ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កម្ពុជា​ត្រៀមខ្លួន​ជា​ស្រេច ធ្វើ​ជា​ដៃគូ​យុទ្ធសាស្ត្រ​របស់​ធុរជន និង​វិនិយោគិន ​ដើម្បី​ផលប្រយោជន៍​រួម​សម្រាប់​តំបន់

3 ខែ មុន

រាជធានី​ភ្នំពេញ ​៖ ​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ​នាយក​រដ្ឋមន្ត្រី​ នៃ​កម្ពុជា​ បាន​គូសបញ្ជាក់​ថា កម្ពុជា​ត្រៀមខ្លួន​ជា​ស្រេច ធ្វើ​ជា​ដៃគូ​យុទ្ធសាស្ត្រ​របស់​ធុរជន…

រាជធានី​ភ្នំពេញ ​៖ ​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ​នាយក​រដ្ឋមន្ត្រី​ នៃ​កម្ពុជា​ បាន​គូសបញ្ជាក់​ថា កម្ពុជា​ត្រៀមខ្លួន​ជា​ស្រេច ធ្វើ​ជា​ដៃគូ​យុទ្ធសាស្ត្រ​របស់​ធុរជន និង​វិនិយោគិន ក្នុង​ការ​ចាប់​យក​កាលានុវត្តភាព​សេដ្ឋកិច្ច​ ប្រកបដោយ​ជវភាព​របស់​អាស៊ាន ហើយ​ប្តេជ្ញា​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​រដ្ឋ​ជា​សមាជិក​អាស៊ាន និង​ដៃគូ​សន្ទនា ដើម្បី​កសាង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ប្រកបដោយ​ភាព​ធន់ ចីរភាព បរិ​យា​ប័ន្ន និង​ភាព​ប្រកួតប្រជែង ដើម្បី​ផលប្រយោជន៍​រួម​សម្រាប់​តំបន់ ​។

នា​ព្រឹក​ថ្ងៃ​ទី​២ ខែមេសា ឆ្នាំ​២០២៤ នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល ​ភ្នំពេញ ភូ​គី​ត្រា ក្នុង​រាជធានី​ភ្នំពេញ​ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក «​កិច្ចប្រជុំ​កំពូល​ធុរកិច្ច​កម្ពុជា​-​អាស៊ាន ឆ្នាំ២០២៤» ក្រោម​មូលបទ «​បញ្ចេញ​សក្តានុពល​អាស៊ាន ៖ កា​រត​ភ្ជាប់​បច្ចេកវិទ្យា និង​កំណើន​ប្រកបដោយ​បរិ​យា​ប័ន្ន​» ។

សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី បាន​សម្តែង​ នូវ​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ ជូន​ចំពោះ​គណៈប្រតិភូ​ជាតិ និង​អន្តរជាតិ ដែល​បាន​អញ្ជើញ​មក​កាន់​កម្ពុជា ធ្វើការ​ពិភាក្សា​ក្រោម​មូលបទ «​បញ្ចេញ​សក្តានុពល​អាស៊ាន ៖ កា​រត​ភ្ជាប់​បច្ចេកវិទ្យា និង​កំណើន​ប្រកបដោយ​បរិ​យា​ប័ន្ន​» ដែល​ជា​របៀបវារៈ​ត្រូវ​តាម​កាលៈទេសៈ និង​មាន​មហិច្ឆតា ដើម្បី​ពង្រឹង​ភាព​ជា​ដៃគូ ក្នុង​ការ​លើក​ស្ទួយ​ការ​ជឿនលឿន​នៃ​បច្ចេកវិទ្យា និង​ជំរុញ​សហគមន៍​អាស៊ាន​ឱ្យ​កាន់តែ​មាន​វិបុលភាព និង​សមធម៌ ។ លើស​ពី​នេះ វេទិការ​នេះ ក៏​ជា​សក្តានុពល​ក្នុង​ការ​បង្កើត​ជា​កាតាលីករ សម្រាប់​ការ​បង្កើន​កិច្ចសហការ​ធុរកិច្ច និង​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រជាជាតិ​អាស៊ាន និង​ដៃគូ​សកល និង​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​វិបុលភាព​រួម និង​អនាគត​សេដ្ឋកិច្ច ដែល​មាន​ភាព​ធន់​ជាង​មុន សម្រាប់​គ្រប់​តួអង្គ​ពាក់ព័ន្ធ ។

សម្តេច​នាយក​រដ្ឋមន្ត្រី បាន​បន្ត​ទៀត​ថា កម្ពុជា គឺជា​ដៃគូ​ដ៏​រស់​រវើក និង​ដ៏​ទាក់ទាញ ក្នុង​សហគមន៍​អាស៊ាន ។ ជាមួយ​ទីតាំង​ប្រកបដោយ​ឧត្តមភាព និង​យុទ្ធសាស្ត្រ​របស់​កម្ពុជា ផ្តល់​នូវ​កា​រត​ភ្ជាប់​ដោយ​រលូន និង​បង្កើត​ឱ្យ​មាន​ប្រព័ន្ធ​អេកូឡូស៊ី​នៃ​កិច្ចសហការ ដែល​ផ្តោត​លើ​ការ​ផ្តល់​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក និង​សុខុមាលភាព​រួម នៅ​ទូ​ទាំង​តំបន់ ។

