ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ខេត្ត​ប៉ៃលិន មមា​ញឹក​ក្នុង​ការ​រៀបចំ​តុបតែងសម្រាប់​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ ឆ្នាំ​២០២៤

3 ខែ មុន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០២៤​នេះ ក្រុមការងារ​រដ្ឋបាល​ខេត្ត​ប៉ៃលិន សហការ​ជាមួយ​យុវជន ស​.​ស​.​យ​.​ក ខេត្ត បាន​ធ្វើការ​រៀបចំ​តុបតែង​កន្លែង​សម្រាប់​លេង​កម្សាន្ត…

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០២៤​នេះ ក្រុមការងារ​រដ្ឋបាល​ខេត្ត​ប៉ៃលិន សហការ​ជាមួយ​យុវជន ស​.​ស​.​យ​.​ក ខេត្ត បាន​ធ្វើការ​រៀបចំ​តុបតែង​កន្លែង​សម្រាប់​លេង​កម្សាន្ត ដើម្បី​អបអរសាទរ​ឱកាស​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ​ខាង​មុខ ខណៈ​ដែល​នៅ​សល់​ត្រឹមតែ​ប៉ុន្មាន​ថ្ងៃ​ទៀតប៉ុណ្ណោះ​។ ហើយ​គេ​សង្ឃឹមថា នឹង​មាន​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ នាំ​គ្នា​ចូល​មក​លេង​កម្សាន្ត​សប្បាយ យ៉ាងច្រើន​កុះករ​នៅ​ក្នុង​ខេត្ត​នេះ​ផង​ដែរ​ ។

ប្រភព​ព័ត៌មាន​ពី​លោក ហុ​ក សុផល អភិបាលរង​ខេត្ត បានឱ្យ​ដឹង​ថា សង្ក្រាន្ត​ប៉ៃលិន នឹង​រៀបចំ​ចាប់ផ្តើម​លេង​នៅ​ថ្ងៃ​ទី​១៣-១៦ ខែមេសា ឆ្នាំ​២០២៤ ហើយ​រដ្ឋបាល​ខេត្ត​ ធ្វើការ​រៀបចំ​ទីតាំង​ចំនួន​៥​កន្លែង ផ្សេង​ៗ​គ្នា ដើម្បី​ញ៉ាំង​កម្មវិធី​លេង​កម្សាន្ត ដូច​ជា បោះអង្គញ់ ទាញព្រ័ត្រ ចោល​ឈូង ល្បែង​ប្រជាប្រិយ ព្រមទាំង​រាំ​លេង​កម្សាន្ត ឱ្យ​សប្បាយ​រីករាយ ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ប៉ៃលិន និង​ភ្ញៀវ​ទេសចរ​ផង​ដែរ​ ។

ប្រភព​បន្ត​ទៀត​ថា ទីតាំង​ទី​១. ស្ថិត​នៅ​បរិវេណ​វិមាន​ឯករាជ្យ​ខេត្ត​ប៉ៃលិន ជាប់​នឹង​សួន​កុមារ ទល់មុខ​សាលាខេត្ត​ប៉ៃលិន ទី​២. ស្ថិត​នៅ​ក្បែរ​មាត់​ស្ទឹង​តា​រាប ក្បែរ​ផ្លូវជាតិ​លេខ​៥៧ ទី​៣. ស្ថិត​នៅ​កន្លែង​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ភ្នំ​យ៉ា​ត ទី​៤. ស្ថិត​នៅ​រមណីយដ្ឋាន​ធម្មជាតិ​ទឹកធ្លាក់​ភ្នំ​ខៀវ និង​ទី​៥. ស្ថិត​នៅ​ក្បែរ​ច្រក​អន្តរជាតិ​ព្រំ ក្នុង​តំបន់​ព្រំដែន​កម្ពុជា​ថៃ ​តែ​ម្តង​ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា រដ្ឋបាល​ខេត្ត​ប៉ៃលិន ក៏​នឹង​រៀបចំ​បោះ​តង់​ស្នាក់​នៅ​នា​ពេល​យប់​ចំនួន​៣​ទីតាំង​ ថែម​ទៀត អាច​ឱ្យ​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ភ្ញៀវ ស្នាក់​នៅ​ដោយ​ឥត​គិតថ្លៃ ដែល​មា​នទី​តាំងទី​១. ស្ថិត​នៅ​ក្នុង​តំបន់​ទឹកធ្លាក់​អូរ​តា​វ៉ៅ ស្ថិត​នៅ​សួន​អាពាហ៍ពិពាហ៍​ខាងក្រោយ​វត្ត​ភ្នំ​យ៉ា​ត និង​ទី​៣. ស្ថិត​នៅ​ក្បែរ​មាត់​ស្ទឹង​ស្ពាន​តារា​ប​។ លើស​ពី​នោះ​ក៏​មាន​សមត្ថកិច្ច​ចាំ​យាម​ការពារ​ទាំង​យប់​ទាំង​ថ្ងៃ រហូត​ដល់ ចប់​បុណ្យចូលឆ្នាំ​ថ្មី​នេះ​តែ​ម្តង​ ។

ចំណែក​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន កំពុង​តែ​ត្រៀម​រៀបចំ​ខ្លួន ដើម្បី​ចូលរួម​លេង​កម្សាន្ត​ក្នុង​កម្មវិធី​ផ្សេង​ៗ ព្រមទាំង​បបួល​នាំ​បងប្អូន ដែល​រស់នៅ​ក្នុង​ខេត្ត​ដទៃ​ទៀត​ឱ្យ​ចូល​មក​លេង​ក្នុង ខេត្ត​ប៉ៃលិន ខណ​:​ដែល​បានឃើញ​រដ្ឋបាល​ខេត្ត​នេះ បាន​រៀបចំ​តុបតែង​យ៉ាង​ល្អ​ផង​ដែរ​ ៕

អត្ថបទសរសេរ ដោយ