ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ផ្តន្ទាទោសចិនតៃវ៉ាន់២នាក់ដាក់ពន្ធនាគារម្នាក់២០ឆ្នាំ ឯ៥នាក់រួចផុតពីការចោទប្រកាន់

8 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ដូចតាមការកំណត់ កាលពីរសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសជនជាតិចិនតៃវ៉ាន់មួយក្រុម (នៅក្នុងឃុំ) ពាក់ព័ន្ធសំណុំរឿងគ្រឿងញៀនជិត៨០០គីឡូក្រាម…

រាជធានីភ្នំពេញ ៖ ដូចតាមការកំណត់ កាលពីរសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសជនជាតិចិនតៃវ៉ាន់មួយក្រុម (នៅក្នុងឃុំ) ពាក់ព័ន្ធសំណុំរឿងគ្រឿងញៀនជិត៨០០គីឡូក្រាម បម្រុងឆ្លងដែនតាមលំហសមុទ្រទៅកោះតៃវ៉ាន់ ត្រូវបានសមត្ថកិច្ចបង្ក្រាបនៅខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ កាលពីដើមខែសីហា ឆ្នាំ២០២៣ កន្លងទៅ ។

សមាសភាពក្រុមប្រឹក្សាជំនុំជម្រះរួមមាន លោកស សំណាង ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ, លោកហុក ពៅ ជាចៅក្រមប្រឹក្សា, លោក តុប ឈុនសុង ជាចៅក្រមប្រឹក្សា, តំណាងអយ្យការ គឺលោក សុក កែវបណ្ឌិត ឋានៈព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ។ សាលក្រមប្រកាសជាសាធារណៈ ដោយចំពោះមុខជនជាប់ចោទ និងមេធាវីការពារក្ដី ។

ប្រធានក្រុមប្រឹក្សាជំនុំជម្រះបានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសជនជាប់ចោទ២នាក់ ម្នាក់ឈ្មោះ AN CHI WEI ភេទប្រុស អាយុ៣២ឆ្នាំ (ជាមេក្លោង) និងម្នាក់ឈ្មោះ TUAN CHONG YUE ភេទប្រុស អាយុ២៥ឆ្នាំ ជាជនជាតិចិនតៃវ៉ាន់ ដាក់ពន្ធនាគារកំណត់ម្នាក់២០ ឆ្នាំ និងពិន័យជាប្រាក់ចូលថវិការដ្ឋចំនួន៤០លានរៀល ពីបទ.រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារ​ធាតុញៀន ។

ប្រព្រឹត្តនៅផ្ទះវិឡាមួយកន្លែងស្ថិតលើភ្នំ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងចំណុចផ្ទះជួលលេខ៩ និងលេខ១១ ផ្លូវលេខ៣ គម្រោងទី៧ បុរីប៉េងហួត បឹងស្នោ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ កាលពីអំឡុងឆ្នាំ២០២១ ដល់ថ្ងៃទី១ ខែសី ហា ឆ្នាំ២០២៣ និងបទល្មើសសំអាតប្រាក់ ។ ប្រព្រឹត្តនៅព្រះរាជណាចក្រកម្ពុជា កាលពីឆ្នាំ២០២១ ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ ២០២៣ ។

ចំណែក៥នាក់ ១.ឈ្មោះ CHEN CHI HSIANG ភេទប្រុស អាយុ៣៨ ឆ្នាំ ជនជាតិចិនតៃវ៉ាន់ ២.ឈ្មោះ CHEN YI YANG ភេទប្រុស អាយុ៣៥ ឆ្នាំ ជនជាតិចិនតៃវ៉ាន់ ៣.ឈ្មោះ LIAO SHI BO ភេទប្រុស អាយុ៣៥ ឆ្នាំ ជនជាតិចិនតៃវ៉ាន់ ៤.ឈ្មោះ TSAI YUCHING ភេទប្រុស អាយុ៣៦ ឆ្នាំ ជនជាតិចិនតៃវ៉ាន់ និងម្នាក់ស្ថិតនៅក្រៅឃុំ សាលក្រមសម្រេចឱ្យរួចផុតពីបទចោទរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារ​ធាតុញៀន ប្រព្រឹត្តនៅផ្ទះវិឡាមួយកន្លែងស្ថិតលើភ្នំ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងចំណុចផ្ទះជួលលេខ៩ និងលេខ១១ ផ្លូវលេខ៣ គម្រោងទី៧ បុរីប៉េងហួត បឹងស្នោ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២១ ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ ។

សាលក្រមបានទុកសិទ្ធិឱ្យប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ បើសិនភាគីណាមួយមិនសុខចិត្តចំពោះការកាត់ក្ដីនេះ ។ បន្ទាប់ពីសាលក្រមបានប្រកាសចប់សព្វគ្រប់ សាលាដំបូងរាជធានីភ្នំពេញ ក៏បានចេញ សេចក្ដីប្រកាសព័ត៌មានស្ដីពីការផ្តន្ទាទោស និងការប្រកាសទោសបន្ថែមដោយហាមឃាត់ចំពោះការចូល និងការស្នាក់នៅលើដែនដីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះជនបរទេស ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