ទន្ទឹម​នេះ សមាជិកភាព​ជា​យុទ្ធសាស្ត្រ​របស់​កម្ពុជា​នៅ​ក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សំខាន់​ៗ ក្នុង​តំបន់ និង​សកលលោក ដូច​ជា តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន RCEP និង WTO ធ្វើ​ឱ្យ​កម្ពុជា​ក្លាយទៅជា​តួអង្គ​ប្រកបដោយ​សមាហរណកម្ម​ខ្ពស់​មួយ នៅ​ក្នុង​ទីផ្សារ​សកល​ដែល​ពោរពេញ​ដោយ​ជវភាព ។ ផលិតផល​ដែល «​ផលិត​នៅ​កម្ពុជា​» ដូច​ជា សម្លៀក​បំពាក់ និង​កង់ មានការ​ទទួលស្គាល់​នៅ​ទូ​ទាំង​សកលលោក​នា​បច្ចុប្បន្ន ដោយសារ​គុណភាព និង​តម្លៃ​ដែល​មាន​ភាព​ប្រកួតប្រជែង ដែល​ការណ៍​នេះ បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​វត្តមាន​កាន់តែ​ខ្លាំង​ឡើង​របស់​កម្ពុជា នៅ​លើ​ទីផ្សារ​សកល ។

លើស​ពី​នេះ កម្ពុជា​ជឿជាក់​យ៉ាង​មុតមាំ​ថា សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ដែល​មាន​ភាពរឹងមាំ ភាព​ធន់ និង​សមាហរណកម្ម អាច​នាំ​មក​នូវ​វិបុលភាព​រួម សម្រាប់​រដ្ឋ​ជា​សមាជិក​ទាំងអស់ ។ ក្នុង​ស្មារតី​នេះ រាជរដ្ឋាភិបាល​កម្ពុជា បាន និង​កំពុង​ជំរុញ​ការ​អនុវត្ត “​យុទ្ធសាស្ត្រ​ប្រទេស​បូក​” (Plus-One Strategy) តាម​រយៈ​ការ​ទាក់ទាញ​ការ​វិនិយោគ ជា​ពិសេស​ក្នុង​ឧស្សាហកម្ម​ដែល​ប្រើ​បច្ចេកវិទ្យា​មធ្យម ឱ្យមក​សាងសង់​រោងចក្រ​នៅ​កម្ពុជា ដើម្បី​ផ្គត់ផ្គង់​គ្រឿងបន្លាស់ ឬ​ផលិតផល​ពាក់កណ្តាល​សម្រេច ទៅ​ឱ្យ​រោងចក្រ​ធំ​ៗ​នៅ​ក្នុង​ប្រទេស​ជិតខាង​ក្នុង​តំបន់​អាស៊ាន ព្រមទាំង​បាន​អនុម័ត ច្បាប់​ស្តី​ពី​ការ​វិនិយោគ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ផ្តល់​ជូន​វិនិយោគិន​នូវ​សក្តានុពល និង​ឧត្តមភាព​ជា​យុទ្ធសាស្ត្រ ដ៏​គួរ​ឱ្យ​ទាក់ទាញ ជាមួយនឹង​ការ​លើកទឹកចិត្ត​ជា​ច្រើន​ដល់​គម្រោង​វិនិយោគ​ក្នុង​វិស័យ​អាទិភាព​សំខាន់​ៗ ។

ជាង​នេះ​ទៀត កម្ពុជា ក៏​បាន និង កំពុងធ្វើការ​វិនិយោគ ជា​យុទ្ធសាស្ត្រ លើ​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ ដែល​ត​ភ្ជាប់​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​រួម​បញ្ចូល​ការ​អភិវឌ្ឍ​ផ្លូវ​លឿន កំពង់​ផែ​ទឹក​ជ្រៅ អាកាសយានដ្ឋាន​អន្តរជាតិ និង​មជ្ឈមណ្ឌល​ឡូ​ជី​ស្ទីក​ទំនើប ជាដើម ដែល​អភិក្រម​គ្រប់​ជ្រុងជ្រោយ​នេះ​នឹង​ជំរុញ​កា​រត​ភ្ជាប់​ក្នុង​តំបន់​ដោយ​រលូន និង​មាន​ប្រសិទ្ធភាព ទៅ​កាន់​ច្រករបៀង​សេដ្ឋកិច្ច​សំខាន់​ៗ​នៅ​កម្ពុជា និង​តំបន់​អាស៊ាន​ទាំងមូល ហើយ​ការ​វិនិយោគ​ជា​យុទ្ធសាស្ត្រ​ទាំងនេះ នឹង​ជំរុញ​ឱ្យ​មានការ​កាត់​បន្ថយ​ចំណាយ​ឡូ​ជី​ស្ទីក និង​បង្កើន​ប្រសិទ្ធភាព​ប្រតិបត្តិការ​នៃ​ធុរកិច្ច ដែល​កំពុង​ប្រតិបត្តិការ​នៅ​កម្ពុជា ដើម្បី​ឱ្យ​ពួក​គេ​អាច​ទាញ​យក​សក្តានុពល​ដ៏​ធំ​ពី​ទីផ្សារ​ក្នុង​តំបន់ ។

ជា​ចុង​ក្រោយ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ធ្វើការ​អះអាង​ថា កម្ពុជា​ត្រៀមខ្លួន​ជា​ស្រេច ធ្វើ​ជា​ដៃគូ​យុទ្ធសាស្ត្រ​របស់​ធុរជន និង​វិនិយោគិន ក្នុង​ការ​ចាប់​យក​កាលានុវត្តភាព​សេដ្ឋកិច្ច​ប្រកបដោយ​ជវភាព​របស់​អាស៊ាន ហើយ​ប្តេជ្ញា​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​រដ្ឋ​ជា​សមាជិក​អាស៊ាន និង​ដៃគូ​សន្ទនា ដើម្បី​កសាង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ប្រកបដោយ​ភាព​ធន់ ចីរភាព បរិ​យា​ប័ន្ន និង​ភាព​ប្រកួតប្រជែង ដើម្បី​ផលប្រយោជន៍​រួម​សម្រាប់​តំបន់ ៕​

អត្ថបទសរសេរ ដោយ