សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងថា នៅពេលសម្តេចអញ្ជើញទៅក្រៅប្រទេសសម្តេចតែងតែប្រាប់ទៅបរទេសថា កម្ពុជាបណ្តុះបណ្តាលធនធានមនុស្សបានច្រើនណាស់ ហើយមានលទ្ធភាពអាចចាប់យកបច្ចេកវិទ្យាអ្វីៗបានទាំងអស់។ អ៊ីចឹងការអប់រំរបស់យើងគឺត្រូវតែខ្លាំង ហើយត្រូវបង្រៀន ឬបណ្តុះបណ្តាលធនធានមនុស្សរបស់យើងឱ្យត្រូវតាមជំនាញនីមួយៗ ដែលពួកគាត់ត្រូវទៅបំពេញការងារនាពេលអនាគត ដោយសម្តេចលើកជាឧទាហរណ៍ថា បើគាត់នឹងធ្វើជាអ្នកបញ្ជារ៉ូបូតនៅក្នុងរោងចក្រផលិតរថយន្ត ត្រូវតែបណ្តុះបណ្តាលជំនាញ នៃការបញ្ជារ៉ូបូតដល់គាត់ ដោយមិនត្រូវបណ្តុះបណ្តាលខាងផ្នែកគណនេយ្យដល់គាត់នោះទេ ។
សម្តេចនាយករដ្ឋមន្ត្រី បានបន្តថា កំណែទម្រង់របស់យើងមានច្រើនណាស់ ដោយយើងមិនចាំបាច់ថាត្រូវធ្វើ ១ឆ្នាំឱ្យអស់ ឬ៥ឆ្នាំ ឱ្យអស់នោះទេ ប៉ុន្តែត្រូវតែចាប់ផ្តើមធ្វើវាជាជំហានៗ ដើម្បីជាការឆ្លើយតបទៅនឹងការធានា នូវគុណភាព នៃការបណ្តុះបណ្តាលរបស់យើង ដោយគុណភាពទាំងអស់ ទាំងចំណេះដឹងនៅក្នុងខ្លួន ទាំងឥរិយាបថ ទាំងវិន័យ សីលធម៌ផ្សេងៗ តែសំខាន់បំផុត គឺការដោះស្រាយបញ្ហា ដែលយើងខ្វះខាតនៅចំពោះមុខ ដោយយើងមិនត្រូវអង្គុយរង់ចាំទាល់តែមានអ្វីៗសព្វគ្រប់ទើបបានយើងធ្វើនោះទេ អ្វីដែលមាននៅក្នុងដៃសូមច្នៃធ្វើទៅ ដើម្បីឱ្យសម្រេចបាននូវភារកិច្ចរបស់យើង ។
ជាមួយគ្នានោះដែរ សម្តេចនាយករដ្ឋមន្ត្រី បានសម្តែង នូវការកោតសសើរចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលបានកែលម្អកម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀនមួយចំនួន រួមទាំងវិធីសាស្ត្របង្រៀនថ្មី ដោយក្រសួងបានអនុវត្តកំណែទម្រង់សាលារៀនយ៉ាងសកម្ម សំដៅទទួលបាននូវសាលារៀនល្អ នាយកសាលាល្អ គ្រូបង្រៀនល្អ បរិស្ថានសាលារៀនល្អ និងមានការចូលរួមយ៉ាងផុលផុសពីសំណាក់សហគមន៍ គ្រួសារ និងអ្នកពាក់ព័ន្ធថែមទៀតផង ៕
ចែករំលែកព័តមាននេះ